អាជ្ញាធរព្រែកជីកស៊ុយអេរបស់អេហ្ស៊ីប ប្រកាសកាលពីចុងសប្ដាហ៍ថា អាជ្ញាធរនឹងដំឡើងថ្លៃធ្វើដំណើរឆ្លងកាត់ព្រែក ចំពោះកប៉ាល់ដឹកទំនិញគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ តទៅ។
បើតាមការប្រកាសរបស់អាជ្ញាធរដដែល តម្លៃឆ្លងកាត់ សម្រាប់កប៉ាល់ដឹកប្រេង ឬផលិតផលប្រេង នឹងត្រូវដំឡើង ១៥% ហើយតម្លៃ សម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញទូទៅ និងកប៉ាល់ សម្រាប់ដំណើរកម្សាន្ត នឹងត្រូវដំឡើង ១០%។
ជុំវិញការតម្លើងនេះ ប្រធានអាជ្ញាធរព្រែកជីកស៊ុយអេ លោក Osama Rabie បានអះអាងថា វាគឺជាការ ដែលមិនអាចចៀសរួច និងមានភាពចាំបាច់ ដោយសារតែកំណើននៃអត្រាអតិផរណារបស់ពិភពលោក ដែលតម្រូវឱ្យការចំណាយលើការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់អាជ្ញាធរ ការជួសជុលថែទាំ និងសេវាកម្មរបស់ព្រែក មានការកើនឡើង។
ព្រែកជីកស៊ុយអេ គឺជាផ្លូវទឹកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ហើយប្រហែល ១០% នៃពាណិជ្ជកម្មពិភពលោក រួមទាំង ៧% នៃប្រេងរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនតាមព្រែកនេះ។ វាគឺជាប្រភពចំណូលដ៏ធំរបស់អេហ្ស៊ីប។ អេហ្ស៊ីប ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ច្រើន ហើយខ្វះធនធាន ដើម្បីនាំចូលទំនិញសំខាន់ៗ ដូចជាគ្រាប់ធញ្ញជាតិ និងប្រេងឥន្ធនៈ។
យោងតាមអាជ្ញាធរព្រែកដដែល នាវាចំនួន ២០ ៦៤៩ ជើង បានឆ្លងកាត់ព្រែក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ កំណើននេះ ធ្វើឱ្យប្រាក់ចំណូល ដែលរកបានពីតម្លៃឆ្លងកាត់ព្រែកឡើងរហូតដល់ $៦,៣ ប៊ីលាន នៅឆ្នាំ ២០២១ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប។
នាពេលនេះ អាជ្ញាធរកំពុងជីកពង្រីកព្រែកនៅភាគខាងត្បូងឱ្យជ្រៅបន្ថែម បន្ទាប់ពីកប៉ាល់ Ever Given ជាប់ស្ទះ នៅព្រែកនេះរយៈពេល ៦ ថ្ងៃ កាលពីខែមីនាឆ្នាំមុន ដែលធ្វើឱ្យរំខានដល់ការដឹកជញ្ជូនទំនិញទូទាំងពិភពលោក៕