មេដឹកនាំជាន់ខ្ពស់តាលីបង់ លោក Haibatullah Akhunzada អំពាវនាវដល់សហគមន៍ អន្តរជាតិឱ្យទទួលស្គាល់ការគ្រប់គ្រងរបស់អ៊ិស្លាមនៅអាហ្វហ្គានីស្ថាន ជាសារមួយនៅមុនពិធីបុណ្យ Eid ដោយមិនបានដោះស្រាយបបញ្ហាការអប់រំរបស់ក្មេងស្រីឡើយ។
រដ្ឋាភិបាលដឹកនាំដោយតាលីបង់ មិនទាន់ទទួលស្គាល់ដោយប្រទេសណាមួយនៅឡើយ ចាប់តាំងពីខ្លួនវិលត្រឡប់មកកាន់អំណាចវិញ កាលពីខែសីហា ឆ្នាំ ២០២១ រយៈពេល ២០ ឆ្នាំ ក្រោយពីខ្លួន ត្រូវបានផ្តួលរំលំដោយការឈ្លានពានដឹកនាំដោយអាមេរិក។
លោក Akhunzada បាននិយាយនៅក្នុងសារជាលាយលក្ខណ៍អក្សរមួយ នៅមុនពិធីបុណ្យ Eid al-Fitr ដែលប្រារព្ធនៅចុងបញ្ចប់នៃបុណ្យអ៊ិស្លាមរ៉ាម៉ាដនថា៖ «អាហ្វហ្គានីស្ថានមានតួនាទីសន្តិភាព និងស្ថិរភាពពិភពលោក។
យោងតាមតម្រូវការនេះពិភពលោកគួរតែទទួលស្គាល់ការគ្រប់គ្រងរបស់អ៊ិស្លាមនៅអាហ្វហ្គានីស្ថាន»។
លោក Akhunzada បាននិយាយថា ពិភពលោកក្លាយជា «ភូមិតូច» មួយហើយទំនាក់ទំនងការទូតល្អប្រសើរនឹងជួយដោះស្រាយបញ្ហារបស់ប្រទេសនេះ»។
នៅក្នុងខែមករា នាយករដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថាន លោក Hasan Akhund បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យទទួលស្គាល់ការគ្រប់គ្រងរបស់អ៊ិស្លាមជាផ្លូវការ ខណៈក្រុមតាលីបង់កំពុងប្រឹងប្រែង ដើម្បីបញ្ចប់ភាពឯកោផ្នែកការទូត។
ក្រុមតាលីបង់បានសន្យាគោរពសិទ្ធិស្ត្រី និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ១ ថ្ងៃ ក្រោយពីខ្លួនវិលត្រឡប់មកកាន់អំណាចក្រោយពីរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់លោកប្រធានាធិបតីAshraf Ghani បានដួលរលំ។
ប៉ុន្តែក្រុមនេះ បានប្រឈមនឹងការរិះគន់ ជុំវិញការណែនាំជាថ្មីពីការគ្រប់គ្រងយ៉ាងហ្មត់ចត់ ដែលមិនឱ្យស្ត្រីចូលរួមជីវិតសាធារណៈ ហើយក្រុមនេះត្រូវរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។
លោក Akhunzada មិនបានលើកឡើងពីតម្រូវការអន្តរជាតិ ក្នុងនោះមានការបើកសាលាអនុវិទ្យាល័យសម្រាប់ក្មេងស្រី។ ជំនួសមកវិញ លោកបាននិយាយថា ការទទួលស្គាល់គួរតែកើតឡើងមុន ដើម្បីឱ្យយើងអាចដោះស្រាយបញ្ហារបស់យើងជាផ្លូវការ និងក្នុងស្តង់ដា និងគោលការណ៍ការទូត។
អាមេរិករួមជាមួយនឹងប្រទេសលោកខាងលិចបានបង្កក ទ្រព្យសម្បត្តិអាហ្វហ្គានីស្ថានរាប់ពាន់លានដុល្លារ និងកាត់បន្ថយជំនួយបានបណ្តាលឱ្យសេដ្ឋកិច្ចពឹងលើជំនួយស្ទើរតែដួលរលំទាំងស្រុង។ ជាង ៩០ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថាន កំពុងប្រឈមនឹងការខ្វះស្បៀងអាហារ។
សារបុណ្យ Eid របស់លោក Akhunzada បានកើតឡើង ខណៈប្រទេសនេះត្រូវបានរង្គោះរង្គើដោយសារការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ជាការវាយប្រហារថ្មីបំផុតដែលបានយកសហគមន៍ជនភាគតិច Shia Hazara ជាគោលដៅត្រូវបានអះអាងដោយក្រុម IS។
មនុស្សយ៉ាងតិច ៩ នាក់បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ក្នុងការវាយប្រហារមួយប្រឆាំងអ្នកកាន់សាសនាមូស្លីម Shia នៅទីក្រុង Mazar-i-Sharif ភាគខាងជើង។
លោក Akhunzada មិនបានលើកឡើងអំពីភាពអសន្តិសុខទេ ប៉ុន្តែបាននិយាយថា ប្រទេសនេះអាចបង្កើតកងទ័ពជាតិ និងអ៊ិស្លាមដ៏ខ្លាំងក្លា និងអង្គការស៊ើបយកការណ៍រឹងមាំមួយ។
ប្រទេសជាច្រើននៅសហគមន៍អន្តរជាតិចង់បានជំនួយមនុស្សធម៌ និងការទទួលស្គាល់ដែលត្រូវបានភ្ជាប់ទៅនឹងការស្តារសិទ្ធិរបស់ស្ត្រី។
ស្ត្រីរាប់ម៉ឺននាក់ បានបាត់បង់ការងាររដ្ឋាភិបាលរបស់ពួកគេ ក្រោយពីក្រុមតាលីបង់កាន់កាប់ហើយពួកគេក៏ត្រូវរារាំងមិនឱ្យចេញពីប្រទេស ឬក៏ធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយក៏មិនដែរ បើមិនដូច្នេះទេត្រូវមានសាច់ញាតិភេទប្រុសម្នាក់ទៅជាមួយ។
នៅក្នុងខែមីនា ក្រុមតាលីបង់បានបង្កឱ្យផ្ទុះកំហឹងសកលដោយបានបិទសាលាអនុវិទ្យាល័យសម្រាប់ក្មេងស្រីទាំងអស់ប៉ុន្មានម៉ោង ក្រោយពីអនុញ្ញាតឱ្យបើកឡើងវិញជាលើកដំបូងចាប់តាំងពីពួកគេឡើងកាន់អំណាច។
លោក Akhunzada បាននិយាយថា អាជ្ញាធរកំពុងបើកមជ្ឈមណ្ឌលថ្មីៗ និងសាលាអ៊ិស្លាមសម្រាប់ទាំងការអប់រំសាសនា និងបែបទំនើបឡើងវិញ។
លោកបាននិយាយថា៖ «យើងគោរព និងប្តេជ្ញាចំពោះសិទ្ធិ Sharia របស់បុរសនិងស្ត្រីនៅអាហ្វហ្គានីស្ថាន...មិនប្រើប្រាស់បញ្ហាមនុស្សធម៌ និងផ្លូវអារម្មណ៍ជាឧបករណ៍សម្រាប់ ការបញ្ចប់បញ្ហានយោបាយនោះទេ»។
មេដឹកនាំជាន់ខ្ពស់តាលីបង់ដែលមានមូលដ្ឋាននៅក្នុងទីក្រុងកាន់ដាហារភាគខាងកើតរូបនេះ ក៏បាននិយាយថា រដ្ឋាភិបាលបានប្តេជ្ញាចំពោះសេរីភាពបញ្ចេញមតិយោបល់អនុលោមតាមគុណតម្លៃអ៊ិស្លាម ទោះបីជាសារព័ត៌មានរាប់រយត្រូវបានបិទក្តី ការផ្សព្វផ្សាយតន្ត្រីជាសាធារណៈត្រូវបានហាម និងខ្សែភាពយន្ត និងទូរទស្សន៍ដែលបង្ហាញពីស្ត្រីត្រូវបានគេបិទមិនឱ្យចាក់ផ្សាយ។
លោកត្រូវបានគេជឿថា មានវ័យ ៧០ ឆ្នាំ គឺជាមេដឹកនាំសាសនានៃក្រុមតាលីបង់ចាប់តាំងពីឆ្នាំ ២០១៦។ លោកបានឡើងជំនួស Mullah Akh- tar Mansoor ដែលបានស្លាប់ក្នុងការវាយប្រហារដ្រូនរបស់អាមេរិកនៅក្នុងប្រទេសប៉ាគីស្ថាន៕
វីដេអូ៖