កាលពីយប់ថ្ងៃចន្ទ ទី ២១ កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំសម័យប្រជុំអាសន្ន បន្ទាប់ពីប្រទេសរុស្ស៊ី ប្រកាសទទួលស្គាល់ឯករាជភាពតំបន់ ផ្ដាច់ខ្លួននៅអ៊ុយក្រែន ហើយដាក់ពង្រាយទ័ពចូលក្នុងទឹកដីទាំងនោះ។
លោកស្រី រ៉ូស្មែរី ឌីខាឡូ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពបានប្រាប់ក្រុមប្រឹក្សាថា៖ «ហានិភ័យនៃជម្លោះដ៏ធំគឺពិតប្រាកដ ហើយចាំបាច់ត្រូវទប់ស្កាត់»។ លោកស្រីនិយាយថា លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស បានសង្កត់ធ្ងន់ថាការសម្រេចចិត្តរបស់រុស្ស៊ីគឺជាការ «រំលោភលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន» ដែលអាចបង្កផលប៉ះពាល់នៅក្នុងតំបន់ និងពិភពលោក។
សមាជិកភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសសកម្មភាពរបស់ប្រទេសរុស្សុីថា បានរំលោភបូរណភាពទឹកដីប្រទេសអ៊ុយក្រែន។ គួរឱ្យកត់សម្គាល់ប្រទេសចិន និងប្រទេសឥណ្ឌា មិនបានថ្កោលទោសភាគីណាមួយទេ ហើយបានជំរុញឱ្យភាគីទាំងអស់ឱ្យរក្សាភាពស្ងប់ ចៀសវាងសកម្មភាពបង្កើនភាពតានតឹង និងបន្តស្វែងរកមធ្យោបាយការទូត។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោកវ៉ាស៊ីលី នេបេនហ្សីយា និយាយថា ប្រទេសរបស់លោកធ្វើការសម្រេចចិត្តបែបនេះ គឺដើម្បីការពារប្រជាជនក្នុងតំបន់ផ្ដាច់ខ្លួនពីការវាយប្រហាររបស់ប្រទេសអ៊ុយក្រែន។ លោកនិយាយថា៖ «មុខងាររក្សាសន្តិភាពក្នុងទឹកដីនេះនឹងត្រូវអនុវត្តដោយកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី»។
លោកបានចោទប្រកាន់អ៊ុយក្រែនមិនបានបំពេញកាតព្វកិច្ចកសាងសន្តិភាពក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ហើយបានជំរុញឱ្យសមភាគីលោកខាងលិចឱ្យ «ភ្ញាក់ឡើង ដាក់អារម្មណ៍របស់ពួកគេដោយឡែក ហើយកុំធ្វើឱ្យស្ថានការណ៍កាន់តែពិបាក»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី លីនដា ថូមា៉សគ្រីនហ្វៀល ចាត់ទុកការដាក់ពង្រាយ «ទ័ពរក្សាសន្តិសុខរបស់រុស្ស៊ី» គឺមិនសមហេតុសមផល ហើយបាននិយាយសកម្មភាពទាំងនេះនឹងបង្កផលប៉ះពាល់នៅជុំវិញពិភពលោក៕