ខណៈពេលដែលប្រជាជនចិនចូលរួមអបអរសាទរការឈ្នះមេដាយមាសចំនួន ៩ របស់ក្រុមកីឡាករចិននៅកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង សមាជិកទាំង ៧ រូប នៃគណៈកម្មាធិការអចិន្រៃ្តយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន កំពុងពិចារណាគ្រប់ជ្រុងជ្រោយពីស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីពិភាក្សាអំពីរបៀបដែលទីក្រុងប៉េកាំងអាចឆ្លើយតប។
ក្រុមមន្ត្រីកំពូលៗចិនទាំងនេះយល់ដឹងពីរបៀបដែលបញ្ហានេះ អាចប៉ះពាល់ដល់ប្រទេសខ្លួន ប្រសិនបើដើរផ្លូវខុស ស្របពេលដែល ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នៅតែបន្តភាពមិនចុះញ៉មក្រោមគំនាបទណ្ឌកម្មលោកខាងលិច ហើយបន្តវាយលុកអ៊ុយក្រែន ដែលធ្វើឱ្យកម្ដៅនៃសង្គ្រាមកាន់តែក្ដៅទៅៗ។
ចិនស្ដីបន្ទោសសហរដ្ឋអាមេរិក ចំពោះភាពតានតឹងនៅអ៊ុយក្រែន ហើយធ្វើតាមការដឹកនាំរបស់រុស្ស៊ីក្នុងការហៅសង្គ្រាមថា ជា «ប្រតិបត្តិការយោធាពិសេស» ជំនួសឱ្យការហៅថា «ការឈ្លានពាន» ដូចលោកខាងលិច។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ប្រាប់មន្ត្រីជាន់ខ្ពស់អឺរ៉ុប កាលពីថ្ងៃទី ២៥ ខែកុម្ភៈថា ចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ រួមទាំងអ៊ុយក្រែន ហើយថា រុស្ស៊ី និងអ៊ុយក្រែន គួរដោះស្រាយបញ្ហានេះតាមរយៈការសន្ទនា។
ងាកមកនយោបាយក្នុងស្រុកវិញ ទោះបីមន្ត្រីកំពូលៗចិនទាំង ៧ រូប ហាក់ដូចជាមានភាពស្ងប់ស្ងាត់លើបញ្ហានេះ ប្រភពចិន ១ រូបនិយាយប្រាប់កាសែត Nikkei Asia ជាអនាមិកថា៖ «ការដឹកនាំជាសមូហភាពអាចនឹងត្រឡប់មកវិញ ដោយសារតែបញ្ហាអ៊ុយក្រែន»។
ចាប់តាំងពីក្លាយជាមេដឹកនាំកំពូលរបស់ចិនក្នុងឆ្នាំ ២០១២ លោក ស៊ី ជីនភីង (Xi Jinping) បានរុះរើប្រព័ន្ធដឹកនាំជាសមូហភាពដែលដាក់ឱ្យដំណើរការដោយអតីតមេដឹកនាំលោក Deng Xiaoping ដើម្បីការពារមិនឱ្យមានការគ្រប់គ្រងដោយមនុស្សតែម្នាក់ដូចក្នុងសម័យកាល លោក ម៉ៅ សេទុង (Mao Zedong)។
វាមានសុវត្ថិភាពក្នុងការសន្មតថា ភាពចម្រុះនៃមតិនៅតែមានក្នុងចំណោមមេដឹកនាំកំពូលរបស់ចិន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ វាទំនងជាថា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍មួយចំនួនកំពុងចោទសួរថា តើល្អឬយ៉ាងណាក្នុងការប្រកាន់ខ្ជាប់នូវជំហរចុះចូលជាមួយលោក Putin នាពេលនេះ។
សញ្ញាបែបនេះមួយ បានបង្ហាញខ្លួន ក្នុងការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោក Zhang Jun ក្នុងអំឡុងពេលសម័យប្រជុំបន្ទាន់នៃមហាសន្និបាត កាលពីថ្ងៃចន្ទដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ លោក Zhang ប្រាប់អង្គប្រជុំនាពេលនោះថា៖ «ស្ថានការណ៍បានវិវត្តដល់ចំណុចមួយដែលចិនមិនចង់ឃើញ។ វាមិនមែនជាប្រយោជន៍របស់ភាគីណាមួយទេ»។
លោក Katsuji Nakazawa អ្នកនិពន្ធវិចារណកថា នៃកាសែតជប៉ុន Nikkei Asia សរសេរក្នុងអត្ថបទវិភាគរបស់លោកថា ការលើកឡើងរបស់លោក Zhang មានភាពខុសប្លែកខ្លះពីអ្វីដែលរដ្ឋាភិបាលចិនប្រកាន់ជំហរ ហើយលោកទំនងជាឆ្លុះបញ្ចាំងពីការជំទាស់ក្នុងក្រុមមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិនក៏មិនងាករេក្នុងការគាំទ្រលោក Putin ស្របពេលដែលថា ខ្លួនប្រកាសគោរពអធិបតេយ្យភាពអ៊ុយក្រែន ប៉ុន្តែនោះមិនមែនមានន័យថា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ទាំង ៧ រូប ស្ថិតក្នុងការជាប់គាំងនោះទេ។
អ្នកស្រី Zsuzsa Anna Ferenczy អ្នកជំនាញខាងទំនាក់ទំនងសហភាពអឺរ៉ុប-ចិន និយាយថា៖ «ទីក្រុងប៉េកាំង ធ្វើឱ្យមានតុល្យភាពជំហររបស់ខ្លួន ប៉ុន្តែមិនដែលបាត់បង់ការមើលឃើញពីផលប្រយោជន៍ និងគោលការណ៍របស់ខ្លួនក្នុងដំណើរការនោះឡើយ»។
លោក Nakazawa និយាយថា បញ្ហាធំបំផុតគឺការពង្រឹងភាពជាដៃគូរវាងចិន-រុស្ស៊ី ឱ្យស្របតាមជំហររបស់លោកស៊ី។លោក ស៊ី ចូលចិត្តការធ្វើសេចក្តីសម្រេចចិត្តពីថ្នាក់លើទៅក្រោម ក្នុងនាម «ភាពជាអ្នកដឹកនាំដែលមានលក្ខណៈជាមជ្ឈិម និងឯកភាព»។ ប្រសិនបើគណៈកម្មាធិការអចិន្រៃ្តយ៍បោះឆ្នោតបោះបង់គោលនយោបាយដែលលោកធ្វើការតស៊ូមតិនោះ វានឹងធ្វើឱ្យលោកចាញ់នយោបាយជាចាំបាច់។
លោក Nakazawa និយាយទៀតថា ការធ្លាក់ចុះនៃគោលនយោបាយការបរទេស និងសន្តិសុខអាចធ្វើឱ្យអំណាចរបស់លោក ស៊ី កាន់តែយ៉ាប់យ៉ឺន ដោយបើកផ្លូវសម្រាប់ការផ្លាស់ប្តូរគោលនយោបាយផ្សេងទៀតនៅក្នុងសេដ្ឋកិច្ច និងបញ្ហាសំខាន់ៗផ្សេងទៀត។ ប្រសិនបើសេណារីយោ បែបនេះកើតឡើង វានឹងជះឥទ្ធិពលដល់សមរភូមិនយោបាយក្នុងស្រុកក្នុងសមាជជាតិ បន្ទាប់នៃគណបក្សកុម្មុយនីស្តចិន៕
ហួន ឌីណា
វីដេអូ៖