ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កំពុងតែពិចារណានូវរាល់ជម្រើសទាំងអស់ ក្នុងការនាំចូលប្រេងពីរុស្សី ដែលការពិចារណានេះទៀតសោតប្រមុខដឹកនាំឥណ្ឌូនេស៊ីថា មិនមែនធ្វើឡើងតែឥណ្ឌូនេស៊ីតែឯងទេ ប៉ុន្តែក៏មានការចូលរួមផងដែរជាមួយប្រទេសមហាយក្សក្នុងតំបន់ផ្សេងទៀតនៅអាស៊ី ដូចជាឥណ្ឌា និងចិនជាដើម។ នេះបើតាមការស្រង់សម្ដីលោកប្រធានាធិបតីចូកូ វីដូដូ ផ្សាយលើកាសែត Financial Timeនៅថ្ងៃចន្ទ ទី ១៣ កញ្ញា។
ការពិចារណារបស់ប្រមុខដឹកនាំឥណ្ឌូនេស៊ី ដូច្នេះធ្វើឡើង ដើម្បីទប់ទល់នឹងតម្លៃថាមពល ដែលរដ្ឋាភិបាលរបស់លោកត្រូវបង្ខំចិត្តដំឡើងថ្លៃប្រេងឥន្ធនៈក្នុងអត្រាមួយខ្ពស់រហូតដល់ទៅ ៣០ ភាគរយ នៅក្នុងខែកញ្ញានេះ។ ប៉ុន្តែការសម្រេចចិត្តទិញប្រេងពីរុស្ស៊ីក្នុងតម្លៃលើសពីតម្លៃដែលកំណត់ដោយក្រុមប្រទេស G7 អាចធ្វើឱ្យឥណ្ឌូនេស៊ីត្រូវប្រឈមមុខនឹងសម្ពាធ ឬទណ្ឌកម្មណមួយពីសំណាក ប្រទេសលោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិកតែម្ដង ខណៈដែលឥណ្ឌូនេស៊ីខ្លួនឯង កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅកោះបាលីក្នុងខែវិច្ឆិកាខាងមុខ ជាកិច្ចប្រជុំដែលលោកប្រធានាធិបតីឥណ្ឌូនេស៊ បានអញ្ជើញមេដឹកនាំពិភពលោកដែលក្នុងនោះរួមមានទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី មកចូលរួមផង។
ការទិញប្រេងពីរុស្ស៊ី បើតាមលោក ចូកូ វីដូដូ គឺជារឿងដែលទាមទារឱ្យមានការគិតគូរឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត ហើយឥណ្ឌូនេស៊ីនឹងពិចារណាទៅលើជម្រើសទាំងអស់ ហើយថាប្រសិនបើមានប្រទេសផលិតប្រេងដែលអាចផ្គត់ផ្គង់ប្រេងក្នុងតម្លៃមួយសមរម្យនោះវាជារឿងល្អសម្រាប់រដ្ឋាភិបាល។
រដ្ឋាភិបាលដែលបើតាមការសង្កត់ធ្ងន់របស់លោក ចូកូ វីដូដូ គឺមានកាតព្វកិច្ចស្វែងរកប្រភពផ្សេងៗ ដើម្បីបំពេញតម្រូវការថាមពលរបស់ប្រជាជន ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិថាមពលឡើងថ្លៃធ្វើឱ្យ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងអាជីវកម្មរបស់ពួកគេ។
ឥណ្ឌូនេស៊ីដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានអនុវត្តតាមគោលនយោបាយមិនចូលបក្សសម្ព័ន្ធជាមួយប្រទេសមហាអំណាចយូរមកហើយ ដោយលោក វីដូដូ បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ និងកៀវ ក្នុងខែមិថុនា ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ដើម្បីអញ្ជើញមេដឹកនាំរុស្ស៊ីចូលរួមកិច្ចប្រជុំ G20។
លោក David Sumual ប្រធានសេដ្ឋវិទូនៃធនាគារកណ្តាលអាស៊ីកណ្តាលបានគូសបញ្ជាក់ថា៖ «ប្រសិនបើឥណ្ឌូនេស៊ីទិញប្រេងពីរុស្ស៊ី ជាជម្រើសមិនល្អប៉ុន្មានទេ ដោយសារប្រទេសឥណ្ឌូនេស៊ីជាប្រទេសមិនចូលបក្សសម្ព័ន្ធ ហើយថែមទាំងជាស្ថាបនិកនៃចលនាប្រជាជាតិមិនចូលបក្សសម្ព័ន្ធទៀតផង»។
យ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ បានដាក់សំណើលក់ប្រេងទៅទីក្រុងហ្សាការតា ក្នុងតម្លៃទាបជាងអត្រាទីផ្សារអន្តរជាតិចំនួន៣០ភាគរយ។ ប៉ុន្តែ Pertamina ដែលជាក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងកាលពីខែសីហាថា ខ្លួនកំពុងពិចារណា ពិសេសគឺពិនិត្យមើលពីហានិភ័យនៃការទិញប្រេងពីរុស្ស៊ី។ នោះក៏ដោយសារតែសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានគំរាមដាក់ទណ្ឌកម្មលើប្រទេសដែលហ៊ានទិញប្រេងពីរុស្ស៊ី ក្រោមតម្លៃដែលប្រទេសលោកខាងលិចបានកំណត់។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានជួបវិបត្តិថាមពល ដោយសារការប្រើប្រាស់ក្នុងស្រុកមានបរិមាណច្រើនហើយតម្លៃថាមពលក៏ខ្ពស់ទៀត សម្រាប់បម្រើដល់វិស័យចម្បងចំនួន ២ របស់ខ្លួន គឺធ្យូងថ្ម និងប្រេងដូង។
ការឡើងថ្លៃប្រេងនៅឥណ្ឌូនេស៊ី ជំរុញអតិផរណាឱ្យកើនឡើងខ្ពស់ជាងមុន ហើយបង្ខំឱ្យធនាគារកណ្តាលឥណ្ឌូនេស៊ី បង្កើនអត្រាការប្រាក់ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
គួរកត់សម្គាល់ថា ប្រសិនបើឥណ្ឌូនេស៊ីចូលរួមជាមួយឥណ្ឌានិងចិនទិញប្រេងពីរុស្ស៊ី នោះវានឹងជួយឱ្យទីក្រុងម៉ូស្គូ បានទទួលប្រាក់ចំណូល ជំនួសឱ្យ ការខាតបង់របស់ខ្លួនពីទណ្ឌកម្ម និងការធ្លាក់ចុះនៃអត្រាលក់ប្រេងទៅអឺរ៉ុប។
ក្រៅពីសំណុំរឿងទិញប្រេងនេះ ឥណ្ឌូនេស៊ី និងរុស្ស៊ី មានគម្រោងថាមពលធំៗជាច្រើនដែលត្រូវបានគ្រោងទុក ពីពេលមុនរួចទៅហើយ ដែលរួមមានរោងចក្រចម្រាញ់ប្រេងតម្លៃរាប់ពាន់លានដុល្លារនៅកោះជ្វាខាងកើត ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Pertamina និង Rosneft របស់រុស្ស៊ី។ក្រុមហ៊ុន Zarubezhneft គ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី មានភាគហ៊ុនពាក់កណ្តាលនៅក្នុងប្លុករុករកប្រេង និងឧស្ម័ន Tuna នៅសមុទ្រចិនខាងត្បូង ដែលជាតំបន់នៅជិតព្រំដែនសមុទ្រឥណ្ឌូនេស៊ីជាមួយវៀតណាម។
ទាក់ទងនឹងកិច្ចប្រជុំកំពូល G20 នៅកោះបាលី លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា លោក ពូទីន និងលោក ហ្សេលេស្គី នឹងចូលរួម ជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ដូចជាប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីអាមេរិក ចូ បៃដិន ដោយបន្ថែមថា វេទិកាកិច្ចប្រជុំកំពូល G20 នៅកោះបាលីនេះ នឹងបើកឱកាសឱ្យ ប្រធានាធិបតីអ៊ុយក្រែនអាចថ្លែងសុន្ទរកថាលោកបាន ប្រសិនបើលោកចង់ថ្លែង៕
វីដេអូ៖