រដ្ឋាភិបាលហ្វាំងឡង់ ឱ្យដឹងថា ខ្លួននឹងកំណត់ចំនួនទិដ្ឋាការ ដែលចេញឱ្យជនជាតិរុស្ស៊ី ចាប់ពីថ្ងៃទី ១ ខែកញ្ញា ចំពេលមានការមិនសប្បាយចិត្តកើនឡើង ចំពោះទេសចររុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Pekka Haavisto និយាយ កាលពីថ្ងៃអង្គារ នៅទីក្រុងហែលស៊ិនគីថា៖ «ទិដ្ឋាការទេសចរណ៍ នឹងមិនបញ្ឈប់ទាំងស្រុងនោះទេ ប៉ុន្តែចំនួននេះ នឹងត្រូវបានកាត់បន្ថយ ក្នុងចំនួនយ៉ាងច្រើន ដោយនឹងកាត់បន្ថយការណាត់ជួបសុំទិដ្ឋាការ ប្រចាំថ្ងៃពី ១ ០០០ មកត្រឹម ៥០០ ក្នុង ១ ថ្ងៃ ហើយផ្ដល់តែ ១០០ ប៉ុណ្ណោះ សម្រាប់អ្នកទេសចរ»។
លោក Haavisto និយាយថា ការសម្រេចចិត្តនេះ ធ្វើឡើងនៅពេលដែលរំហូរនៃភ្ញៀវទេសចររុស្ស៊ី បានចាប់ផ្តើមប្រើប្រាស់ប្រទេសហ្វាំងឡង់ និងអាកាសយានដ្ឋាន Helsinki-Vantaa របស់ខ្លួនជាច្រក ទៅកាន់គោលដៅវិស្សមកាលអឺរ៉ុប ក្រោយរុស្ស៊ីដែលកំពុងឈ្លានពានអ៊ុយក្រែន បានលុបចោលការរឹតបន្ដឹងទប់ស្កាត់ជំងឺកូវីដ តាមព្រំដែន កាលពីខែមុន។
លោក Haavisto បន្តថា ប្រភេទទិដ្ឋាការផ្សេងទៀត ដែលប្រើដើម្បីទៅសួរសុខទុក្ខសាច់ញាតិ ទំនាក់ទំនងគ្រួសារ ការងារ ការសិក្សា នឹងត្រូវបានផ្តល់អាទិភាព និងពេលវេលាបន្ថែមទៀត»។
ការប្រកាសរបស់ហ្វាំងឡង់ ធ្វើឡើងចំពេលមានការស្នើសុំរបស់អ៊ុយក្រែនឱ្យលោកខាងលិចបិទព្រំដែនមិនឱ្យជនជាតិរុស្ស៊ីធ្វើដំណើរចូលប្រទេស។ ការចង់បាននេះ ត្រូវបានបន្ទរដោយនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ដែលនិយាយថា៖ «វាមិនត្រូវទេ ដែលពលរដ្ឋរុស្ស៊ី អាចចូលអឺរ៉ុប ក្នុងនាមជាភ្ញៀវទេសចរ ខណៈរុស្ស៊ីកំពុងសម្លាប់មនុស្សនៅអ៊ុយក្រែន»។
កាលពីសប្ដាហ៍មុន អេស្តូនី ដែលនៅតំបន់ក្បែរហ្វាំងឡង់ បានប្រកាសថា ហាមឃាត់ជនជាតិរុស្ស៊ីដែលមានទិដ្ឋាការចេញ ដោយអេស្តូនី មិនឱ្យចូលប្រទេសរបស់ខ្លួន ក្នុងហេតុផលស្រដៀងគ្នាទៅនឹងហ្វាំងឡង់៕
ហួន ឌីណា