បន្ទាប់ពីរស់នៅក្នុងជីវិតដ៏ល្អតាមរយៈការអភិវឌ្ឍដ៏ឆាប់រហ័សជាច្រើនឆ្នាំ ដែលបានប្រែក្លាយកោះត្រូពិកហៃណាំឱ្យទៅជារមណីយដ្ឋានដ៏ប្រណីតលោក ចាង ឈី ដែលជាចៅហ្វាយសាខាបក្សកុម្មុយនីស្តចិននៅទីនោះ បានដឹងយ៉ាងច្បាស់ថា ត្រូវធ្វើអ្វីខ្លះនៅពេលរបៀបរស់នៅបែបនេះត្រូវបានបញ្ឈប់។
កាលពីឆ្នាំ ២០១៩ មិត្តរួមការងារ ១ រូប បានឱ្យតម្រុយទៅកាន់លោក ចាង អំពីការចាប់ផ្ដើមនៃការស៊ើបអង្កេតមួយ ដោយគណៈកម្មការកណ្ដាលសម្រាប់ត្រួតពិនិត្យវិន័យ (CCDI) ដែលជាអង្គភាពប្រឆាំងអំពើពុករលួយរបស់គណបក្សកុម្មុយនីស្តចិន។ ១ ថ្ងៃក្រោយមក កូនប្រុសពេញវ័យរបស់លោក ចាង បានប្រញាប់ប្រញាល់ឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសកាណាដា ហើយលោក ចាង បានសម្រេចចិត្តមិនភៀសខ្លួនទេ ដោយសង្ឃឹមថា លោកនឹងអាចឆ្លងកាត់រឿងនេះដោសុវត្ថិភាព។
ក្នុងរយៈពេលជាច្រើនខែបន្ទាប់នេះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានសួរចម្លើយលោក ចាង អំពីទ្រព្យសម្បត្តិរាប់ពាន់ដុល្លាររបស់គ្រួសារលោក ដែលភាគច្រើនបានមកពីឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងការលក់អចលនទ្រព្យនៅលើកោះនេះ។ ក្នុងអំឡុងនៃការសួរចម្លើយ លោក ចាង បានសារភាពកំហុសរបស់លោក ឆ្លើយដាក់កូនប្រុសរបស់លោក ហើយបានបោះបង់សកម្មភាពការពារកូនប្រុសរបស់លោក និងផ្ញើសារជាច្រើន ដើម្បីអំពាវនាវឱ្យកូនប្រុសរបស់លោកវិលត្រឡប់មកវិញ។
រឿងឪពុកបែរមកក្បត់កូនរបស់ខ្លួន ដែលបានចេញផ្សាយលើកញ្ជក់ទូរទស្សន៍ក្នុងភាពយន្តឯកសារ គឺជាចំណុចគូសបញ្ជាក់មួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី ស៊ី ជីនភីង។
លោក ស៊ី បានចូលកាន់អំណាចនៅឆ្នាំ ២០១២។ ភ្លាមៗ លោកបានចាប់ផ្ដើមយុទ្ធនាការប្រឆាំងអំពើពុករលួយក្នុងចំណោម «ខ្លា និងរុយ» ឬមន្ត្រីជាន់ខ្ពស់ និងជាន់ទាបនៃគណបក្ស ដោយមានគោលបំណង ២ យ៉ាងច្បាស់៖ ការបង្ក្រាបអំពើពុករលួយ និងការលុបបំបាត់គូប្រជែង។
១០ ឆ្នាំក្រោយ គេនៅមិនទាន់មើលឃើញទីបញ្ចប់នៃយុទ្ធនាការនេះទេ។ ប្រព័ន្ធនយោបាយចិន គឺរៀបនឹងឈានចូលដំណាក់កាលដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានខែនេះ ដោយលោក ស៊ី ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា បន្តកាន់អំណាចដល់អាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក។ ដំណើរការបន្តនេះ នឹងចាប់ផ្ដើមដោយសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ដែលនឹងចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ហើយនឹងត្រូវបញ្ចប់ដោយសម័យប្រជុំប្រចាំឆ្នាំនៃសមាជគណបក្សកុម្មុយនីស្តចិននៅជិតចុងឆ្នាំនេះ។ បើទោះជាយ៉ាងនេះក៏ដោយ គេនៅមិនទាន់ដឹងផែនការរបស់សម្រាប់ការគ្រប់គ្រងក្នុងអាណត្តិទី៣ របស់លោកទេ ប៉ុន្តែមានសញ្ញាបង្ហាញថា លោកនឹងមិនបញ្ឈប់យុទ្ធនាការប្រឆាំងពុករលួយទេ មានតែពង្រីកបន្ថែមទៀត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង យុទ្ធនាការនេះបានផ្ដោតលើការត្រួតពិនិត្យលើសមាជិកជាង ៩៥ លាននាក់ នៃគណបក្សកុម្មុយនីស្តចិន។ ចាប់តាំងពីពេលនោះមក លោក ស៊ី បានរៀបចំក្របខ័ណ្ឌ ដើម្បីពង្រីកការផ្ដោតរបស់យុទ្ធនាការ។ សេដ្ឋីវិស័យឯកជន ដែលទទួលចំណូលរាប់ពាន់លាន ពីការរីកចម្រើននៃសេដ្ឋកិច្ចចិន គឺជាគោលដៅថ្មីបំផុតនៃការស៊ើបអង្កេត។
លោក ស៊ី និងសម្ព័ន្ធមិត្តរបស់លោកនិយាយថា លោកមានបំណងកម្ចាត់អំពើពុករលួយដ៏រ៉ាំរ៉ៃ ក្នុង «យុគសម័យលម្អដោយមាស» របស់ចិនដែលរួមមានការរីកចម្រើនសេដ្ឋកិច្ចនៅរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ។
ធៀបនឹងមេដឹកនាំមុនៗ យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ស៊ី គឺមិនអាចប្រៀបផ្ទឹមបាន ទាំងទំហំ និងរយៈពេល ដោយបានចាប់ខ្លួនមន្ត្រីជាង ២ លាននាក់ ក្នុងរយៈពេល ១០ ឆ្នាំ។ ចាប់ពីឆ្នាំ ២០១៤ ប្រទេសចិន តាមរយៈប្រតិបត្តិការសម្ងាត់ Fox Hunt និង Sky Net ក៏បានចាប់ខ្លួនជនសង្ស័យជាង ១០ ០០០ នាក់ ដែលបានភៀសខ្លួនទៅប្រទេសជាង ១២០។
មន្ត្រីលោកខាងលិចបាននិយាយថា ប្រតិបត្តិការទាំង ២ នេះ បានប្រើប្រាស់មធ្យោបាយដូចជាការបង្ខិតបង្ខំឱ្យត្រឡប់មកវិញ និងការបញ្ជូនភ្នាក់ងារទៅចាប់ខ្លួនដោយសម្ងាត់នៅដែនដីបរទេស។ កាលពីខែមករា នាយកការិយាល័យស៊ើបអង្កេតរបស់អាមេរិក (FBI) លោក គ្រីស្តូហ្វឺរ ហ្រេ បាននិយាយថា ក្រៅពីមន្ត្រីពុករលួយលោកព្រួយបារម្ភថា ប្រទេសចិន ក៏បានប្រើប្រាស់មធ្យោបាយបែបនេះ ដើម្បីចាប់ខ្លួនគូប្រជែង និងអ្នករិះគន់ផងដែរ។
អាជ្ញាធរចិននិយាយថា នៅមានជនសង្ស័យពុករលួយច្រើននាក់ទៀតនៅភៀសខ្លួននៅបរទេស ហើយនិយាយថា ខ្លួនមិនមានសិទិ្ធពេញលេញ ដើម្បីចាប់ខ្លួនពួកគេ។ ក្នុងឆ្នាំ ២០២០ តែ ១ ជនរត់គេចខ្លួនជាង ១ ៤០០ នាក់ ត្រូវបាននាំយកត្រឡប់ទៅប្រទេសចិនវិញ រួមជាមួយនឹងប្រាក់ពុករលួយលើសពី ៤៥០ លានដុល្លារ នេះបើយោងតាម CCDI។
យោងតាមការសិក្សារបស់សាកលវិទ្យាល័យហុងកុង ទិសដៅពេញនិយមបំផុតសម្រាប់ជនសង្ស័យរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិក កាណាដា នូវែលសេឡង់ និងអូស្ត្រាលី។ ការរត់គេចខ្លួនរបស់ពួកគេ ជាធម្មតាត្រូវបានគ្រោងទុកយ៉ាងល្អ ជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនត្រូវបានលាក់បាំង ផ្ទេរ ឬសម្អាតក្នុងរយៈពេលជាច្រើនឆ្នាំ៕
វីដេអូ៖