ហុង​គ្រីបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​ត្រៀម​ធ្វើការ​ទូទាត់​ជា​ប្រា​ក់រូ​ប្លិ៍​សម្រាប់​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​ (​ហ្គាស​) ​ពី​រុស្ស៊ី​តាម​ការទាមទារ​របស់​ក្រុង​ម៉ូស្គូ ផ្ទុយទៅនឹង​ជំហរ​រួម​របស់​សហភាព​អឺរ៉ុប​ដែល​ប្រឆាំងនឹង​ការចង់បាន​នេះ​។

​លោកនាយក​រដ្ឋមន្ត្រី Viktor Orban ដែល​ទើប​ជាប់ឆ្នោត​អាណត្តិ​ទី​៤​ កាលពី​សប្ដាហ៍​មុននេះ​បាន​និយាយប្រាប់​ស​ន្និ​សីទ​សារព័ត៌មាន​ថា ហុង​គ្រី​នឹង​ចំណាយ​លើ​ការ​នាំចូល​ហ្គាស​ជា​ប្រាក់​រូ​ប្លិ៍ តាម​ការស្នើ​របស់​រុស្ស៊ី​។

​ការប្រកាស​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ព្រមាន​អឺរ៉ុប​ពី​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ហ្គាស ប្រសិនបើ​មិន​ទូទាត់​ការចំណាយ​ជា​ប្រា​ក់រូ​ប្លិ៍ ដែលជា​ការសង​សឹក​មួ​យ​របស់​ក្រុង​ម៉ូស្គូ​ ទៅនឹង​ទណ្ឌកម្ម​របស់​បស្ចិម​លោកដែល​ខ្លួន​ហៅថា​អមិត្ត​។

​ការត្រៀម​លក្ខណៈ​របស់​ហុង​គ្រី​តាម​សម្ដី​របស់លោក Orban ខុសពី​ជំហរ​របស់​គណៈកម្មកា​រ​អឺរ៉ុប​ដែល​និយាយថា អ្នក​ដែលមាន​កិច្ចសន្យា​ទូទាត់​ជា​ប្រាក់​​អឺរ៉ូ ឬ​ដុល្លារ គួរតែ​ប្រកាន់ខ្ជាប់​តាម​កិច្ច​​សន្យា ហើយ​ជំទាស់​ទៅនឹង​ការទាមទារ​របស់​រុស្ស៊ី ទោះបី​ជិត​ដល់កំណត់​ត្រូវ​ទូទាត់​ក្ដី​។

​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijjarto និយាយថា អាជ្ញាធរ​សហភាព​អឺរ៉ុប «​គ្មាន​តួនាទី​» ក្នុង​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ហ្គាស​របស់ខ្លួន​ជាមួយ​រុស្ស៊ី ដែល​ផ្អែកលើ​កិច្ចសន្យា​ទ្វេ​​ភាគី​រវាង​ក្រុមហ៊ុន​រដ្ឋ​ហុង​គ្រី MVM និង​ក្រុម​ហ៊ុន​រុស្ស៊ី Gazprom នោះឡើយ​។​

​ហុង​គ្រី គឺជា​ប្រទេសមួយ​ក្នុងចំណោម​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​ដែល​ច្រានចោល​ទណ្ឌកម្ម​លើ​ការនាំ​ចូល​ថា​ម​​ពល​ប្រឆាំងនឹង​ទីក្រុង​ម៉ូស្គូ ក្នុងការ​ឆ្លើយ​​តប​ទៅនឹង​ការឈ្លានពាន​អ៊ុយ​ក្រែ​ន ខណៈ​លោក Orban ដែល​ស្និទ្ធ​នឹង​រុស្ស៊ី សន្យា​ការពារ​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​សម្រាប់​ប្រទេស​របស់ខ្លួន​។

​ប្រទេស​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ថាមពល​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រយៈពេល​វែង​ថ្មី​កាលពី​ឆ្នាំមុន ដែល​ក្រុមហ៊ុន Gazprom នឹងត្រូវ​ដឹកជញ្ជូន​ឧស្ម័ន ៤,៥ ​ប៊ី​លាន​ម៉ែត្រគុប​ជា​រៀងរាល់ឆ្នាំ​តាម​ការរំពឹងទុក​៕

​ហួន ឌី​ណា

វីដេអូ៖