មិនខុសពីប្រទេសក្បែរខាងជប៉ុនឡើយ កូរ៉េខាងត្បូងកំពុងប្រឈមនឹងវិបត្តិអត្រាកំណើតធ្លាក់ចុះជាខ្លាំង។ ទោះបីជាបានខំប្រឹងប្រែងទប់ស្កាត់និន្នាការនៃការធ្លាក់ចុះនេះយ៉ាងណាក្តី ក៏កូរ៉េខាងត្បូង នៅតែចៀសមិនផុតពីការបំបែកកំណត់ត្រា អត្រាមានកូនទាបបំផុតរបស់ពិភពលោកជាថ្មីម្តងទៀត។ នេះបើយោងតាមតួលេខផ្លូវការដែលចេញផ្សាយកាលពីចុងខែសីហានេះ។
យោងតាមទិន្នន័យផ្លូវការ អត្រាកំណើតក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះទាបខ្លាំងដំបូងក្នុងឆ្នាំ ២០១៨ ដោយអត្រាបង្កើតក្នុងស្ត្រីម្នាក់ មានចំនួនទារកតិចជាងម្នាក់ទៅទៀត។ ក៏ប៉ុន្តែ កាលពីចុងខែសីហា ឆ្នាំ២០២២នេះ តួលេខដែលចេញផ្សាយដោយរដ្ឋាភិបាលក្រុងសេអ៊ូល បានបង្ហាញថាអត្រាខាងលើបានធ្លាក់ចុះដល់ ០,៨១ ពោលគឺធ្លាក់ចុះពីចំនួន ០,៨៤ កាលពីឆ្នាំមុន និងការធ្លាក់ចុះ ៦ លើកជាប់ៗគ្នា។
គួរបញ្ជាក់ថា អត្រាកំណើតកូនជាមធ្យមនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតរបស់ពិភពលោកគឺមានចំនួន ១,៦ ទារក។ ហើយជាទូទៅ ប្រទេសនានា ត្រូវការឱ្យស្វាមីភរិយាមួយគូមានកូនយ៉ាងហោចណាស់ក៏ក្នុងអត្រា ២,១ ដែរដើម្បីរក្សាចំនួនប្រជាជនរបស់ពួកគេឱ្យនៅថេរ។
ទាក់ទងចំណុចនេះគួររំឭកដែរថា អត្រានៃការមានកូននៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៦ ទសវត្សរ៍កន្លងមកនេះ។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ស្ត្រីកូរ៉េមានកូនចំនួន ៤ នាក់ជាមធ្យម។ ការថយចុះចំនួនប្រជាជនបានធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះ រងភាពតានតឹងយ៉ាងខ្លាំង។ ក្រៅពីរងសម្ពាធកើនឡើងលើការចំណាយសាធារណៈ ការថយចុះចំនួនយុវជនវ័យក្មេងក៏នាំឱ្យមានការខ្វះខាតកម្លាំងពលកម្មដែលជាកត្តាជះផលប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
កាលពីឆ្នាំ ២០២០ រដ្ឋកូរ៉េខាងត្បូង បានប្រកាសជូនដំណឹងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស នៅពេលកត់ត្រារកឃើញថា អត្រាអ្នកស្លាប់មានច្រើនជាងអត្រាកើតជាលើកដំបូង។ បើតាមអ្នកជំនាញ កម្រិតនៃប្រាក់ចំណូល និងកត្តាការងារមិនស្ថិតស្ថេរ គឺជាហេតុផលសំខាន់ដែលបណ្តាលឱ្យអត្រាកំណើតធ្លាក់ចុះខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕