​រុស្ស៊ី​និយាយថា ខ្លួន​នឹង​ចាប់​ផ្តើម​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​រួមគ្នា ជាមួយ​កងកម្លាំង​មកពី​ប្រទេស​ចិន ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ការពារជាតិ​កាន់​​តែ​ជិតស្និទ្ធ​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ប៉េកាំង ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បន្ត​។​

​សមយុទ្ធ​ Vostok 2022 នឹង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃទី ​៧ ខែកញ្ញា នៅតាម​ទីតាំង​ផ្សេងៗ ក្នុង​តំបន់​ចុង​បូព៌ា និង​សមុទ្រ​ជប៉ុន​របស់​រុស្ស៊ី ដោយ​នឹងមាន​ការចូល​​រួម​ពី​ទាហាន​ជាង ៥ ម៊ឺ​ន​នាក់ និង​អាវុធ ៥ ​ពាន់​គ្រឿង រួមទាំង​យន្តហោះ​ចម្បាំង ១៤០ គ្រឿង និង​នាវាចម្បាំង ​៦០ គ្រឿង​។ នេះ​បើ​យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​សមយុទ្ធ ក៏​នឹង​មានការ​​ចូលរួម​ពី​ទាហាន​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត​ផងដែរ រួម​​ទាំង​រដ្ឋ​អតីត​សហភាពសូវៀត​មួយចំនួន ឥណ្ឌា ឡាវ ម៉ុង​ហ្គោ​លី នី​កា​រ៉ា​ហ្គា និង​ស៊ី​រី​។ ​ប៉ុន្តែ​កាសែត Deccan Herald របស់​ឥណ្ឌារាយការណ៍​ថា ប្រទេស​នេះ ដកខ្លួន​ពី​សម​យុទ្ធ​សមុទ្រ ដើម្បី​កុំឱ្យ​ប៉ះពាល់ចំណុចរសើប​របស់​ជ​ប៉ុន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​កត់សម្គាល់ថា ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​នេះ កង​នាវាចរណ៍​រុស្ស៊ី​ និង​ចិន នៅក្នុង​សមុទ្រ​ជប៉ុន​នឹង​ «​អនុវត្ត​សកម្មភាព​រួមគ្នា ដើម្បី​ការពារ​ទំនាក់ទំនង​លើ​សមុទ្រ តំបន់​នៃ​សកម្មភាព​សេដ្ឋកិច្ច​សមុទ្រ និង​ការគាំទ្រ​សម្រាប់​កងទ័ពជើងគោក​នៅក្នុង​តំបន់ [​ឆ្នេរសមុទ្រ​]»​។​

​ក្រសួង​និយាយថា អង្គភាព​នៃ​កងទ័ពអាកាស​រុស្ស៊ី យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​​ចម្ងាយ​ឆ្ងាយ និង​យន្តហោះ​ដឹកទំនិញ​យោធា នឹងចូលរួម​ក្នុង​សមយុទ្ធ​នេះ រួមជាមួយ​នឹង​កងក​ម្លាំ​ង​ដទៃទៀត​។​

​សមយុទ្ធ​ Vostok 2022 ឆ្លុះបញ្ចាំង​ពី​ការបង្កើន​ទំនាក់​ទំនង​ការពារជាតិ ដែល​កាន់​​តែ​រឹងមាំ​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​ប៉េកាំង ក្រោយ​រុស្ស៊ី​លុកលុយ​អ៊ុយ​ក្រែ​ន​។ ចិន​បដិសេធ​យ៉ាង​ដាច់អហង្ការ ក្នុងការ​ថ្កោលទោស​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី ហើយ​ថា សហរដ្ឋអាមេរិកជា​អ្នក​បង្កាត់​ភ្លើងសង្គ្រាម​៕

ហួន ឌី​ណា​