ការស្រាវជ្រាវថ្មី១ បង្ហាញថាភាពអត់ឃ្លានខ្លាំង កើនឡើងលើសទ្វេដង ក្នុងប្រទេសចំនួន ១០ ដែលរងប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិអាកាសធាតុ។ ដើម្បីឆ្លើយតបបញ្ហានេះ អង្គការអុកស្វាម (Oxfam) បានទទូចឱ្យក្រុមប្រទេសអ្នកមានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានច្រើន និងផ្តល់សំណងដល់ប្រទេស ដែលមានចំណូលទាប និងដែលជាប្រទេស បញ្ចេញឧស្ម័នកាបូនិកតិច។
គ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះកំណាច និងវិបត្តិអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត បានទាញឱ្យប្រទេស ១០ ក្នុងពិភពលោក ជួបប្រទះគ្រោះអត់ឃ្លានខ្លាំង ដោយកើនរហូតដល់ ១២៣% ក្នុងរយៈពេលត្រឹមតែ ៦ ឆ្នាំចុងក្រោយ។ នេះបើតាមរបាយ-ការណ៍របស់អង្គការអុកស្វាម កាលពីថ្ងៃទី ១៥ ខែកញ្ញា។
ក្នុងបណ្តាប្រទេស ដែលត្រូវបានសិក្សា មនុស្ស ៤៨ លាននាក់ កំពុងរងគ្រោះពីភាពអត់ឃ្លានធ្ងន់ធ្ងរ ដោយកើនពីចំនួន ២១ លាននាក់ ក្នុងឆ្នាំ ២០១៦ ។ នាយកប្រតិបត្តិអន្តរជាតិរបស់អុកស្វាម លោកស្រី កាប្រ៊ីអេឡា ប៊ូឆឺ (Gabriela Bucher) ប្រាប់ថា ការប្រែប្រួលអាកាសធាតុ គឺជាគ្រោះថ្នាក់ ដែលកំពុងកើតមាននៅចំពោះមុខ នាពេលនេះ។ វិបត្តិអាកាសធាតុកំពុងធ្វើឱ្យមានគ្រោះរាំងស្ងួត ព្យុះស៊ីក្លូន និងទឹកជំនន់ កើនឡើង ៥ ដង ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយ ហើយវាកើតកាន់តែញឹកញាប់ និងកាចសាហាវជាងមុន។
ប្រទេស ១០ ដែលអង្គការអុកស្វាម រកឃើញថា រងប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុនោះ រួមមានដូចជាសូម៉ាលី ហៃទី ជីប៊ូទី កេនយ៉ា នីហ្សេរីយ៉ា អាហ្វហ្គានីស្ថាន ហ្គាតេម៉ាឡ ម៉ាដាហ្គាស្ការ ប៊ូគីណាហ្វាសូ និងហ្ស៊ីមបាវ៉េ។ ភាគច្រើននៃប្រទេសទាំងនេះ ស្ថិតនៅទ្វីបអា្រហ្វិក។
សូម៉ាលីជួបគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ ហើយមនុស្ស ១ លាននាក់បានរត់ភៀសខ្លួន ខណៈនៅកេនយ៉ាវិញ សត្វពាហនៈ ២,៥ លានក្បាល ស្លាប់ ហើយមនុស្ស ២,៤ លាននាក់ កំពុងអត់ឃ្លាន។
លោកស្រីប៊ូឆឺ និយាយថា មេដឹកនាំនៃបណ្តាប្រទេស ដែលបញ្ចេញឧស្ម័នកាបូនិកច្រើន ត្រូវតែធ្វើតាមការសន្យារបស់ខ្លួន ក្នុងការបន្ថយការបំភាយឧស្ម័ន ដោយត្រូវតែផ្តល់ថវិកាសម្រាប់ជួយដល់វិធានការសម្របខ្លួន និងការបាត់បង់ ព្រមទាំងការខូចខាត នៅក្នុងប្រទេសដែលមានចំណូលទាប ក៏ដូចជាការចាក់បញ្ចូលមូលនិធិសង្គ្រោះជីវិតភ្លាមៗ ដើម្បីជួយដល់ប្រទេស ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រែប្រួលអាកាសធាតុនេះ»៕