ក្នុងឧបសគ្គបន្តកន្ទុយគ្នា លោក យូន ស៊ុកយោល ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងឡើងកាន់អំណាចនៅខែឧសភា ត្រូវដោះស្រាយបញ្ហាប្រឈមក្នុងស្រុកជាច្រើន។ មុនជាប់ឆ្នោតជាប្រធានាធិបតី អតីតរដ្ឋអាជ្ញារូបនេះបានសន្យាថា នឹងបង្រួបបង្រួមប្រទេសដែលមានការបែងចែងគ្នា ប៉ុន្តែ ៤ ខែក្រោយឡើងកាន់អំណាច ការសន្យាទាំងនេះហាក់មិនសូវជាឃើញផ្លែផ្កាសោះ។
លើសពីនេះ អត្រានៃការគាំទ្ររបស់លោក យូន ក៏ធ្លាក់ចុះ ស្របពេលដែលគណបក្សអំណាចប្រជាជនរបស់លោក ក៏មិនអាចគ្រប់គ្រងសភាបាន។ មិនត្រឹមតែប៉ុណ្ណោះ គណៈរដ្ឋមន្ត្រី ៥ រូប ដែលលោកតែងតាំងក៏ត្រូវបង្ខំខ្លួនចុះចេញពីតំណែង ដោយសារតែរងការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រកាន់បក្ខពួក ការបៀតបៀនផ្លូវភេទ និងការរំលោភក្រមសីលធម៌ផ្សេងៗ។
ទោះបីជាយ៉ាងក្ដី លោក យូន ក៏នៅតែសង្ឃឹមលើការបង្កើនប្រជាប្រិយភាពរបស់លោកក្នុងស្រុក ក៏ដូចជាមុខមាត់របស់លោកលើឆាកអន្តរជាតិ ដោយបន្តរបៀបវារៈនៃគោលនយោបាយការបរទេសថ្មី។ គោលនយោបាយនោះនឹងធ្វើឱ្យសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក មានលក្ខណៈកាន់តែស៊ីជម្រៅរាប់តាំងពីកិច្ចសហប្រតិបត្តិការប្រព័ន្ធមីស៊ីលការពារអាកាសរហូតដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក។
យ៉ាងណាមិញ លោកក៏ត្រូវប្រុងប្រយ័ត្នក្នុងជំហរដែលមិនប្រឆាំងនឹងចិន ឬបង្កឱ្យកូរ៉េខាងជើងឆេះដុំ ស្របពេលដែលប្រឹងប្រែងធ្វើឱ្យគោលនយោបាយការបរទេសរបស់ខ្លួន មានលក្ខណៈលេចធ្លោខុសពីប្រធានាធិបតីមុនៗ។
ក្នុងបទសម្ភាសន៍មួយកាលពីពាក់កណ្តាលខែកញ្ញា លោក យូន បានប្រាប់កាសែតញូវយ៉កថែមស៍ថា ការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខរវាងក្រុងសេអ៊ូលជាមួយក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ គឺជារឿងចាំបាច់ ដែលត្រូវធ្វើ ហើយមិនអាចចៀសរួច។ តែការអនុវត្តគោលនយោបាយបែបនេះ គឺជារឿងដ៏ពិបាកមួយ សម្រាប់លោក យូន ព្រោះវាទាមទារឱ្យមានតុល្យភាពជាមួយដៃគូក្នុងតំបន់។
បើនិយាយពីកិច្ចខិតខំប្រឹងប្រែង រំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូងមុនៗ សុទ្ធតែព្យាយាម ប៉ុន្តែមិនបានសម្រេច។ មិនថាអ្នកមុនៗ ប៉ុន្មាននាក់ចុងក្រោយ ឬក៏លោក យូន នោះទេ គ្មាននរណាមិនប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយខ្លាំងៗ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងចិន ដែលសុទ្ធសឹងតែជាដៃគូសំខាន់ៗនោះឡើយ។ ការប្រឈមមុខបែបនេះអាចជាឧបសគ្គប៉ុនភ្នំរបស់ក្រុងសេអ៊ូល ព្រោះអាមេរិក ជាសម្ព័ន្ធមិត្តលើវិស័យសន្តិសុខដ៏ធំរបស់កូរ៉េខាងត្បូង ខណៈចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតដូចគ្នា ប៉ុន្តែប្រទេសនេះជាមិត្តនឹងកូរ៉េខាងជើង។
ក្នុងបទសម្ភាស៍ដដែលជាមួយកាសែតញូវយ៉កថែមស៍ លោក យូន បានប្រយ័ត្នប្រយែង ដើម្បីបង្ហាញថា រាល់សម្ព័ន្ធភាពលើវិស័យសន្តិសុខរបស់កូរ៉េខាងត្បូងជាមួយដៃគូ មិនមែនបង្កើតឡើង ដើម្បីប្រកួតនឹងចិននោះទេ។ លោកអះអាងយ៉ាងដូច្នេះថា៖ «ប្រព័ន្ធការពាររបស់យើងរៀបចំឡើង ដើម្បីដោះស្រាយការគំរាមកំហែងរបស់កូរ៉េខាងជើង មិនមែនចិន ឬប្រទេសផ្សេងទៀតនោះទេ»។
មុនឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងខែមីនា លោក យូន ធ្លាប់បម្រើការជារដ្ឋអាជ្ញារយៈពេល ២៦ ឆ្នាំ ហើយមិនដែលកាន់តំណែងណាមួយ ដែលឆ្លងកាត់ការបោះឆ្នោតនោះទេ។ អ្នករិះគន់លើកឡើងថា កង្វះបទពិសោធរបស់លោកបែបនេះ ជាបន្ទុកសម្រាប់កូរ៉េខាងត្បូង។ បើទោះបីជាបែបនេះក្ដី ប្រធានាធិបតីរូបនេះបានប្តេជ្ញាចិត្តថានឹងផ្លាស់ប្តូរការសម្រេចចិត្តលើគោលនយោបាយការបរទេសដែលអ្នកកាន់តំណែងមុន (លោក មូន ចែអ៊ីន) របស់លោកបានអនុវត្ត។
ក្នុងគោលនយោបាយបែបរណប ឬស្លូតៗដាក់កូរ៉េខាងជើង លោក មូន បានត្រួសត្រាយផ្លូវ សម្រាប់កិច្ចប្រជុំកំពូល និងជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ត្រាំ។ យ៉ាងណាមិញ លោក គីម និងលោក ត្រាំ បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរ ហើយទំនាក់ទំនងការទូតក៏ជាប់គាំង។ ក្នុងស្ថានភាពបែបនេះ កូរ៉េខាងជើងក៏បន្តកម្មវិធីអាវុធនុយក្លេអ៊ែរ ទាំងមិនខ្វល់ពីទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ដែលកម្ទេចសេដ្ឋកិច្ចរបស់ខ្លួននោះឡើយ។
មកទល់ពេលនេះ លោក យូន នៅតែហៅជំនួបទាំងប៉ុន្មានលើករបស់លោក គីម និងលោក ត្រាំ ថាជា «ល្ខោននយោបាយ»។ ទន្ទឹមនឹងនេះ លោក យូន ថែមទាំងរិះគន់ជំហររបស់លោក មូន លើទំនាក់ទំនងរវាងចិន និងអាមេរិក ថាគ្មានភាពច្បាស់លាស់ ហើយប្ដេជ្ញាថា លោកនឹងធ្វើឱ្យវាមានលក្ខណៈច្បាស់លាស់ជាងមុន។
ដើម្បីសម្រេចបានឱ្យដូចការអះអាងនេះ លោក យូន បានស្ដារឡើងវិញនូវសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយអាមេរិក ដែលសមយុទ្ធនេះបានចុះខ្សោយក្នុងអាណត្តិលោក ត្រាំ និងលោក មូន។ ក្រោមការដឹកនាំរបស់លោក យូន កូរ៉េខាងត្បូងបានចូលរួមក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលគេមើលឃើញថាជាកិច្ចផ្ដួចផ្ដើមដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងចិន ក្នុងការប្រណាំងប្រជែងគ្នាលើចង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។
លោក យូន ក៏ចូលរួមផងដែរក្នុងកិច្ចពិភាក្សាបឋមសម្រាប់សម្ព័ន្ធភាពបច្ចេកវិទ្យា «Chip 4 » ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងតៃវ៉ាន់។ ហើយបើទោះបីជាមានការភ័យខ្លាចថា ការចូលរួមនេះ បង្កការខឹងសម្បាពីចិនក៏ដោយ លោក យូន បានអះអាងថា វាជាភាពចាំបាច់ដើម្បីឱ្យរដ្ឋាភិបាលទាំង ៤ ពង្រឹងទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធ។
ទន្ទឹមនឹងនេះ ចេតនារបស់លោក យូន ក្នុងការចូលរួមឱ្យកាន់តែជិតស្និទ្ធជាមួយបស្ចិមលោកបង្ហាញឱ្យកាន់តែច្បាស់ បន្ទាប់ពីលោកក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលចូលរួមកិច្ចប្រជុំរបស់អង្គការណាតូ នៅខែមិថុនា។ បន្ថែមពីនេះ លោកក៏ប្រឹងប្រែងជួសជុលទំនាក់ទំនងជាមួយជប៉ុន ជុំវិញបញ្ហាប្រវត្តិសាស្ត្រដ៏អាក្រក់ ដែលបន្សល់ទុកមកពីសម័យអាណានិគមជប៉ុនផងដែរ។
ទោះយ៉ាងណាក៏ដោយ លោក Cheong Seong-chang អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Sejong របស់កូរ៉េខាងត្បូង បានមើលឃើញថា ការពង្រឹងការទូតជាមួយអាមេរិកត្រូវប៉ះទង្គិចនឹងការពិតនៃទំនាក់ទំនងពាណិជ្ជកម្មកូរ៉េខាងត្បូង-ចិន។ អ្នកវិភាគដដែលបន្តថា៖ «លោកប្រធានាធិបតី យូន ខ្វះទិសដៅច្បាស់លាស់ និងលម្អិត ពីព្រោះកូរ៉េខាងខាងត្បូង មិនអាចព្រងើយកន្តើយដាក់ចិនបានទេ»។
រហូតមកដល់ពេលនេះ លោក យូន បានប្រឈមមុខនឹងរដ្ឋាភិបាលក្រុងប៉េកាំងលើវិស័យមួយចំនួន។ លោកបានប្រកាសថា លោកមិនចាប់អារម្មណ៍នឹងគោលនយោបាយ «៣ កុំ» របស់លោក មូន នោះទេ។ គោលនយោបាយនេះ បង្កើតឡើងកុំឱ្យចិនខឹងសម្បា ដោយរួមមាន កុំដាក់ពង្រាយបន្ថែមនូវប្រព័ន្ធការពារមីស៊ីលទំនើប Thaad របស់អាមេរិកនៅកូរ៉េខាងត្បូង កុំចូលរួមក្នុងបណ្ដាញនៃប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក និងកុំចូលរួមសម្ព័ន្ធភាពយោធាត្រីភាគីជាមួយក្រុងវ៉ាស៊ីនតោន និងតូក្យូ។
ចាប់តាំងពីឆ្នាំ ២០១៧ ចិនតែងតែប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Thaad នៅលើទឹកដីកូរ៉េខាងត្បូង ប៉ុន្តែលោក យូន ប្រកែកថា វាជាខែលការពារសំខាន់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់កូរ៉េខាងជើង។ ទោះបែបនេះក៏ដោយ លោក យូន ទទួលស្គាល់ពីដែនកំណត់ដែលកូរ៉េខាងត្បូងអាចធ្វើទៅបានក្នុងការប្រឈមមុខនឹងចិន និងការកសាងទំនាក់ទំនងជាមួយជប៉ុន។
យ៉ាងណាមិញ បញ្ហានៅកូរ៉េខាងជើងនៅតែជាឧបសគ្គធំ។ បន្ទាប់ពីលោក យូន ជាប់ឆ្នោតជាប្រធានាធិបតី (មិនទាន់ឡើងកាន់តំណែងទេ) កូរ៉េខាងជើងបានបន្តការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួនភ្លាមៗ ដូចជាចង់ញុះញង់នឹងអនាគតមេដឹកនាំ ដែលតឹងរ៉ឹងជាមួយក្រុងព្យុងយ៉ាងរូបនេះ។ លើសពីនេះ កូរ៉េខាងជើងក៏បានគំរាមវាយប្រហារនុយក្លេអ៊ែរជាមុន (Pre-emptive attack) ដែលធ្វើឱ្យលោក យូន បញ្ចេញសកម្មភាពបន្ទាន់ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាជនកូរ៉េខាងត្បូងថា ពួកគេមានសុវត្ថិភាព។
លោក យូន បានអះអាងប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «ខ្ញុំស្វែងរកចម្លើយ ក្នុងការពង្រឹងការទប់ទល់[នឹងកូរ៉េខាងជើង] បន្ថែម ដោយផ្អែកភាពរឹងមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។ ការបន្ថែមការទប់ទល់ មិនត្រឹមតែប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិក ដែលស្ថិតនៅលើទឹកដីអាមេរិកប៉ុណ្ណោះទេ តែក៏រាប់បញ្ចូលទាំងកញ្ចប់នៃមធ្យោបាយ និងវិធីសាស្ត្រដែលមាន ដើម្បីទប់ស្កាត់ការបង្កហេតុដោយប្រើនុយក្លេអ៊ែរពីកូរ៉េខាងជើងផងដែរ»។
ទោះបីជាយ៉ាងនេះក៏ដោយចុះ លោក យូន នៅតែធ្វើដូចប្រធានាធិបតីកូរ៉េខាងត្បូងមុន ដោយទុកទ្វារសម្រាប់ការសន្ទនាគ្នាជាមួយកូរ៉េខាងជើង។ លោកអះអាងថា ប្រសិនបើកូរ៉េខាងជើងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងត្បូងនឹងចាប់ផ្តើមផ្តល់ជំនួយសេដ្ឋកិច្ច។ ប៉ុន្តែកន្លងមក កិច្ចខិតខំប្រឹងប្រែងដូចនេះតែងតែត្រូវបានកូរ៉េខាងជើងច្រានចោល៕