តុលាការក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ កាត់ទោសមេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexey Navalny ពីបទបោកប្រាស់ និងមើលងាយតុលាការ ឱ្យជាប់ពន្ធនាគារ ៩ ឆ្នាំបន្ថែមទៀត ដែលអ្នករិះគន់លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មើលឃើញថា ធ្វើឡើងដើម្បីបំបិទសំឡេងប្រឆាំងក្រោមហេតុផលនយោបាយ។
រដ្ឋអាជ្ញាបានចោទប្រកាន់លោក Navalny ពីបទបោកប្រាស់ប្រាក់ដែលលោក និងមូលនិធិរបស់លោករៃអង្គាសឡើងក្នុងរយៈពេលជាច្រើនឆ្នាំ ហើយប្រមាថចៅក្រមក្នុងអំឡុងពេលសវនាការមុន។ ប៉ុន្តែលោក Navalny ច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះថាជាការចោទប្រកាន់នយោបាយ។
តុលាការក៏បានសម្រេចផងដែរថា លោក Navalny ត្រូវផ្លាស់ចេញពីជំរំពន្ធនាគារក្បែរទីក្រុងម៉ូស្គូ ទៅកាន់ពន្ធនាគារសុវត្ថិភាពខ្ពស់ ដែលទំនងជានៅឆ្ងាយពីទីក្រុងម៉ូស្គូ។ ក្រុមរបស់លោកនិយាយថា ការសម្រេចនេះនឹងធ្វើឱ្យពួកគេកាន់តែពិបាកក្នុងការចូលពិនិត្យសុខទុក្ខរបស់លោក។
អ្នកនាំពាក្យលោក Navalny លោក Kira Yarmysh និយាយកាលពីថ្ងៃអង្គារថា៖ «ដោយគ្មានការការពារសាធារណៈ Alexey នឹងប្រឈមមុខនឹងអ្នកដែលព្យាយាមសម្លាប់លោក ហើយគ្មានអ្វីនឹងរារាំងពួកគេពីការព្យាយាមម្តងទៀតទេ។ហេតុដូច្នេះហើយ ឥឡូវនេះយើងកំពុងនិយាយមិនត្រឹមតែអំពីសេរីភាពរបស់លោក Alexey ប៉ុណ្ណោះទេ ថែមទាំងអំពីជីវិតរបស់លោកផងដែរ»។ គេមិនច្បាស់ភ្លាមៗទេថាតើលោក Navalny នឹងជាប់ទោសថ្មីក្នុងពេលដំណាលគ្នាជាមួយការកាត់ទោសដែលមានស្រាប់របស់លោក ឬទាល់តែទោសចាស់បញ្ចប់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនូវអ្វីដែលខ្លួនហៅថា «ការកាត់ទោសក្រោមហេតុផលនយោបាយ»។ ក្រសួងនេះ និយាយថា៖ «ការជាប់ពន្ធនាគារនេះគឺជាការបន្តការវាយប្រហារដ៏យូរឆ្នាំរបស់វិមានក្រឹមឡាំងមកលើលោក Navalny និងលើចលនារបស់លោកដើម្បីតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋាភិបាល»។
លោក Navalny ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ ២០២១ ភ្លាមៗនៅពេលលោកត្រឡប់មកពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកសម្រាកព្យាបាលពីការបំពុលថ្នាំដែលលោកចោទវិមានក្រឹមឡាំងរយៈពេល ៥ ខែ។ ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន តុលាការកាត់ទោសលោកឱ្យជាប់គុក ២ ឆ្នាំកន្លះ ជុំវិញការបំពានលើការដោះលែង ដែលផ្តើមចេញពីការកាត់ទោសដែលត្រូវព្យួរឆ្នាំ ២០១៤ នៅក្នុងសំណុំរឿងក្លែងបន្លំ។
បន្ទាប់ពីការជាប់ពន្ធនាគាររបស់ Navalny អាជ្ញាធរបានបញ្ចេញការបង្ក្រាបយ៉ាងធំលើសហការី និងអ្នកគាំទ្ររបស់លោក ទាំងដាក់មូលនិធិផ្សេងៗរបស់លោកឱ្យនៅក្រៅច្បាប់ ថាជាក្រុមជ្រុលនិយម។ កាលពីខែមុន មន្ត្រីរុស្ស៊ីបានបន្ថែមលោក Navalny និងសហការីរបស់លោកមួយចំនួនទៅក្នុងបញ្ជីរដ្ឋនៃក្រុមជ្រុលនិយម និងភេរវករ៕
ហួន ឌីណា