ខណៈភាពតានតឹងជុំវិញករណីកោះតៃវ៉ាន់កាន់តែខ្លាំង អាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាក្រុមហ៊ុនពហុជាតិរបស់អាមេរិក Nvidia Corp ដែលជាអ្នករចនាបន្ទះឈីបបញ្ញាសិប្បនិម្មិត (IA) បញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូទ័រលំដាប់កំពូល ២ ប្រភេទទៅកាន់ប្រទេសចិន។
នេះជាវិធានការមួយ ដែលអាចបន្ទុចបង្អាក់សមត្ថភាពរបស់ក្រុមហ៊ុនចិន ក្នុងការអនុវត្តការងារកម្រិតខ្ពស់ ដូចជាការទទួលស្គាល់រូបភាព និងរារាំងអាជីវកម្ម ខណៈពេលដែលភាគីចិន កក់រួចរាល់ហើយ សម្រាប់បន្ទះឈីប Nvidia ក្នុងតម្លៃ ៤០០ លានដុល្លារអាមេរិក ក្នុងត្រីមាសនេះ។
យោងតាមការចេញផ្សាយរបស់រ៉យទ័រ ក្រោយការប្រកាសនោះ ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះ ៤ ភាគរយ ក្នុងប៉ុន្មានម៉ោងក្រោយមក។ ក្រុមហ៊ុន Nvidia បាននិយាយថា ការហាមប្រាមនេះប៉ះពាល់ដល់បន្ទះឈីប ២ ប្រភេទ គឺ A100 និង H100 របស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីបង្កើនល្បឿនការងាររៀនសូត្ររបស់ម៉ាស៊ីន អាចរំខានដល់ការបញ្ចប់ការអភិវឌ្ឍ H100 ដែលជាបន្ទះឈីបស្មាតហ្វូន Nvidia ដែលបានប្រកាស នៅឆ្នាំនេះ។
ក្រុមហ៊ុន Nvidia បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក ប្រាប់ខ្លួនថា ច្បាប់ថ្មី នឹងដោះស្រាយហានិភ័យ ដែលផលិតផល គ្របដណ្តប់អាចត្រូវបានប្រើប្រាស់ ឬបង្វែរទៅជា «ការប្រើប្រាស់ចុងក្រោយផ្នែកយោធា» ឬ «អ្នកប្រើប្រាស់ចុងក្រោយក្នុងផ្នែកយោធា» ក្នុងប្រទេសចិន។
សេចក្តីប្រកាសនេះ បានបង្ហាញពីការកើនឡើងនៃការបង្ក្រាបរបស់សហរដ្ឋអាមេរិកលើសមត្ថភាពបច្ចេកវិទ្យារបស់ចិន ខណៈភាពតានតឹងបានកក្រើកឡើងខ្លាំង លើជោគវាសនារបស់កោះតៃវ៉ាន់ ជាទីកន្លែង ដែលបន្ទះឈីបសម្រាប់ក្រុមហ៊ុន Nvidia និងស្ទើរតែគ្រប់ក្រុមហ៊ុនបន្ទះឈីបធំៗផ្សេងទៀត ត្រូវបានផលិត។
ប្រសិនបើគ្មានបន្ទះឈីបរបស់អាមេរិកពីក្រុមហ៊ុនដូចជា Nvidia និងគូប្រជែងរបស់ខ្លួនគឺ Advanced Micro Devices នោះ អង្គភាពនានារបស់ចិន នឹងមិនអាចចំណាយប្រាក់ ប្រកបដោយប្រសិទ្ធភាព អនុវត្តនូវប្រភេទកុំព្យូទ័រកម្រិតខ្ពស់ ដែលប្រើសម្រាប់ការទទួលស្គាល់រូបភាព និងការនិយាយ ក្នុងចំណោមកិច្ចការជាច្រើនទៀត។
ជាមួយគ្នានេះ ការទទួលស្គាល់រូបភាព និងដំណើរការភាសាធម្មជាតិ គឺជារឿងធម្មតា នៅក្នុងកម្មវិធីរបស់បន្ទះឈីបអ្នកប្រើប្រាស់ ដូចជាស្មាតហ្វូន ដែលអាចឆ្លើយសំណួរ និងដាក់ស្លាករូបថត។ បន្ទះឈីបនោះក៏មានការប្រើប្រាស់ផ្នែកយោធាផងដែរ ដូចជាការមើលរូបភាពតាមរយៈផ្កាយរណប សម្រាប់អាវុធ ឬមូលដ្ឋាន និងការចម្រោះទំនាក់ទំនងឌីជីថល សម្រាប់គោលបំណងប្រមូលព័ត៌មាននានា។
ក្រុមហ៊ុន Nvidia បាននិយាយថា ខ្លួនបានកក់ ៤០០ លានដុល្លារអាមេរិក ក្នុងការលក់បន្ទះឈីប ដែលរងផលប៉ះពាល់នៅត្រីមាសនេះទៅប្រទេសចិន ដែលអាចនឹងបាត់បង់ ប្រសិនបើក្រុមហ៊ុនចិន បានសម្រេចចិត្តមិនទិញផលិតផល Nvidia ជំនួស។ ក្រុមហ៊ុន បានបញ្ជាក់ទៀតថា ខ្លួនគ្រោងនឹងស្នើសុំនូវការលើកលែងចំពោះច្បាប់នេះ ប៉ុន្តែមិនមាន «ការធានា» ថាមន្ត្រីរបស់សហរដ្ឋអាមេរិក នឹងផ្តល់សិទ្ធិឱ្យពួកគេ ជាពិសេស ឬយ៉ាងណានោះទេ៕
វីដេអូ៖