មនុស្ស​យ៉ាង​តិច​ ៦៥ ​នាក់​ ត្រូវ​បាន​អះអាងថា ​ស្លាប់ ​ដោយសារ​ផល​ប៉ះពាល់​ពី​ការ​រញ្ជួយ​ដី​នៅក្នុង​ខេត្ត ​Sichuan ​ស្ថិត​នៅភាគ​និរតី​នៃ​ប្រទេស​ចិន​ ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ដែល​អាជ្ញាធរ ​បន្ត​ជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ។

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិនៃប្រព័ន្ធ​ផ្សាយ​រដ្ឋ​ចិន CCTV​ បណ្តាញ​ព័ត៌មាន​ CNN របស់​អា មេរិក​ និង REUTER​ របស់​ចក្រភព​អង់គ្លេសជា​ដើម ​បាន​ផ្សាយថា ​គ្រោះរញ្ជួយ​ដី​កម្រិត ៦,​៦ ​រ៉ិចទ័រ​ ដែល​បាន​វាយប្រហារ​ទីក្រុង Chengdu​ នៃ​ខេត្ត ​Sichuan ​នៅ​តំបន់​និរតី​នៃ​ប្រទេស​ចិន​ ​ចាប់តាំង​ពី​​ម៉ោង ​​១​ រសៀល​​កាល​ពីថ្ងៃ​ចន្ទ​ នៅ​តែ​មាន​​បង្ក​គ្រោះថ្នាក់។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​មនុស្ស​​យ៉ាង​តិច​ ២៤៨​ នាក់​ បាន​រង​របួស ​និង ​១២ ​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ​បាន​រាយការណ៍​ថា​ ក្រុមអ្នក​ជួយ​សង្គ្រោះ​ ក៏​កំពុង​ធ្វើ​ការ​លើ​ការ​ទាញ​យក​មនុស្ស​ជាង ​២០០ ​នាក់​ដែល​ជាប់គាំង​នៅក្នុងតំបន់​រញ្ជួយ​ និង​ស្ដារ​ឡើងវិញ​នូវ​សេវា​ទូរ​គមនាគមន៍​ និង​ថាមពល និង​ប្រព័ន្ធទឹ​ក ព្រម​ទាំងការផ្តល់​អាហារ​ដល់​ប្រជាពល​រដ្ឋ​ដែល​រងផល​ប៉ះពាល់​​។

នៅ​​​ថ្ងៃ​អង្គារ​ ទូរទស្សន៍រដ្ឋ បានរាយការណ៍​ថា មនុស្សជាង ២០០​ នាក់​នៅតែ​ជាប់​គាំង​នៅក្នុង​ទីក្រុង Hailuogou ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏ពេញ​និយម​មួយ​ ដែល​ត្រូវបាន​គេស្គាល់​ដោយសារ​ផ្ទាំង​ទឹកកក ​ព្រៃឈើ​ដ៏​ខៀវ​ស្រងាត់​ និង​កំពូល​ភ្នំ​ដ៏​ស្រស់​ស្អាត។​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​កំពុង​ធ្វើ​ការ​ ដើម្បី​បើកផ្លូវ​ដែល​បិទ​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​។​

នៅ​ទីក្រុង Luding ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី ​ហេដ្ឋារចនា​សម្ព័ន្ធ​ ថាមពល ​និង​ទឹក និង​ទូរគមនាគមន៍​ ត្រូវ​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។​ នេះ​បើយោង​តាម​ទូរទស្សន៍​រដ្ឋ​។

កា​រខូ​តខា​ត ត្រូវ​បានគេ​​រាយការណ៍​ផងដែរ​ថា ​ផ្ទះចំនួន​ ២៤៣ ​ខ្នង​ បាន​ដួលរលំ​ និង ​១៣ ០១០ ​ខ្នង​ បាន​រងការ​ខូចខាត។ ​សណ្ឋាគារ​ចំនួន ៤ ​និង​ផ្ទះ​ស្នាក់នៅ​​រាប់​រយកន្លែង​​​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ៕​