កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះហ្វ៊ីជី ដោយជួបប្រជុំជាមួយនឹងសមភាគីមកពីកោះចំនួន ១០ ផ្សេងទៀត ក្នុងតំបន់ប៉ាស៊ីហ្វិកដូចគ្នា ដែលជាផ្នែកមួយនៃកិច្ចការទូតចិនបង្កឱ្យមានការព្រួយបារម្ភពីលោកខាងលិច ជុំវិញឥទ្ធិពលរបស់ក្រុងប៉េកាំង ក្នុងតំបន់។
កាលពីសប្ដាហ៍មុន មុនជំនួបនេះធ្វើឡើងកិច្ចព្រមព្រៀងមួយ ដែលគ្របដណ្តប់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីការធ្វើពាណិជ្ជកម្មសេរីជាមួយតំបន់ រហូតដល់ការផ្តល់ជំនួយមនុស្សធម៌ និងកូវីដ ១៩ ត្រូវបានបែកធ្លាយ។ កិច្ចព្រមព្រៀងនោះ បានដាក់ចេញនូវចក្ខុវិស័យរបស់ចិនសម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្ដាកោះនៅប៉ាស៊ីហ្វិក ជាពិសេសលើបញ្ហាសន្តិសុខ ដោយចិនស្នើថា ខ្លួននឹងចូលរួមក្នុងការបណ្តុះបណ្តាលប៉ូលិស សន្តិសុខតាមអ៊ីនធឺណិត ផែនទីសមុទ្រដ៏រសើប និងការទទួលបានធនធានធម្មជាតិកាន់តែច្រើន។
ប៉ុន្តែក្រោយបញ្ចប់កិច្ចប្រជុំកាសែត The Guardian បានចុះផ្សាយថា បណ្ដាប្រទេសប៉ាស៊ីហ្វិក ដែលមានវត្តមានក្នុងជំនួប បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំទូលំទូលាយមួយនេះ។ តែលោក វ៉ាង បានជំរុញឱ្យប្រទេសតំបន់ប៉ាស៊ីហ្វិកដដែល កុំឱ្យ «ខ្វល់ខ្វាយខ្លាំងពេក» អំពីគោលបំណងចិន ទោះបីកិច្ចប្រជុំបញ្ចប់ទៅបែបនេះក្ដី។
វត្តមានរបស់ចិននាពេលនេះ ត្រូវបានគេមើលឃើញថា កំពុងតែកើនឡើងយ៉ាងលឿនក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយបង្កការភ័យខ្លាចកាន់តែខ្លាំងដល់បណ្ដាលោកខាងលិច ដែលបារម្ភនឹងលទ្ធភាពបង្កើតមូលដ្ឋានទ័ពណាមួយលើកោះក្នុងតំបន់ ជាពិសេសបន្ទាប់ពីមានកិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មានលម្អិតមួយរវាងរដ្ឋាភិបាលចិន និងកោះសូឡូម៉ុងបានធ្វើឡើង កាលពីខែមេសា។
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី វ៉ាង កាលពីថ្ងៃចន្ទ កាន់តែសបញ្ជាក់ឱ្យឃើញពីល្បឿននៃចាប់យកកិច្ចសហប្រតិបត្តិការរបស់ចិនក្នុងតំបន់ដែលសហរដ្ឋអាមេរិក គឺជាគូប្រកួតប្រជែង។ លោក វ៉ាង និយាយថា មានការចោទសួរពីហេតុផលនៃភាពសកម្មរបស់ចិនក្នុងតំបន់ ហើយចម្លើយនោះ គឺចិនក៏គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត នៅអាហ្វ្រិក អាស៊ី និងបណ្ដាប្រទេសនៅសមុទ្រការ៉ាអ៊ីបផងដែរ។
តែការជួយគាំទ្របែបនេះ ក៏ជាផ្នែកមួយនៃការបង្កើនអំណាចរបស់ខ្លួន ហើយក្រុមអ្នកវិភាគឃើញថា មានហេតុផលមួយចំនួន ដែលអាចឱ្យចិនបន្សាយឥទ្ធិពលលឿនលើបណ្ដាកោះប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន។
ទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ផែនការរបស់ទីក្រុងប៉េកាំង កាន់តែមានមហិច្ឆតា ហើយមើលឃើញកាន់តែច្បាស់ និងមានការបែងចែកកាន់តែច្រើន។ ចិនមិនគ្រាន់តែអង្កេត ដើម្បីឆក់យកឱកាសក្នុងប្រជុំកោះ ដែលគេហៅថា ជាតំបន់យុទ្ធសាស្រ្តក្នុងសង្គ្រាមលោកលើកទី២ សម្រាប់ជប៉ុនប៉ុណ្ណោះទេ តែចិនក៏កំពុងស្វែងរកការចងតំបន់ដ៏ធំនេះជាមួយគ្នាក្នុងកិច្ចព្រមព្រៀង ដើម្បីឱ្យខ្លួនអាចចូលក្នុងដែនដីសមុទ្ររួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខណៈសន្យាថា នឹងអភិវឌ្ឍជាថ្នូរតបទៅវិញ។
ចំណាប់អារម្មណ៍របស់ចិនលើបណ្ដាកោះប៉ាស៊ីហ្វិក ដែលបង្ហាញកាន់តែច្បាស់តាមរយៈឯកសារបែកធ្លាយថ្មីៗជាច្រើន ចាប់ផ្តើមជាមួយអចលនទ្រព្យតាមសមុទ្រ។ ចាប់ពីប៉ាពូអាស៊ី-នូវែលហ្គីណេ រហូតដល់កោះប៉ាលូ ប្រសិនបើចិនអាចបន្ថែមកំពង់ផែ អាកាសយានដ្ឋាន និងច្រកចេញ សម្រាប់ទំនាក់ទំនងផ្កាយរណប វាអាចជួយចិនក្នុងការស្ទាក់ចាប់ទំនាក់ទំនង និងរារាំងផ្លូវដឹកជញ្ជូនជាដើម។
ចិនបានបង្ហាញរួចហើយពីរបៀបការបង្កើតទំនាក់ទំនងឱ្យមានប្រសិទ្ធភាព តាមរយៈការចាប់យក ឬជួយអ្នកនយោបាយ ដែលដឹកនាំប្រទេសក្នុងវិបត្តិជាដើម។ ជាឧទាហរណ៍ជាក់ស្ដែងមួយ កោះសូឡូម៉ុង និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាច្រើន រួមទាំងកិច្ចព្រមព្រៀងសន្តិសុខដែលផ្តល់ឱ្យចិននូវអំណាចក្នុងការបញ្ជូនកងកម្លាំងសន្តិសុខ ដើម្បីលុបបំបាត់ភាពចលាចលក្នុងកោះ ឬការពារការវិនិយោគរបស់ចិនជាដើម។
លោកខាងលិច ចោទចិនថា អាចនឹងបង្កើតមូលដ្ឋានទ័ពតាមរយៈកិច្ចព្រមព្រៀងបិទព័ត៌មាន តែត្រូវចិនច្រានចោលដោយនិយាយថា វាជាការបង្កឱ្យមានអរិភាព ព្រោះកោះដូចជាសាឡូម៉ុង ត្រូវការចិន ដើម្បីស្ដារការចលាចលក្នុងប្រទេស និងផលប្រយោជន៍សេដ្ឋកិច្ច។
សម្រាប់អ្នកសង្កេតការណ៍ជាច្រើន ទិដ្ឋភាពនៅប៉ាស៊ីហ្វិកខាងត្បូងនាពេលនេះ បង្ហាញពីការធ្លាក់ចុះរបស់អាមេរិក។ ទោះមន្ត្រីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនហ្គេមរបស់ខ្លួនក្ដី ក៏ពួកគេនៅតែដើរក្រោយចិនឆ្ងាយ ដោយយល់ច្រឡំសុន្ទរកថា ចំពោះផលប៉ះពាល់ និងផលប្រយោជន៍សម្រាប់ឥទ្ធិពល។
អ្នកវិភាគមួយចំនួននិយាយថា ការសាយភាយឥទ្ធិពលលឿនរបស់ចិន គឺដោយសារតែអវត្តមានរបស់អាមេរិកក្នុងតំបន់ រួមទាំងភាពអសកម្មលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលបន្សល់ទុកពីសង្រ្គាមលោកជាដើម។ អ្នកស្រី Anna Powles សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសិក្សាសន្តិសុខនៅសាកលវិទ្យាល័យ Massey ក្នុងប្រទេសនូវែលសេឡង់ ប្រាប់ទៅកាសែតញូវយ៉កថាមស៍ថា៖ «សហរដ្ឋអាមេរិកមិនសូវជាមានវត្តមានសំខាន់នៅតំបន់ប៉ាស៊ីហ្វិកប៉ុន្មានទេ។ ខ្ញុំតែងតែភ្ញាក់ផ្អើល ដែលក្រុងវ៉ាស៊ីនតោនគិតថា ពួកគេមានវត្តមានដ៏សំខាន់នៅទីនេះ»។
មន្ត្រីអាមេរិកបានបង្ហាញថា សហរដ្ឋអាមេរិកពិតជាមានមូលដ្ឋានយោធាធំនៅកោះហ្គាម រួមនឹងទំនាក់ទំនងដ៏ស្និទ្ធជាមួយប្រទេសផ្សេងទៀត ដូចជាកោះ Marshall ជាដើម។ កាលពីខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក អង់ថូនី ប្លីងកែន បានបំពេញទស្សនកិច្ចនៅកោះហ្វ៊ីជី ហើយប្រកាសថា អាមេរិកនឹងបើកស្ថានទូតនៅកោះសូឡូម៉ុងវិញ និងចូលរួមបន្ថែមទៀតលើបញ្ហា ដូចជាការនេសាទខុសច្បាប់ និងការប្រែប្រួលអាកាសធាតុ។
ប៉ុន្តែខណៈនាយករដ្ឋមន្រ្តីស្តីទីរបស់ហ្វ៊ីជី នៅពេលនោះ លោក Ayaz Sayed-Khaiyum ហៅដំណើរទស្សនកិច្ចថា ជាការវិលវិញរបស់អាមេរិក និងការប្តេជ្ញាចិត្តខាងទស្សនវិជ្ជាដ៏រឹងមាំក្ដី ក៏មានសំណួរថា តើសកម្មភាពបែបនេះគ្រប់គ្រាន់ ឬនៅ?
បើប្រៀបធៀបនឹងវត្តមានក្នុងតំបន់ ឥទ្ធិពលអាមេរិកប្រហែលជាមិនកើនឡើង ដូចចិននោះទេ ខណៈអ្នកវិភាគលើកឡើងបញ្ហាមួយទៀតដែលថា ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ត្រូវការចិនជួយខ្លួន តែមិនស្វាគមន៍នឹងសម័យកាលនៃការប្រកួតប្រជែងរបស់មហាអំណាចនោះទេ។ ប៉ុន្តែអ្វីដែលមើលឃើញនោះគឺថា ចិនអាចផ្ដល់ឱ្យប្រទេសទាំងនោះនូវអ្វីដែលគេចង់បាន។
ខណៈអាមេរិកបង្ហាញនាវាឆ្មាំឆ្នេរសមុទ្រ ដែលខ្លួនប្រើប្រាស់ដើម្បីគ្រប់គ្រងការនេសាទខុសច្បាប់ ចិនកំពុងមានគម្រោងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនតាមសមុទ្រ និងមជ្ឈមណ្ឌលអនុវត្តច្បាប់បច្ចេកវិទ្យាខ្ពស់ ដែលមន្ត្រីអាចផ្តល់ជំនាញ និងឧបករណ៍ប្រើប្រាស់។ លើសពីនេះ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តអូស្ត្រាលី និងនូវែលសេឡង់ ផ្តល់ជំនួយមនុស្សធម៌ ដូចជាក្រោយរលកយក្សស៊ូណាមិនៅកោះតុងហ្គា ចិនកំពុងផ្តល់អាហាររូបករណ៍រាប់ពាន់សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការទូត និងការឆ្លើយតបគ្រោះមហន្តរាយរួមជាមួយនឹង «កិច្ចសហប្រតិបត្តិការក្នុងការអង្កេតឧតុនិយម»។
កាសែតរដ្ឋចិន China Daily សរសេរក្នុងអត្ថបទ ១ របស់ខ្លួនស្ដីពីការបារម្ភរបស់ក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិកខ្វះឆន្ទៈនយោបាយ និងការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីចូលរួមឱ្យបានត្រឹមត្រូវជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ខណៈចិនផ្ដល់កញ្ចប់សេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់តាមរយៈគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជួយបណ្តាប្រទេសទាំងនោះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយផ្សេងៗទៀត ដែលជួយសម្រួលដល់ការអភិវឌ្ឍរបស់ពួកគេ។
ប្រធានាធិបតីចិនលោក ស៊ី ជីនភីង ឱ្យដឹងក្នុងសារលាយលក្ខណ៍អក្សរទៅកាន់រដ្ឋមន្ត្រីការបរទេសប៉ាស៊ីហ្វិក នាថ្ងៃចន្ទថា៖ «ប្រទេសចិន តែងតែរក្សាថា ប្រទេសធំ និងតូចគឺស្មើគ្នា។ មិនថា កាលៈទេសៈអន្តរជាតិប្រែប្រួលយ៉ាងណាទេ ចិននឹងក្លាយជាមិត្តល្អជានិច្ច»៕
ហួន ឌីណា