មេដឹកនាំ​ប្រទេស​មហា​អំណាច​ ២ គឺ​សហរដ្ឋ​អាមេរិក ដែល​ប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ និង​ចិន​ដែល​ដឹកនាំ​ប្រទេស​តាមលទ្ធិ​កុម្មុយនីស្ត នឹង​ជួប​ជជែក​គ្នា​តាម​ទូរស័ព្ទ​លើក​ទី​៥ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ក្រោម​សម្ពាធ​នៃ​ឥទ្ធិពល​សង្គ្រាម រវាង​រុស្ស៊ី និង​អ៊ុយក្រែន បញ្ហា​តៃវ៉ាន់ បញ្ហា​សន្តិសុខ និង​កត្តា​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។

បញ្ហា​កោះ​តៃវ៉ាន់​តែងតែ​ជា​ចំណុច​ដ៏​រសើប​បំផុត សម្រាប់​ជំនួប​មេដឹកនាំ​ចិន និង​អាមេរិក​រៀងរាល់​លើក ប៉ុន្តែ​ជំនួប​លើក​នេះ អាច​កាន់តែ​រសើប​ខ្លាំង ដោយសារ​ព័ត៌មាន​នៃ​ការ​ធ្វើ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​អាមេរិក លោកស្រី Nancy Pelosi ទៅ​កាន់​តៃវ៉ាន់ ដោយ​រដ្ឋបាល​របស់​លោក​បៃដិន​ទំនង​ជា​មិន​អាច​គ្រប់គ្រង ឬ​ឃាត់​ឃាំង​ដំណើរ​របស់​លោកស្រី​បានទេ​។

នៅមុន​ការសន្ទនា​តាម​ទូរស័ព្ទ​សម្រាប់​ប្រមុខ​ប្រទេស​មហាអំណាច​ទាំង ២ ដែល​ត្រូវគេ​រៀបចំឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍នេះ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​វិមាន​ប្រធានាធិបតី​អាមេរិក (សេត​វិមាន) លោក John Kirby បាន​និយាយថា របៀបវារៈ​សម្រាប់​ការពិភាក្សា​តាម​ទូរស័ព្ទ​នៃ​ប្រមុខ​ប្រទេស​ទាំង ​២ គឺ​មាន​ច្រើន​។

លោក Kirby បាន​និយាយ​អំពី​ប្រធានបទ ដែល​ត្រូវ​ពិភាក្សា​ថា «អ្វី​គ្រប់យ៉ាង​ចាប់ពី​ភាព​តានតឹង​ជុំវិញ​តៃវ៉ាន់ រហូតដល់​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រមទាំង​របៀប​ដែល​យើង​គ្រប់គ្រង​ការប្រកួតប្រជែង រវាង​ប្រទេស​ទាំង​២ ឱ្យ​កាន់តែ​ប្រសើរឡើង ប្រាកដ​ណាស់ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​»។

បណ្តាញ​ព័ត៌មាន CNN របស់​អាមេរិក បាន​ផ្សាយ​ថា លោក​ប្រធានា​ធិបតី ចូ បៃដិនបាន​ទទួលស្គាល់​ថា លោក​បាន​រៀប​គម្រោង​និយាយ​ជាមួយ​សម​ភាគី​ចិន អំឡុង​ពេល​ជួបពិភាក្សា​តាម​អន​ឡាញ​ពី​ចម្ងាយ​នោះ ក៏​នឹង​ផ្តោតលើ​បញ្ហា​កាអភិវឌ្ឍ​បន្ទះ​ឈីប​ដែរ។

បណ្តាញ​ព័ត៌មាន Bloomberg បាន​ផ្សាយ​ថា មន្ត្រី​សេត​វិមាន​បាន​អះអាងថា ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន គឺជា​ប្រធានបទ ដែល​ទំនង​លើកឡើង ក្នុង​អំឡុងពេល​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ​របស់​ប្រមុខ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​២​។ អ្នក​នាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា ការ​គ្រប់គ្រង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ ២ ក៏​នឹង​ជាការ​ផ្តោត​សំខាន់ ក្នុងការសន្ទនា​តាម​ទូរស័ព្ទ​នេះដែរ​។ លោក​បាន​បន្តថា ប៉ុន្តែ​ពន្ធ​មិន​ទំនងជា​ត្រូវ​ពិភាក្សា​ទេ​។

លោក Kirby បាន​និយាយ​អំពី​ពន្ធគយ​ថា​៖«​ខ្ញុំ​នឹងមិន​គិត​ថា វា​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​នៃ​ការ​ពិភាក្សា​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី លុះ​ត្រាតែ ឬ​រហូតដល់​គាត់​ធ្វើការ​សម្រេច​ចិត្ត​។ នេះ​គឺជា​ការហៅ​ទូរស័ព្ទ ដែល​ត្រូវបាន​កំណត់ពេល​ជា​យូរ​មកហើយ ហើយ​មាន​របៀបវារៈ​ដ៏​រឹងមាំ​មួយ សម្រាប់​មេដឹកនាំ​ទាំង​ ២​ ជជែក​គ្នា​»។

យោងតាម​សេចក្តី​រាយការណ៍ ការសន្ទនា​តាម​ទូរស័ព្ទ​លើក​នេះ ជា​លើក​ទី​៥ រវាង​មេដឹកនាំ ហើយ​កើតឡើង នៅពេលដែល​ចិន បានធ្វើ​ការព្រមាន​កាន់តែ​ខ្លាំង​ដល់​រដ្ឋបាល​របស់​លោក បៃដិន អំពី​ដំណើរ​ទស្សន​កិច្ច ដែល​អាចធ្វើ​ឡើង​ដោយ​ប្រធានសភា​អាមេរិក លោកស្រី Pelosi ទៅកាន់​តៃវ៉ាន់ តាមបែប​ប្រជាធិបតេយ្យ ដែល​ទីក្រុង​ប៉េកាំង​អះអាងថា ជា​ទឹកដី​របស់ខ្លួន​នោះ​។

នៅ​ក្រោម​គោល​នយោបាយ «ចិន​តែ​ ១ (One-China Policy)​» របស់​ប្រទេស​ចិន ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក មិន​មាន​ទំនាក់​ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទេ ប៉ុន្តែ​ត្រូវ​បាន​ចង​ក្រង​ដោយ​ច្បាប់​របស់​អាមេរិក ក្នុងការ​ផ្តល់​ឱ្យ​កោះ​នេះ​នូវ​មធ្យោបាយ​ផ្សេងៗ ដើម្បី​ការពារ​ខ្លួន។ មន្ត្រី​សេត​វិមាន​បាន​បញ្ជាក់​យ៉ាង​រហ័ស​ថា ជំហរ​នេះ​មិនបាន​ផ្លាស់ប្តូរ​ទេ បើទោះបីជា​មានការ​រំពឹង​ទុក​អំពី​ការ​ធ្វើដំណើរ ដែល​អាចធ្វើ​ទៅ​បាន​ដោយ​លោកស្រី Pelosi ក៏​ដោយ​ចុះ​។

ភាពចម្រូងចម្រាស​អំពី​ការ​ធ្វើដំណើរ​របស់​ប្រធាន​សភា​ទៅកាន់​តៃវ៉ាន់ បាន​ផ្ទុះឡើង បន្ទាប់ពី​កាសែត Financial Times បាន​បង្ហាញថា ​លោកស្រី​មាន​គម្រោង​ទៅ​ទស្សនកិច្ច​តៃវ៉ាន់ ដើម្បី​បង្ហាញ​ការគាំទ្រ ខណៈ​តៃវ៉ាន់​រង​សម្ពាធ​ដែល​ចេះតែ​កើនឡើង​ពី​ចិន​ក្នុង​បរិបទ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​បាន​បង្កើន​ការភ័យខ្លាច​ចំពោះ​សកម្មភាព​យោធា​របស់​ចិន លើ​កោះ​តៃវ៉ាន់​។

មិនទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណា​មួយ សូម្បីតែ​បណ្តាញ​សារព័ត៌មាន Financial Times ខ្លួនឯង ដែល​បាន​ផ្សាយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់ បាន​អះអាងថា​ប្រធានសភា​អាមេរិក​នឹង​ចូលទៅ​កាន់តែ​វ៉ាន់ ស្រប​ពេលដែល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ទៅកាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ត្រូវ​ចុះចត​នៅ​ប្រទេស​ជប៉ុន សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។

លោក Kirby បាន​និយាយថា លោកស្រី Pelosi ស្ថិតក្នុង​ជួរ​នៃ​ការបន្ត​តំណែង​ប្រធានា​ធិបតី ហើយ​ដូច្នេះ ការធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់លោក​ស្រី គឺ​ជា​បញ្ហា​សន្តិសុខ​ជាតិ​របស់​អាមេរិក។ ប៉ុន្តែ​មាន​តែ​លោកស្រី​ប៉ុណ្ណោះ ដែល​អាចធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការធ្វើដំណើរ​របស់គាត់​បាន​។

លោក​បាន​និយាយ​ថា៖​ «ភាពច្របូកច្របល់» នៅក្នុង​វោហារស័ព្ទ​ពី​ក្រុង​ប៉េកាំង ជុំវិញ​ការធ្វើដំណើរ​ដែល​អាចនឹងកើតឡើង​នេះ ធ្វើឱ្យ​ភាព​តានតឹង​កើនឡើង។ លោក​បាន​បញ្ជាក់ថា៖ «យើង​មើល​ឃើញ​ថា មិន​មាន​ប្រយោជន៍ ហើយ​ប្រាកដជា​មិនចាំបាច់​ទាល់តែសោះ​ចំពោះ​ស្ថានភាព​នេះ»។

រដ្ឋបាល​បាន​កំពុង​ជជែក​គ្នា​ថា ​តើ​ត្រូវ​ដកព​ន្ធ​មួយចំនួន​លើ​ទំនិញ​ចិន​ជា​មធ្យោបាយ​មួយ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អាមេរិក ឬ​យ៉ាងណា ប៉ុន្តែ​លោក Kirby បាន​និយាយថា ការ​សម្រេច​ចិត្ត​មិនត្រូវ​បាន​គេ​រំពឹង​ទុក​មុន​ការហៅ​ទូរស័ព្ទ​នោះទេ។

ប្រមុខ​ការពារ​ជាតិចិន លោក Wei Fenghe បាន​ព្រមាន​ដោយត្រង់ៗនិងធ្ងន់ៗទៅកាន់​តៃវ៉ាន់ និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ ក្នុងពេល​កិច្ចសន្ទនា​សន្តិសុខ​ក្នុង​តំបន់​ដែល​រៀបចំឡើង​នៅ​ប្រទេស​សិង្ហ​បុរី​កាល​ពី​ដើមខែ​មុនថា ​ចិន​នឹង​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់​ស​ម្រា​ប់​ការប៉ុនប៉ង​ណាមួយ​របស់​តៃវ៉ាន់ ក្នុងការ​ប្រកាស​ឯករាជ្យ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត The Guardian របស់​អង់គ្លេស។

កាសែត​នោះ បាន​ដកស្រង់​សម្តីរបស់លោក Fenghe ដូចដែល​បាន​និយាយថា៖ «យើង​នឹង​ប្រយុទ្ធ​ទោះ​បង់​តម្លៃ​ណាក៏ដោយ ហើយយើង​នឹង​ប្រយុទ្ធ​រហូតដល់ទី​បញ្ចប់។ នេះ​ជា​ជម្រើស​តែ ១ គត់​របស់​ចិន» ដោយ​លោក​បាន​ហៅ​តៃវ៉ាន់​ថា«ដំបូង​គេ និង​សំខាន់បំផុត​របស់​ចិន»។

លោក​បន្ថែមថា៖«អ្នក​ដែល​បន្ត​ទាមទារ​ឯករាជ្យ​របស់​តៃវ៉ាន់​ក្នុងការ​ប៉ុនប៉ង​បំបែក​ចិន ច្បាស់​ជា​នឹង​មិនមាន​ទីបញ្ចប់​ល្អ​ទេ។ គ្មាន​នរណាម្នាក់​គួរ​មើលស្រាល​ការតាំង​ចិត្ត និង​សមត្ថភាព​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ចិន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ឡើយ»។

លោក បៃដិន អាច​ឈាន​ទៅរក​ការ​អំពាវនាវ​ជាមួយ​នឹង​ការជំរុញ​ផ្នែក​សេដ្ឋកិច្ច ប្រសិនបើ​សភា​អាមេរិក​អនុម័ត​ច្បាប់​ដើម្បី​ផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រហែល $៥២ ពាន់​លាន សម្រាប់​ការឧបត្ថម្ភ​ធនដល់​ឧស្សាហកម្ម​ផលិត​ឧបករណ៍​ពាក់កណ្តាល​ចម្លង (semiconductor) របស់​អាមេរិក ក៏ដូចជា​ឥណទាន​ពន្ធ​វិនិយោគ សម្រាប់​រោងចក្រ​ផលិត​បន្ទះ​ឈីប ដែល​ប៉ាន់​ស្មាន​ថា មានតម្លៃ $​២៤ ពាន់​លាន​។

ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បន្ទះ​ឈីបនេះ ត្រូវ​លោក​បៃដិន ជំរុញ​ថា​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន​ខាង​សេដ្ឋកិច្ច​។

ការ​រំពឹងទុក​នៃ​ការ​ធ្វើដំណើរ​របស់លោក​ស្រី Pelosi គឺមាន​តែ ១ គត់​នៅក្នុង​បញ្ជី​នៃ​ការខ្វែង​គំនិត​គ្នា​ជា​យូរយា​រណាស់​មក​ហើយ ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​អាមេរិក និង​ចិន​មានការ​បែកបាក់​រក​ឱកាស​ផ្សះផ្សាគ្មាន​។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​ចោទប្រកាន់​ចិន​ថា ​បាន​បង្កើន «ការបង្ក​ហេតុ» ប្រឆាំងនឹង​គូប្រជែង​ទាមទារ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​និយាយថា «អាកប្បកិរិយា​ដ៏​គឃ្លើន និង​គ្មាន​ការទទួលខុសត្រូវ» ដោយ​កប៉ាល់ និង​យន្តហោះ​ចិន ហើយ​ចាត់ទុកថា វា​គ្រាន់តែ​ជា​បញ្ហា​នៃ​ពេលវេលា​មុនពេល​ឧបទ្ទវហេតុ ឬ​ឧប្បតិ្តហេតុ​ធំ​មួយ​ប៉ុណ្ណោះ​។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi នឹង​ក្លាយ​ជា​ដំណើរ​លើក​ដំបូង​របស់​ប្រធាន​សភា​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៧ ហើយ​ចិន​បាន​និយាយ​ថា ខ្លួន​បាន​ត្រៀមខ្លួន ដើម្បី​ចាត់​វិធានការ​ដ៏​ខ្លាំង ក្នុងការ​ឆ្លើយ​តប​៕