​​ប្រធានាធិបតីឥណ្ឌូនេ​ស៊ី លោក ចូកូ​ វីដូដូ (Joko Widodo) ​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​បាន​បញ្ជា​ឱ្យបញ្ឈប់​ការ​ប្រកួត​​បាត់​ទាត់​ក្រមខ័ណ្ឌ​​​ Liga 1 ​ដែល​​ជា​ផ្នែក​បាល់ទាត់​អាជីព​កំពូល​របស់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់ជាន់​គ្នា ​​​បណ្តាល​​ឱ្យ​មនុស្ស​​​​​បាត់​បង់ជីវិត​ និង​រងរបួសរហូត​​ដល់​ជាង ​៣០០​នាក់ ​​កាល​ថ្ងៃ​សៅរ៍ ដោយ​​លោក​​បាន​ហៅ​ព្រឹត្តិការណ៍​​នេះ​ជា«សោកនាដកម្ម​បាល់ទាត់​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស»។

​​​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​នៅ​​ថ្ងៃ​អាទិត្យនេះ​ ​ប្រធានាធិបតី​​​ដែល​នឹង​​​​អាណត្តិនៅ​ដើម​ឆ្នាំ​២០២៤​ ​​​លោក ចូកូ​ វីដូដូ បាន​​បញ្ជា​​ឱ្យ​អាជ្ញាធរវាយ​តម្លៃ​ឡើង​វិញ​យ៉ាង​ហ្មត់ចត់​នូវ​សុវត្ថិភាព​​នៅ​​ក្នុង​​ការ​ប្រកួត​បាល់ទាត់ ខណៈពេល​ដែលមន្ត្រី​សន្តិសុខ​​​ឥណ្ឌូនេស៊ី​ បាន​អះអា​ង​ថា ​ចំនួន​មនុស្ស​ចូលទស្សនា​​ បានលើ​​ស​សមត្ថភាព​ផ្ទុក​របស់​ទីលាន​កីឡដ្ឋាន​នោះ។

​លោក Mahfud MD ប្រធាន​​រដ្ឋមន្ត្រី​​សន្តិសុខ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​និយាយ​កាល​ពីថ្ងៃអាទិត្យ​ថា ​​ចំនួនអ្នក​ទស្សនាលើស​ពី​​សមត្ថភាព​​របស់​​កីឡដ្ឋាន។ នៅ​ក្នុង​​ការ​បង្ហោះ Instagram លោក​​បាន​និយាយ​​ថា ​សំបុត្រ​ចូល​រួម​ទស្សនា​​​ត្រូវ​បានលក់​អស់​​ចំ​នួន ៤២ ០០០​សម្រាប់​កីឡដ្ឋាន​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន ៣៨ ០០០​​នាក់​ប៉ុណ្ណោះ​​។

​យោង​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នគរ​បាល​​ឥណ្ឌូនេស៊ី​​បាន​អះអាង​នៅ​ថ្ងៃ​អាទិត្យ​ថា​ មនុស្ស​យ៉ាង​ហោចណាស់ ១២៩ នាក់​ បាន​ស្លាប់ និង​ប្រហែល​ ១៨០ នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​​រត់​ជាន់​គ្នា​​​ក្នុង​ព្រឹតិ្តការណ៍នៃ​ការ​ប្រ​កួត​បាល់ទាត់​មួយ​ក្នុង​ប្រទេសឥណ្ឌូនេស៊ី បន្ទាប់​ពីហ្វូងមនុស្ស​រត់​ជាន់​គ្នាក្នុ​ង​អំឡុង​ពេល​កុបកម្ម​មួយ នៅ​ក្នុង​អ្វី​ដែល​ហាក់​ដូចជា​គ្រោះ​មហន្តរាយ​កីឡដ្ឋាន​ដ៏​អាក្រក់​បំផុត​មួយ​របស់​ពិភពលោក។

សេចក្តីរាយការណ៍​ បាន​ឱ្យ​ដឹងថា បន្ទាប់​ពីការប្រកួត​ក្នុង​ខេត្ត East Java រវាង​​ក្រុម​បាល់​ទាត់​ Arema FC និង​ Persebaya Surabaya បាន​បញ្ចប់​កាល​ពី​យប់ថ្ងៃ​សៅរ៍ អ្នក​គាំទ្រ​​​ពី​ខាង​​ក្រុមចាញ់​បាន​លុកលុយ​ក្នុង​ទីលាន​ ដើម្បី​បង្ហាញ​ពីការ​ខកចិត្ត​របស់​ពួកគេ។

លោក Nico Afinta ស្នងការនគរបាល​​នៃ​ខេត្ត​ ​ East Java បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា មន្ត្រី​ប៉ូលិស ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​​ភ្នែក ក្នុង​ការ​ប៉ុនប៉ង​គ្រប់គ្រង​ស្ថានការណ៍ ដោយ​បង្ក​ឱ្យ​មាន​ការ​រត់ជាន់​គ្នា និង​ករណី​នៃ​ការថប់​ដង្ហើម។

លោក​ Nico បា​ននិយាយ​ថា៖​«វា​មាន​ភាព​អនាធិបតេយ្យ។ ពួកគេ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​មន្ត្រី ពួកគេ​បាន​ធ្វើឱ្យ​ខូចខាត​រថយន្ត» ដោយ​បន្ថែម​ថា ​ការប៉ះ​ទង្គិច​បានកើតឡើង​នៅពេល​ដែល​អ្នកគាំទ្រ​បាល់​ទាត់​ទាំងនោះ​ បាន​រត់​ទៅ​ច្រកចេញ។

ខ្សែ​វីដេអូ​ពី​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក បាន​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ប្រញាប់​ប្រញាល់​ទៅ​កាន់​ទីលាន​ក្នុង​កីឡដ្ឋាន​ក្នុង​ទីក្រុង Malaang និង​រូបភាព​នៃ​ការ​រុំ​សាកសព​ជា​ច្រើន​។

ប្រធាន​មន្ទីរ​ពេទ្យ​បាន​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ថា ជនរង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​មានអាយុ​៥ឆ្នាំ។

មាន​ការ​ផ្ទុះឡើង​នៃ​បញ្ហា​ពីមុន​នៅ​ក្នុង​ការ​ប្រកួត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ជាមួយ​នឹង​ការប្រជែង​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្លឹប​ដែល​ជួន​កាលនាំ​ឱ្យ​មាន​អំពើហិង្សា​ក្នុង​ចំណោម​អ្នកគាំទ្រ។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍មុន​​មួយ​​ក្នុង​​ថ្ងៃអាទិត្យនេះ​ លោក Nico ​បាន​​និយាយថា មន្ត្រី​​នគរបាល​​​ពីរ​នាក់​ក្នុង​ចំណោម​អ្នកស្លាប់។ ស្នង​ការ​​រូប​​នេះ​ បាននិយាយថា មនុស្ស ៣៤នាក់​បាន​ស្លាប់​នៅ​ខាង​ក្នុង​កីឡដ្ឋាន ហើយ​អ្នក​ផ្សេង​ទៀតបាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ៕