ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានប្រកាសកាលពីដើមខែកញ្ញាថា នឹងចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី ៦ ខែតុលា ខាងមុខនេះ ពោលគឺ ១ ខែ ក្រោយពេលដែលក្រុមហ៊ុន Apple ទើបតែចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន គឺម៉ូដែល iPhone 14 កាលពីដើមខែកញ្ញាកន្លងទៅ។
ក្រុមហ៊ុន Google គ្រោងនឹងបញ្ចេញទូរស័ព្ទជំនាន់ថ្មីគឺ Pixel 7 និង Pixel 7 Pro សម្រាប់ឆ្នាំ ២០២២។ នេះក៏ជាលើកទី១ ដែរ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដែលគ្រោងនឹងបញ្ចេញផលិតផលថ្មីក្រៅពីទូរស័ព្ទ នោះគឺនាឡិកាដែលត្រូវបានគេស្គាល់ឈ្មោះថា Pixel Watch ខុសគ្នាពីគូប្រជែងរបស់ខ្លួនក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងដាក់លក់ផលិតផលដែលខ្លួនប្រកាសចេញនោះ នៅក្នុងថ្ងៃតែ ១ ពោលគឺអតិថិជនអាចទិញបានភ្លាមៗ នៅពេលក្រុមហ៊ុនប្រកាសចេញ។ ព្រឹត្តិការណ៍ចេញលក់ផលិតផលថ្មីនេះ នឹងធ្វើឡើងនៅក្រុង New York សហរដ្ឋអាមេរិក នាវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២។
ជាការកត់សម្គាល់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាពិសេសក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Google ជាដើម រមែងបញ្ចេញផលិតផលថ្មីរបស់ខ្លួនសម្ញែងដាក់គ្នា ក្នុងអំឡុងខែសីហា រហូតដល់ខែតុលា។ ក្រុមហ៊ុន Apple កាលដើមខែកញ្ញាកន្លងទៅនេះ បានបង្ហាញ និងដាក់លក់ផលិតផលទូរស័ព្ទជំនាន់ថ្មី គឺ iPhone 14 និងនាឡិកាឆ្លាតវៃជំនាន់ថ្មីជាដើម។
សូមជម្រាបថា កាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានបង្ហាញជាវីដេអូខ្លីអំពី Pixel 7 ក្នុងសន្និសីទបច្ចេកវិទ្យារបស់របស់ខ្លួន។ យ៉ាងណាក៏ដោយចុះ គ្មានអ្នកណាម្នាក់ដឹងនៅឡើយទេថា ទូរស័ព្ទជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ១ នេះ នឹងយកបច្ចេកវិទ្យាថ្មីបែបណាមកបំពាក់លើទូរស័ព្ទនេះទេ។បើតាមការចុះផ្សាយរបស់ CNBC គឺទាល់តែដល់ថ្ងៃទី ៦ ខែតុលានោះតែម្ដង ទើបគេអាចដឹងពីបច្ចេកវិទ្យា រួមទាំងតម្លៃ និងលក្ខណៈពិសេសរបស់ Pixel 7 និង Pixel 7 Pro របស់ក្រុមហ៊ុន Google។
អ្នកអភិវឌ្ឍន៍កម្មវិធីសម្រាប់ទូរស័ព្ទ Android បានបង្ហើបថាចំពោះទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Google នឹងមានសមត្ថភាពឈីបខ្ពស់ជាងជំនាន់មុន ១០% ដែលបំពាក់ដោយបន្ទះឈីប Tensor ជំនាន់ទី២របស់ Google។ សម្រាប់មុខងារផ្សេងទៀត ដូចជាការបង្ហាញរូបភាពជាដើមនឹងបង្កើនសមត្ថភាពដល់ទៅ ២០%។
កំណែប្រែថ្មីនៅលើទូរស័ព្ទ Pixel 7 នឹងមានសមត្ថភាពកាន់តែប្រសើរជាងមុនចំពោះការលេងហ្គេម និងការគណនារូបភាពពេលថតរូប។ ប៉ុន្តែសម្រាប់ការប្រើទូរស័ព្ទជាធម្មតាប្រចាំថ្ងៃ អ្នកប្រើប្រាស់នឹងមិនមានអារម្មណ៍ថា ទូរស័ព្ទដើរលឿនទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធី បានលើកឡើងថា ការយកពិន្ទុមកវាស់វែងនៅពេលនេះ មិនមានលក្ខណៈជាផ្លូវការអាចទទួលយកបាន ឬជឿជាក់បានទាំងស្រុងទេ ព្រោះគេមិនទាន់បានឃើញ និងស្គាល់ផលិតផលថ្មីទាំងនោះផង រហូតដល់ថ្ងៃទី ៦ ខែតុលា ទើបគេអាចវាយតម្លៃបាន៕