វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត សម្រាប់សិល្បករ និងអ្នកធ្វើការ ក្នុងវិស័យបច្ចេកវិទ្យា នៅពេលដែលពិព័រណ៍ស្នាដៃសិល្បៈមួយ ក្នុងរដ្ឋកូឡូរ៉ាដូ (Colorado State Fair) សហរដ្ឋអាមេរិក បានសម្រេចផ្ដល់ពានង្វាន់ដល់ស្នាដៃគំនូរ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត (AI)។ ផ្ទាំងគំនូរកើតឡើងដោយពាក្យប៉ុន្មានឃ្លា ដែលគេដាក់ចូលទៅក្នុងកម្មវិធី Midjourney។ ទន្ទឹមនឹងការភ្ញាក់ផ្អើលពានរង្វាន់នេះ ក៏ទទួលបាននូវការរិះគន់ពីសិល្បករអាជីព ដោយពួកគេចាត់ទុកស្នាដៃនេះថា ជាការបន្លំ។
នៅឆ្នាំ ២០២២ នេះ ការតាំងពិព័រណ៍ស្នាដៃសិល្បៈ ក្នុងរដ្ឋកូឡូរ៉ាដូ (Colorado State Fair) សហរដ្ឋអាមេរិក បានប្រគល់រង្វាន់ទៅតាមប្រភេទស្នាដៃសិល្បៈផ្សេងៗ ដែលមានដូចជាផ្ទាំងគំនូរសិប្បកម្មប៉ាក់ និងចម្លាក់ជាដើម។ ប៉ុន្តែបុរសម្នាក់ឈ្មោះ Jason M. Allen មិនបានប្រើជក់លើផ្ទាំងគំនូររបស់លោកនោះទេ។ លោកបានប្រើកម្មវិធីរបស់ Midjourney ដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតផ្ទាំងគំនូរ សម្រាប់ចូលរួមប្រកួត។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពាក្យគន្លឹះជាល្បះ ឬជាប្រយោគ ហើយបំប្លែងខ្លឹមសារនៃពាក្យទាំងនោះ ដើម្បីបង្កើតជារូបភាព ឬផ្ទាំងគំនូរ។
ស្នាដៃសិល្បគំនូររបស់លោកមានចំណងជើងថា «Théâtre D’opéraSpatial» បានទទួលពានរង្វាន់ សម្រាប់គំនិតច្នៃប្រឌិតសិល្បករឌីជីថល ដែលនេះមានន័យថា ស្នាដៃរបស់លោកគឺជាផ្ទាំងគំនូរបង្កើតដោយ A.I ដំបូងបំផុតទទួលបានពានរង្វាន់។
លោក Allen បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ ទី ៣១ ខែសីហាថា ស្នាដៃសិល្បៈរបស់លោក គឺពិតជាបានបង្កើតឡើងដោយបច្ចេកវិទ្យា A.I មែន ហើយលោកមិនបានក្លែងបន្លំភ្នែកអ្នកណាម្នាក់ពាក់ព័ន្ធនឹងប្រភពដើមនៃផ្ទាំងសិល្បៈនេះទេ។ លោកបញ្ជាក់៖ «ខ្ញុំគ្មានអ្វីដែលត្រូវសុំទោស ចំពោះរឿងនេះឡើយ។ ខ្ញុំជាអ្នកឈ្នះពាន ព្រោះខ្ញុំមិនបានរំលោភលើលក្ខខណ្ឌ ក្នុងការប្រកួតនោះទេ»។
ក្រោយពីសាកល្បងប្រើប្រាស់ Midjourney មួយរយៈ លោក Allen មានភាពជក់ចិត្ត និងនឹកស្មានមិនដល់ពីសមត្ថភាពបង្កើតរូបភាពរបស់ A.I ដោយគ្រាន់តែប្រើពាក្យប៉ុន្មានឃ្លាប៉ុណ្ណោះ។ នាពេលនោះលោកក៏មានគំនិតយករូបភាពរបស់លោកដាក់ចូលរួមប្រកួត។ រង្វាន់ដែលលោកទទួលបានក៏មានអមមកជាមួយនូវទឹកប្រាក់ $៣០០ ផងដែរ។
ជាការកត់សម្គាល់ កម្មវិធីសម្រាប់បង្កើតផ្ទាំងគំនូរសិល្បៈឌីជីថល គឺមានជាយូរឆ្នាំមកហើយ។ ប៉ុន្តែកម្មវិធីមួយចំនួនដូចជា DALL-E 2 Midjourney និង Stable Diffusion គឺជាកម្មវិធីថ្មីដែលទើបតែអនុញ្ញាតឱ្យមនុស្សទូទៅអាចចូលទៅបង្កើតផ្ទាំងសិល្បៈឌីជីថល ដោយគ្រាន់តែប្រើពាក្យប៉ុន្មានឃ្លាប៉ុណ្ណោះ។
គំនូរដែលបង្កើតឡើងដោយ A.I កំពុងតែធ្វើឱ្យសិល្បករមួយចំនួនមានការបារម្ភពីអនាគតរបស់ពួកគេ។ ពួកគេបារម្ភខ្លាចមនុស្សលែងទិញផ្ទាំងគំនូររបស់មនុស្ស ដែលមានតម្លៃថ្លៃ ខណៈគំនូរទាំងនោះអាចបង្កើតបានតាមរយៈ A.I ដោយគ្រាន់តែប្រើពាក្យប៉ុន្មានឃ្លានោះ៕