រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់ថូនី ប្ល៊ីនកែន ប្រាប់ថា សហរដ្ឋអាមេរិកនឹងការពារហ្វីលីពីន បើត្រូវបានវាយប្រហារនៅសមុទ្រចិនខាងត្បូង ដែលពាក្យសន្យានេះ ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក្រោមការដឹកនាំនៃរដ្ឋាភិបាលរបស់ប្រធានាធិបតីថ្មី លោក ហ្វើរឌីណាន់ ម៉ារ៍កូស ជេ.អ។
លោក ប្ល៊ីនកែន គឺជារដ្ឋមន្ត្រីដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ម៉ារ៍កូស ជេ.អ ដោយកិច្ចពិភាក្សារបស់អ្នកទាំង ២ ផ្តោតជាសំខាន់លើភាពតានតឹង រវាងអាមេរិក និងចិន ដែលដើមហេតុមកពីការធ្វើដំណើររបស់ប្រធានសភាសំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ ខណៈដែលលោក ប្ល៊ីនកែន បានសង្កត់ធ្ងន់ថា សន្ធិសញ្ញាការពារជាតិរួមគ្នា (Mutual Defense Treaty) រវាងអាមេរិក និងហ្វីលីពីន ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៥១ នៅតែរឹងមាំដូចដើម។
លោក ប្ល៊ីនកែន និយាយនៅក្នុងសន្និសីទរួមខ្លី ១ ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ថា៖ «សហរដ្ឋអាមេរិកតែងតែឈរខាងសម្ព័ន្ធមិត្តរបស់យើងជានិច្ច»។ ដោយសង្កត់ធ្ងន់ថា អាមេរិកនឹងធ្វើអនុវត្តតាមសន្ធិសញ្ញា បើមានការវាយប្រហារប្រឆាំងនឹងកងទ័ពជើងទឹក នាវា និងយន្តហោះរបស់ហ្វីលីពីន ហើយជាមួយគ្នានេះ លោកក៏ពោលសរសើរផងដែរ ចំពោះហ្វីលីពីនថា ជាមិត្ត ដៃគូ និងសម្ព័ន្ធមិត្តដ៏មានតម្លៃរបស់ប្រទេសលោក។
ចំណែកខាងលោក Manalo និយាយថា សហរដ្ឋអាមេរិកក៏ជាសម្ព័ន្ធមិត្តដ៏សំខាន់ផងដែរ ហើយក៏បានបន្ថែមទៀតថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្ញើលិខិតអញ្ជើញ ១ ទៅកាន់លោក ម៉ារ៍កូស ដើម្បីឱ្យទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដោយក្រុមការងារនៃប្រទេសទាំង ២ កំពុងស្ថិតក្នុងដំណើរកាលនៃការកំណត់កាលបរិច្ឆេទដ៏ជាក់លាក់ ១។
ភាគីទាំង ២ ក៏បានពិភាក្សាពីសមយុទ្ធយោធារួមគ្នា និងជំនួយ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធហ្វីលីពីនផងដែរ ដូចដែលប្រជាជាតិទាំង ២ សន្យាថា នឹងធ្វើការរួមគ្នាលើសន្តិសុខស្បៀង ដើម្បីទប់ទល់នឹងជំងឺរាតត្បាត ថាមពលស្អាត និងវិបត្តិសកល។
ហ្វីលីពីន ស្ថិតនៅចំកណ្តាលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងអាមេរិក និងចិន ក្នុងខណៈដែលប្រទេសមហាអំណាចទាំង ២ កំពុងប្រជែងគ្នាដណ្តើមឥទ្ធិពល នៅអាស៊ីអាគ្នេយ៍ ដែលនាំលោក ម៉ារ៍កូស ប្រឈមនឹងបញ្ហានៃតុល្យភាព និងការរក្សាទំនាក់ទំនងរបស់គាត់ជាមួយមហាអំណាចទាំង ២។
ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងចិន កំពុងប្រឈមនឹងភាពតានតឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញជម្លោះសិទ្ធិគ្រប់គ្រងតំបន់កោះ នៅសមុទ្រចិនខាងត្បូង ខណៈលោកប្រធានាធិបតី ម៉ារ៍កូស បានប្រកាសអះអាងថា គាត់នឹងមិនប្រគល់ទឹកដីហ្វីលីពីនសូម្បីតែ ១ អ៊ីញ ទៅមហាអំណាចបរទេសជាដាច់ខាត។
តែទោះបីមានការលើកឡើងយ៉ាងដូច្នោះ ក្នុងខណៈដែលលោក ម៉ារ៍កូស បានប្រកាសជ័យជម្នះរបស់លោកជាមេដឹកនាំថ្មី រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមកជួបលោក ម៉ារ៍កូស និងនិយាយថា ចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលហ្វីលីពីនថ្មី ហើយភាគីទាំង ២ ក៏បានចេញសេចក្តីថ្លែងការណ៍រួមថា ពួកគេនឹងរក្សាទំនាក់ទំនងល្អរវាងប្រជាជាតិទាំង ២។
យ៉ាងណាចំណងទាក់ទងជាមួយអាមេរិក ក៏ត្រូវបានរង្គោះរង្គើ ក្នុងអាណត្តិអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបង្ហាញគោលនយោបាយឈរខាងចិន ដោយនិយាយវាយប្រហារ និងព្រមានកាត់បន្ថយទំនាក់ទំនងយោធាជាមួយអាមេរិក តែទស្សនកិច្ចរបស់លោក ប្ល៊ីនកែន បង្ហាញថា អាមេរិកចង់ពង្រឹងទំនាក់ទំនងជាមួយហ្វីលីពីន ព្រោះមានទីតាំងភូមិសាស្ត្រជិតកោះតៃវ៉ាន់ ដែលអាចផ្តល់ប្រយោជន៍ដល់អាមេរិកនាពេលអនាគត៕
វីដេអូ៖