​អ្នកនាំពាក្យ​កងទ័ព​ម្នាក់​បាន​និយាយថា សមាជិក​យ៉ាងតិច​ ១១ ​នាក់​ នៃ​យោ​​ធា​អេ​ហ្ស៊ី​ប​ក្នុងនោះ​មាន​មន្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ប្រដាប់អាវុធ​មួយ​ទៅលើ​ឧបទ្វីប​ស៊ី​ណៃ ដោយបាន​បន្ថែមថា កងកម្លាំង​សន្តិសុខ​បានធ្វើការ​វាយប្រហារ​ភេរវកម្ម​មួយ​ទៅលើ​ស្ថានីយ​បូមទឹក​នៅ​ភាគ​ខាងកើត​ព្រែកជីក Suez​។

​អ្នកនាំពាក្យ​រូបនោះ បាន​បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា បុគ្គលិក​សន្តិសុខ​ ៥​ នាក់ ក៏បាន​រងរបួស​ក្នុងការ​វាយប្រហារ​នោះដែរ​។ «​សមាសភាព​ភេរ​វករ កំពុង​ត្រូវបាន​គេ​តាម​ចាប់ខ្លួន និង​ឡោមព័ទ្ធ​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដាច់ស្រយាល​នៅ​ប្រជុំ​កោះ​ស៊ី​ណៃ​»​។​

​លោក​ប្រធានាធិបតី​ អាប់​ឌែ​ល ហ្វា​ត​-​តា​ហ៍ អែល​ស៊ី​ស៊ី បាន​កាន់ទុក្ខ​ការស្លាប់​របស់​កងទ័ព ដោយបាន​ប្តេជ្ញា​ក្នុងការ​​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​កថា នឹង​បន្ត​ការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម និង ​«​លុប​​បំបាត់​អំពើ​ភេរវកម្ម​» យោធា​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម ​ឬ​ទីតាំង​នៃ​ការវាយប្រហារ​នោះ​ច្បាស់​ទេ ប៉ុន្តែ​អ្នក​​ស្រុក​ស៊ីន​ណៃ​ ២ នាក់ បាន​ប្រាប់​សារ​​ព័ត៌មាន​ AP ​ថា ការវាយប្រហារ​នោះ បាន​កើតឡើង​នៅក្នុង​ទីក្រុង Qantara ​ក្នុង​ខេត្ត Ismailia ដែល​លាតសន្ធឹង​ពី​ព្រែកជីក​ Suez​ ទៅខាង​កើត​។

​មិនទាន់មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ការវាយប្រហារ​មួយ​ក្នុងចំណោម​ការវាយប្រហា​រ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ​កាលពី​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​។

​កាលពី​សប្តាហ៍​មុន​យុទ្ធជន​ដែល​គេ​សង្ស័យថា​ បាន​បំផ្ទុះ​បំពង់​ហ្គាស​ធម្មជាតិ​នៅ​ទីក្រុង Bir al-Abd ​នៅ​ស៊ី​ណៃ​ភាគ​ខាងជើង​ដោយ​បណ្តាលឱ្យ​អគ្គិភ័យ​ឆាបឆេះ ប៉ុន្តែ​មិនបាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ឬ​រងរបួស​ទេ​។

​ប្រទេស​អេ​ហ្ស៊ី​ប កំពុង​ប្រយុទ្ធប្រឆាំង​ក្រុម​ប្រដាប់អាវុធ​ដែល​ស្មោះត្រង់​នឹង ​IS នៅ​ឧបទ្វីប​ស៊ី​ណៃ ដែល​បាន​កើន​​ឡើង​ក្រោយពី​យោធា បាន​ផ្តួលរំលំ​មេដឹកនាំ​មូស្លីម​លោក​ Mohamed Morsi ជា​ប្រធានាធិបតី​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ដំបូង​របស់​ប្រទេស​នេះ ក្នុង​ឆ្នាំ ​២០១២​។

​ក្នុង​ខែសីហា កងទ័ព​បាន​និយាយថា ជន​សកម្មប្រយុទ្ធ ​១៣ ​នាក់​បាន​ស្លាប់ និង​ទាហាន​ ៩​ នាក់ បាន​ស្លាប់​ឬ​រងរបួស​ក្នុងអំឡុង​ការប៉ះទង្គិច​នៅ​ឧបទ្វីប​ស៊ី​ណៃ ​ដោយ​មិនបាន​ចង្អុលបង្ហាញ​ពី​ពេលវេលា​ដែល​បាន​កើតឡើង​នោះទេ​។

​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បំពង់​ដែល​បង្ហូរ​ប្រេង និង​ឧស្ម័ន​អេ​ហ្ស៊ី​ប​ទៅ​ប្រទេសជិតខាង គឺ​អ៊ី​ស្រា​អែល និង​ហ្ស៊​កដា​នី​។​

​នៅក្នុង​ខែវិច្ឆិកា អេ​ហ្សី​ប បាន​ឯកភាពគ្នា​ជាមួយ​អ៊ី​ស្រា​អែល ​ដើម្បី​បង្កើន​ចំនួន​ទាហាន​របស់ខ្លួន​នៅ​ជុំវិញ​ទីក្រុង​រ៉ា​ហ្វា​ហ៍​ជាប់​ព្រំដែន ​ដើម្បី​បង្ក្រាប​ក្រុម​ប្រដាប់​​អាវុធ​។

​ល្បឿន​នៃ​ការវាយប្រហារ​ប្រដាប់​​អាវុធ​នៅ​ស៊ី​ណៃ និង​កន្លែង​ផ្សេងទៀត​បាន​ថយចុះ ជាការ​ផ្លាស់ប្តូរ​មួយ ចាប់​​តាំងពី​ខែកុម្ភៈ ឆ្នាំ​ ២០១៨ នៅពេល​យោធា​បានចាប់ផ្តើម​កិច្ចប្រតិបត្តិការ​ធំ​មួយ​នៅក្នុង​តំបន់ និង​ផ្នែក​ដទៃទៀត​នៃ​ដីសណ្ត​ទន្លេ​នី​ល និង​វាល​ខ្សាច់​នៅតាម​បណ្តោយ​ព្រំ​ខាងលិច​ជាមួយ​ប្រទេស​លី​ប៊ី​។

​ជន​សកម្មជន​ជាង​ ១​ ពាន់​នាក់ និង​បុគ្គលិក​សន្តិសុខ​រាប់សិប​នាក់​បាន​ស្លាប់ ចាប់តាំងពី​ចាប់ផ្តើម​កិច្ចប្រតិបត្តិការ​។ ​នេះ​បើ​យោងតាម​តួលេខ​ផ្លូវការ​។

​ការវាយប្រហារ​ប្រឆាំង​ក្រុម​ប្រដាប់​​អាវុធ​នៅ​ស៊ី​ណៃ បានកើត​ឡើង ដោយ​លាក់បាំង​ពី​ភ្នែក​សាធារណៈ ដោយ​អ្នក​​កាសែត អ្នកស្រុក​ដែល​មិន​រស់នៅ​ទីនោះ និង​អ្នកសង្កេតការណ៍​ត្រូវបាន​រារាំង​មិនឱ្យ​ចូលទៅ​តំបន់​នោះ​។​

​ជម្លោះ​នោះ បានកើត​ឡើង​នៅ​ឆ្ងាយ​ពី​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​ដែល​ស្ថិតនៅ​ចុង​ខាងត្បូង​នៃ​ឧ​ប​ទ្វីប​ស៊ី​ណៃ​៕

វីដេអូ៖