ចាប់តាំងពីមាន សង្គ្រាមនៅអ៊ុយ ក្រែនមកការបញ្ជាទិញប្រភពថាមពលពីរុស្ស៊ីនៅបណ្តាប្រទេស លោកខាងលិច បានស្រុត ចុះ ដោយបាន បង្វែរ ទៅរកទីផ្សារ ប្រទេស នៅតំបន់អាស៊ី វិញ។
បណ្តា ប្រទេសជា ច្រើននៅ តំបន់អាស៊ី បាន ស្រវា ទិញប្រេងពីប្រទេសរុស្ស៊ីក្នុងតម្លៃថោកៗ ខណៈ រុស្ស៊ីបាត់បង់ ទីផ្សារលក់ចេញទៅឱ្យបណ្តាប្រទេសអឺរ៉ុបព្រោះការលុកលុយអ៊ុយក្រែន។ នៅក្នុងបណ្តាប្រទេសនៅអាស៊ី គឺមានប្រទេសមហាយក្សចិននិងឥណ្ឌាបានក្លាយជាទីផ្សារនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីធំជាងគេ។
ទីផ្សារប្រេងឆៅរុស្ស៊ី ម៉ាក Ural ពិតបានដាំក្បាលចុះនៅអឺរ៉ុប តែបានបង្វែរទិសទៅតំបន់អាស៊ីវិញ ជាមួយនឹងការលក់លៃឡុងក្នុងតម្លៃប្រមាណជាង ៣០ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃថោកជាប្រេងឆៅ(Brent) ស្តង់ដាពិភពលោក។ បើតាមការប៉ាន់ស្មាន ប្រេងឆៅរុស្ស៊ីនេះអាចនឹងចុះថោកដល់២០ដុល្លារក្នុង១បារ៉ែលនៅចុងខែកញ្ញា ឆ្នាំ២០២២។
តាមតួលេខរបស់Kpler ឥណ្ឌានិងចិនបានជាប្រទេសនាំចូលប្រេងឆៅពីរុស្ស៊ីជាង៥០%នៃបរិមាណប្រេង នាំចេញសរុបរបស់រុស្ស៊ីនិងជាបរិមាណដ៏ច្រើនលើសការនាំចូលទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប២៧ប្រទេស គិតត្រឹមខែមីនាឆ្នាំនេះ។ គួរជ្រាបថា រុស្ស៊ីនៅឆ្នាំ២០២២នេះបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេរបស់ចិន ដែលនាំមុខប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
ក្រៅពីចិននិងឥណ្ឌា ប្រទេសនៅអាស៊ីដទៃទៀតរួមមានមីយ៉ាន់ម៉ានិងស្រីលង្កា ថ្មីៗនេះកំពុងចរចាទិញប្រេងឆៅថោកៗពីរុស្ស៊ី ដើម្បីរំដោះសេដ្ឋកិច្ចជាតិដែរ។ ចំណែកប្រទេសអាមេរិកបានរិះគន់និងថ្កោលទោសចំពោះការបញ្ជាទិញប្រេងរុស្ស៊ីនេះ ប៉ុន្តែវាហាក់ជាគ្មានប្រសិទ្ធភាពសោះលើសេចក្តីសម្រេចរដ្ឋាភិបាលនៃប្រទេសនីមួយៗ។
ចំណែកឯផ្នែកឧស្ម័នវិញចិនកំពុងបង្កើនសមត្ថភាពនាំចូលឧស្ម័នធម្មជាតិរាវពីរុស្ស៊ី ដោយរដ្ឋាភិបាលលចិនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរុស្ស៊ីជាច្រើន ក្នុងការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវឆ្លងកាត់តំបន់អាក់ទិក។ តាមការប៉ាន់ស្មាន រុស្ស៊ីនឹងក្លាយជាទីផ្សារនាំឧស្ម័នទៅប្រទេសចិនធំជាងគេ នៅពេលដែលការសាងសង់បំពង់បង្ហូរឧស្ម័នថ្មីមួយឈ្មោះថាPower of Siberia បញ្ចប់នៅពេលខាងមុខ។
ប៉ុន្តែឥណ្ឌាដែលជាប្រទេសធ្វើការនាំចូលឧស្ម័នបរទេសដល់ទៅ៥០% ហាក់នៅមិនទាន់ងាករកទីផ្សារឧស្ម័នរុស្ស៊ីពេញទំហឹងនៅឡើយ ខណៈឧស្ម័ននាំចូលឥណ្ឌាភាគច្រើនមកពីបណ្តាប្រទេសនៅតាមឈូងសមុទ្រ (The Gulf States)។
គួរជ្រាបថា ក្នុងរវាង៦ខែចុងក្រោយ គិតចាប់ពីពេលដែលរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន គឺរុស្ស៊ីបានរកចំណូលបានចំនួន ១៥៨ពាន់លានដុល្លារ ពីការលក់ទំនិញវត្ថុធាតុដើមថាមពលហ្វូស៊ីល ដែលមានដូចជាប្រេង ឧស្ម័ន និងធ្យូងថ្ម។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកថាមពល និងខ្យល់បរិសុទ្ធ (CREA)៕