នៅ​ប្រទេស​ថៃ ខែកញ្ញា​នេះ គឺជា​ខួប ១ ទសវត្សរ៍​ហើយ ដែល​កើតមាន​ព្រឹត្តិ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ល្បី​រន្ទឺ​មួយ​បណ្តាល​មក​ពី​បុត្រា​មហាសេដ្ឋី ១ រូប បើកឡាន​បុក​នគរបាល​ម្នាក់​ស្លាប់។ នីតិវិធី​ស្វែងរក​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ គឺ​ហាក់​នៅនឹង​ថ្កល់។

ចំណែក​ជនល្មើស​បន្ត​មាន​សេរីភាព នៅ​ក្រៅ​ឃុំ និង​ដើរហើរ​យ៉ាង​សប្បាយ​ហុឺ​ហា។ កាសែត​បស្ចិមប្រទេស​ចាប់អារម្មណ៍​ផ្សាយ​រំឭក​ព្រឹត្តិ​ការណ៍​នេះ និង​បាន​សរសេរ​លើកឡើង​ថា នេះ​គឺ​និមិត្តរូប១នៃ​អំពើ​និ​ទណ្ឌ​ភាព​នៃ​ក្រុម​អ្នកមាន​លុយ​មានអំណាច នៅ​ទីក្រុង​បាងកក និង​ស្តែង​ពី​អំពើពុករលួយ នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ថៃ។

លោក វរ​យុធ យូ​វិ​ត្យា (VorayuthYoovidhya) ជា​បុត្រា​ស្នង​តំណែង​ក្នុង​វង្សត្រកូល​គ្រួសារ​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់ Red Bull។ ព្រឹក ១ ក្នុង​ខែកញ្ញា ឆ្នាំ ២០១២ យុវជន​កូនមហា​សេដ្ឋី​រូប​នេះ បើករថយន្ត​ដ៏​ទំនើប​ម៉ាក Ferrarri និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បុក​ប៉ូលិ​សថៃ​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ រួចហើយ​ក៏​បើកឡាន​គេចខ្លួន​ចូល​ភូមិគ្រឹះ​បាត់។ ជនរងគ្រោះ​ត្រូវ​ឡាន​បុក និង​អូស​ចម្ងាយ​ប្រមាណ ២០០ ម៉ែត្រ ហើយ​បណ្តាល​ឱ្យ​បាត់បង់ជីវិត។ នៅពេល​នោះ គឺ​ជន​បង្កហេតុ ស្រវឹងស្រា និង​ប្រើ​គ្រឿងញៀន​កូ​កា​អុីន ដែល​ពិនិត្យ​ទឹកនោម​ឃើញ​នៅពេល​ក្រោយមក។ ប៉ុន្មាន​ម៉ោង​ក្រោយ​កើតហេតុ បុរស​ចំណាស់​ម្នាក់​ជា​អ្នកថែសួនច្បារ ក្នុង​គ្រួសារ​មហាសេដ្ឋី​នេះ បាន​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូល​ិ​ស និង​បាន​រាយការណ៍​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​នេះ។

បើ​ទោះបី​ពេលវេលា​រំលង​ផុត​ទៅ ១០ ឆ្នាំ​ក្តី ប៉ុន្តែ​សំណុំរឿង​ស៊ើបអង្កេត​របស់​នគរបាល ក្នុង​អំពើ​ឃាតកម្ម​នេះ គឺ​នៅ​ជាប់​គាំង​ទ្រឹង។ ជនសង្ស័យ​លោក វរ​យុធ ហាក់​គ្មាន​ព្រួយ​ភ័យ​អ្វី​សោះ និង​មិនដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ឡើយ។ លោក​រស់នៅ​ក្នុង​ជីវភាព​មានបាន​សប្បាយ​ហ៊ឺហា និង​ដើរហើរ​ទៅមក​នៅ​ទី​ក្រុង​ឡុងដ៍, ឌូ​បៃ និង​បាងកក​យ៉ាង​រំភើយ។

ហេតុការណ៍​នេះ តែង​លង​បន្លាច​រៀងរាល់​ឆ្នាំ ហើយ​រឹងរឹតតែ​ត្រូវ​ពលរដ្ឋ​ថៃ​យក​មក​ជជែកគ្នា​យ៉ាង​ផុលផុស ក្នុង​ខួប ១០ ឆ្នាំនេះ។ ក្នុង​វិស័យ​នយោបាយ​ថៃ ក៏​ត្រូវ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​អ្នកប្រឆាំង​របប​សឹក​ក្រុង​បាងកក បាន​យក​ទៅ​រិះគន់​ដែរ ព្រមទាំង​ទាមទារ​ឱ្យ​កែទម្រង់​វិស័យ​ប្រព័ន្ធ​យុត្តិធម៌។ ប្រជាពលរដ្ឋ​ថៃ ដែល​ស្រឡាញ់​សិទ្ធ​មនុស្ស និង​ខ្ពើម​អំពើ​អយុត្តិធម៌ ធ្វើ​ពហិការ​មិន​ផឹក​ភេសជ្ជៈ​គោ​ជល់​របស់​ក្រុមហ៊ុន Red Bull ទៀតផង​៕