វិបត្តិថាមពលនៅប្រទេសស្រីលង្កា មានសភាពកាន់តែអាក្រក់ខ្លាំងឡើងៗ រហូតឈានដល់ជួបប្រទះវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមធ្ងន់ធ្ងរ សូម្បីវិស័យដឹកជញ្ជូនសាធារណៈ ក៏ត្រូវបានផ្អាកដែរ ដើម្បីកាត់បន្ថយវិបត្តិ ដែលអាចបណ្តាលឱ្យមានអំពើហិង្សា ដោយសារតែកំហឹងជាសាធារណៈ។
ខណៈស្រីលង្កាសេសសល់ប្រេងតិចតួចបំផុត ដែលប្រើប្រាស់មិនដល់ ១ ថ្ងៃទៀតនោះទេ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីថាមពលលោក កាន់ឆាណា វីជេសេកេរ៉ា (Kanchana Wijesekera) បានប្រាប់ឱ្យដឹងអំពីការផ្អាកសេវាកម្មរថយន្តសាធារណៈ ដោយទុកតែសេវាកម្មសំខាន់ខ្លះៗប៉ុណ្ណោះ។
ទោះបីមានការប្រកាសបែបនេះ នៅក្នុងទីក្រុងកូឡុំបូ មានការតម្រង់ជួរចាក់ប្រេងសាំង និងម៉ាស៊ូតយ៉ាងវែងរាប់គីឡូម៉ែត្រ ទោះបីស្ថានីយចាក់ប្រេងភាគច្រើន គ្មានប្រេងឥន្ធនៈ រយៈពេលជាច្រើនថ្ងៃក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានបារាំង AFP។
រដ្ឋមន្ត្រីថាមពលលោក វីជេសេកេរ៉ា និយាយថា ប្រេងបម្រុង នៅក្នុងប្រទេសមានប្រហែល ៤ ពាន់តោន ដែលទាបជាងការប្រើប្រាស់ក្នុងរយៈពេល ១ ថ្ងៃ។
លោក វីជេសេកេរ៉ា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា៖ «ការដឹកជញ្ជូនប្រេង បន្ទាប់ពីត្រូវបានរំពឹងទុក នៅចន្លោះថ្ងៃទី ២២ និងទី ២៣ (ខែកក្កដា)។ យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណា ១ នៅមុនថ្ងៃទី ២២ នោះទេ»។
កាលពីសប្តាហ៍មុន ស្រីលង្កាដែលខ្វះសាច់ប្រាក់ បានប្រកាសពីការផ្អាករយៈពេល ២ សប្តាហ៍ ចំពោះការលក់ប្រេងឥន្ធនៈទាំងអស់ លើកលែងតែសេវាកម្មសំខាន់ៗ ដើម្បីសន្សំសំចៃប្រេងសាំង និងម៉ាស៊ូត សម្រាប់គ្រាអាសន្ន។
ភ្នាក់ងារព័ត៌មានបារាំងបានអះអាងដែរថា ហាងភាគច្រើន ត្រូវបានបិទ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយស្ថានភាពរំពឹងថា នឹងកាន់តែអាក្រក់នៅពេលដែលធនាគារ និងការិយាល័យបើកឡើងវិញនៅដើមសប្ដាហ៍នេះ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP របស់អាមេរិក ការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី ដែលជាអ្នកនាំចេញប្រេង និងឧស្ម័នដ៏ធំបំផុតទៅកាន់ទីផ្សារពិភពលោក និងការដាក់ទណ្ឌកម្មសងសឹក ដែលកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យតម្លៃឧស្ម័ន និងប្រេងឡើងថ្លៃជាមួយនឹងភាពសាហាវឃោរឃៅគួរឱ្យភ្ញាក់ផ្អើល។ គ្រោះមហន្តរាយ ដែលកើតឡើងនៅចំណុចកំពូលនៃភាពចលាចលរយៈពេល ២ ឆ្នាំ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ការកាត់ផ្តាច់ការធ្វើដំណើរ និងខ្សែចង្វាក់ផ្គត់ផ្គង់។
វិបត្តិកូវីដ ១៩ សង្គ្រាម និងវិបត្តិដឹកជញ្ជូន ធ្វើឱ្យប្រទេសដែនកោះ ដែលមានប្រជាជនប្រមាណ ២២ លាននាក់ នៅអាស៊ីខាងត្បូង ធ្លាក់ចូលទៅក្នុងវិបត្តិជាបន្តបន្ទាប់ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំង ដើម្បីបង្កើតរូបិយប័ណ្ណអន្តរជាតិ សម្រាប់ការបញ្ជាទិញឧស្ម័ន និងម្ហូបអាហារពីទីផ្សារអន្តរជាតិ។
វិបត្តិម្ហូបអាហាររបស់ស្រីលង្កា ក៏កើតចេញផងដែរ ពីគោលនយោបាយមិនត្រឹមត្រូវ ក្នុងវិស័យកសិកម្ម ដែលប្រទេសនេះមានបំណងប្រែក្លាយខ្លួនជាកន្លែងផលិតកសិកម្មសរីរាង្គ ១០០% ដំបូងគេបំផុត នៅលើពិភពលោក ដោយបានហាមឃាត់នូវរាល់ការនាំចូលជីគីមីទាំងអស់ សម្រាប់បម្រើការបង្កបង្កើនផលក្នុងស្រុក។ ផ្ទុយទៅវិញ កសិករជាច្រើនបាក់ទឹកចិត្ត ព្រមទាំងបោះបង់ចោលស្រែចម្ការ ដោយសារកសិកម្មរបស់ខ្លួនរងការបំផ្លិចបំផ្លាញពីសត្វល្អិត និងការទទួលបាននូវទិន្នផលទាប។
កាសែត New York Times របស់អាមេរិក កាលពីថ្ងៃទី ២២ ខែមេសា បានចុះផ្សាយថា ដើម្បីធានាអនាគតនយោបាយរបស់គ្រួសារ លោកប្រធានាធិបតីហ្គោតាបាយ៉ា រ៉ាចាប៉ាក្សា (Gotabaya Rajapaksa) អាយុ ៧២ ឆ្នាំ បានបំផ្លាញប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដោយចាប់ដាក់គុកអ្នកប្រឆាំង និងកម្ចាត់បក្សប្រឆាំងក្នុងពេលកន្លងមក។ គាត់បានពង្រីកអំណាចរបស់គាត់យ៉ាងខ្លាំង ដោយស្តុកទុករដ្ឋាភិបាល ជាមួយនឹងសាច់ញាតិរបស់គាត់ បុរសយោធា និងព្រះសង្ឃស្តាំនិយម ដែលស្របនឹងគំនិត ច្បាប់ និងសណ្តាប់ធ្នាប់របស់គាត់។
ការខ្វះខាតឥន្ធនៈ ជំរុញឱ្យមានអតិផរណាទំនិញគ្រប់ប្រភេទ ជាពិសេសម្ហូបអាហារ សម្រាប់បំពេញតម្រូវការក្នុងប្រទេស ហើយវាក៏បង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងក្នុងប្រទេស ដោយទាមទារទម្លាក់រដ្ឋាភិបាល ដែលដឹកនាំដោយសែស្រឡាយបងប្អូនរបស់លោកប្រធានាធិបតី ហ្គោតាបាយ៉ា។ ជាលទ្ធផល នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជាបងប្រុសរបស់លោកប្រធានាធិបតី ក៏បានប្រកាសលាលែងពីតំណែងកាលពីដើមខែឧសភា។
ទោះបីជាមានការអំពាវនាវឱ្យលោក ហ្គោតាបាយ៉ា លាលែងពីតំណែង ដែលលោកចូលធ្វើតួនាទី ក្នុងឆ្នាំ ២០១៩ ក៏លោកប្រធានាធិបតី នៅតែបន្តកាន់កាប់តំណែងនេះ និងប្តេជ្ញាបន្តរហូតដល់ចប់អាណត្តិ ដោយមិនធ្វើតាមការស្នើ ដើម្បីទម្លាក់លោក និងឱ្យមានការរៀបចំនូវការបោះឆ្នោតឡើងវិញនោះទេ។
តាមការចេញផ្សាយរបស់ AFP ការិយាល័យរបស់នាយករដ្ឋមន្ត្រី ដែលទើបតែងតាំងថ្មី លោក រ៉ានីល វីកក្រេម៉េស៊ីងហេ (Ranil Wickremesinghe) ប្រាប់ថា អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (UN FAO) ឥឡូវនេះ កំពុងរៀបចំ «ផែនការឆ្លើយតបវិបត្តិស្បៀងអាហារ» ដើម្បីប្រមូលទុនបម្រុង ហើយនឹងផ្តល់មូលនិធិបន្ថែមទៀតដល់វិស័យកសិកម្មនៅតាមតំបន់ប្រជុំជន។
ឡានក្រុងដែលគ្រប់គ្រងដោយឯកជន ដោយមានចំនួន ២/៣ នៃរថយន្តក្រុងរបស់ប្រទេសប្រាប់ថា ខ្លួនបានដំណើរការសេវាកម្មគ្រោងឆ្អឹង កាលពីថ្ងៃអាទិត្យ ខណៈត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយកង្វះខាតប្រេងឥន្ធនៈ។
ប្រធានសមាគមប្រតិបត្តិករឡានក្រុងឯកជន លោក Gemunu Wijeratne និយាយថា «យើងបានដំណើរការឡានក្រុងប្រហែល ១ ០០០ នៅទូទាំងប្រទេស ក្នុងចំណោម ២០ ០០០ គ្រឿង ដែលជាកម្មសិទ្ធិរបស់
សមាជិករបស់យើង»។
AFP បានផ្សាយ ចុងសប្ដាហ៍កន្លងទៅថា លោករដ្ឋមន្ត្រីថាមពល បានលើកឡើងថា សេវាកម្មជាច្រើន នឹងត្រូវបានកាត់បន្ថយបន្ថែម ហើយមិនឃើញមានដំណោះស្រាយភ្លាមៗទេ។ ឡានតាក់ស៊ី កង់ ៣ ដែលជាការដឹកជញ្ជូនចុងក្រោយដ៏ពេញនិយមមួយ ក៏នៅតាមផ្លូវផងដែរ ដោយគេឃើញភាគច្រើនជាការតម្រង់ជួរដ៏វែងៗជាច្រើនថ្ងៃ ដើម្បីទទួលបានសាំង ៦ លីត្រ។
កង្វះរូបិយប័ណ្ណបរទេសសម្រាប់ផ្តល់ហិរញ្ញប្បទាន សូម្បីតែការនាំចូលផលិតផលដ៏សំខាន់បំផុត បាននាំឱ្យមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រទេស ដែលប្រជាជន ២២ លាននាក់របស់ខ្លួនត្រូវប្រឈមការលំបាកធ្ងន់ធ្ងររៀងរាល់ថ្ងៃហើយប្រទេសក៏បានប្រឈមអតិផរណាខ្ពស់បំផុត និងការដាច់ចរន្តអគ្គិសនីចាប់តាំងពីចុងឆ្នាំមុនដែរ។
សាលារៀនដែលមិនសំខាន់ទាំងអស់ ត្រូវបានបញ្ជាឱ្យបិទ រហូតដល់ថ្ងៃទី ១០ ខែកក្កដា ដើម្បីកាត់បន្ថយការធ្វើដំណើរ និងសន្សំសំចៃថាមពល៕
វីដេអូ៖