១ ថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យភាគីទាំងអស់បន្តគាំទ្រជំហរ និងវិធានការស្របច្បាប់របស់ចិន ហើយរួមគ្នារក្សាសន្តិភាពក្នុងតំបន់ និងច្រកសមុទ្រតៃវ៉ាន់។
លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងបែបនេះ ខណៈដែលលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាកន្លែងដែលលោកបានរំឭកឡើងវិញនូវជំហររបស់ប្រទេសចិនលើការបង្កហេតុរបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពរបស់ចិន។ នេះបើយោងតាម CGTN ដែលជាបណ្តាញព័ត៌មានគាំទ្រដោយរដ្ឋចិន។
យោងតាមការផ្សាយនោះ លោក វ៉ាង បានចោទអាមេរិកថា តាមរយៈការជាន់ឈ្លីច្បាប់អន្តរជាតិ ការរំលោភលើការប្តេជ្ញាចិត្តទ្វេភាគី និងធ្វើឱ្យខូចសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាការគាំទ្រកងកម្លាំងបំបែកខ្លួននិងការតស៊ូមតិ ការប្រឈមមុខដាក់គ្នា សហរដ្ឋអាមេរិកនឹងនាំមកនូវ «ល្បែងនយោបាយជាមួយនឹងផលប៉ះពាល់អវិជ្ជមាន»។
ដោយហៅអាមេរិកថាជា «អ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត នៅច្រកសមុទ្រតៃវ៉ាន់ និងជាអ្នកបង្កបញ្ហាធំបំផុតនៃស្ថិរភាពក្នុងតំបន់» លោករដ្ឋមន្ត្រីការបរទេសចិនបានអំពាវនាវដល់ភាគីទាំងអស់ឱ្យទទួលស្គាល់មូលហេតុ និងខ្លឹមសារនៃវិបត្តិបច្ចុប្បន្ន ហើយរួមគ្នាប្រឆាំងនឹងហានិភ័យ និងការបង្កហេតុរបស់ភាគីអាមេរិក។
ប្រធានសភាអាមេរិក លោកស្រី ប៉េឡូស៊ី ដែលជាមនុស្សសំខាន់ទី ៣ នៅសហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកតាមប្រទេសមួយចំនួន ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតល្មួត មានដូចជា សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដោយបានរួមបញ្ចូលដំណើរទស្សនកិច្ចទៅតៃវ៉ាន់ដ៏ចម្រូងចម្រាស ដោយសារមានការប្រឆាំងយ៉ាងខ្លាំងពីចិន ព្រោះតែងទាមទារការគ្រប់គ្រងលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងអស់ពេលជាង ៧០ មកនេះ។
លោកស្រី ប៉េឡូស៊ី បានជួបមេដឹកនាំតៃវ៉ាន់ និងបានកោតសរសើរពីដំណើរការលូតលាស់ប្រជាធិបតេយ្យនៅទីនោះ ព្រមទាំងកោតសរសើរប្រធានាធិបតីតៃវ៉ាន់ថា ជាស្ត្រី ដែលគ្រប់គ្រងបានល្អ ទើបធ្វើឱ្យប្រជាធិបតេយ្យរីកចម្រើនយ៉ាងខ្លាំងនៅលើកោះនោះ។
លោក វ៉ាងបានកត់សម្គាល់ថា ភាពតានតឹង ដែលចេះតែកើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ត្រូវបានបង្កឡើងដោយភាគីអាមេរិក ដោយលោកអះអាងថា ប្រទេសចិនបានខិតខំប្រឹងប្រែងការទូតជាអតិបរមាដើម្បីបញ្ចៀសវិបត្តិដែលបានដាក់លើប្រទេសនេះ ហើយនឹងមិនអនុញ្ញាតឱ្យមានផលប៉ះពាល់ណាមួយដល់ផលប្រយោជន៍ស្នូលរបស់ខ្លួន និងដំណើរការនៃការស្តារជាតិឡើងវិញឡើយ។
លោកបាននិយាយថា វិធានការដ៏ទូលំទូលាយដែលចិនបានអនុវត្ត ហើយនឹងចាត់វិធានការ គឺជា «វិធានការការពារចាំបាច់ និងទាន់ពេលវេលា» ដែលត្រូវបានពិចារណា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់។ លោកបានបន្ថែមថា វិធានការនេះមានគោលបំណងការពារអធិបតេយ្យភាព និងសន្តិសុខជាតិ និងស្របតាមច្បាប់អន្តរជាតិ និងក្នុងស្រុក៕