ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនចាប់ផ្តើមផលិតទូរស័ព្ទ iPhone 14 ដែលជាផលិតផលស៊េរីថ្មីចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ កំពុងរុះរើផលិតកម្មរបស់ខ្លួនមួយចំនួនចេញពីប្រទេសចិន។
ការផលិតទូរស័ព្ទភាគច្រើនរបស់ក្រុមហ៊ុន Apple ធ្វើឡើងនៅក្នុងប្រទេសចិន ក៏ប៉ុន្តែក្រុមហ៊ុន បានកាត់បន្ថយការពឹងផ្អែកច្រើនពេកលើចិន ដោយងាកទៅរកគោលដៅថ្មី ចំពេលដែលភាពតានតឹងកើនឡើងខ្លាំង រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ គោលនយោបាយហ្សេរ៉ូកូវីដដ៏តឹងតែងរបស់រដ្ឋអំណាចចិន ដែលបានរុញច្រានឱ្យមានការបិទខ្ទប់ជាច្រើននោះ ក៏បង្កការរំខានយ៉ាងខ្លាំងដល់អាជីវកម្មផងដែរ។
ក្រុមហ៊ុន Apple បានបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ និងសមត្ថភាពសុវត្ថិភាពសំខាន់ៗរបស់ទូរស័ព្ទ iPhone14 ដែលជាផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន កាលពីដើមខែនេះ។ Apple ថា ក្រុមហ៊ុនខ្លួនពិតជារំភើបមែនទែន ក្នុងការផលិតទូរស័ព្ទ iPhone14 នៅក្នុងប្រទេសឥណ្ឌា។
ក្រុមអ្នកវិភាគនៅធនាគារវិនិយោគពហុជាតិអាមេរិក J.P.Morgan ប៉ាន់ស្មានថា ក្រុមហ៊ុន Apple នឹងផ្លាស់ទីប្រមាណ ៥% នៃផលិតកម្មទូរស័ព្ទ iPhone 14 ចាប់ពីចុងឆ្នាំ ២០២២ ទៅកាន់ទឹកដីឥណ្ឌា ដែលជាទីផ្សារទូរស័ព្ទឆ្លាតវៃធំទី២ របស់ពិភពលោក បន្ទាប់ពីចិន។
ក្រុមអ្នកវិភាគដដែល បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple អាចនឹងផលិតទូរស័ព្ទ iPhone ចំនួន ២៥% ក្នុងប្រទេសឥណ្ឌា នៅឆ្នាំ ២០២៥៕