ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី Tesla បានចេញផ្សាយរបាយការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យ ទី ២ ខែតុលា ឆ្នាំ ២០២២ ដែលបង្ហាញថា ក្រុមហ៊ុននេះ លក់រថយន្តបានចំនួន ៣៤៣ ៨៣០ គ្រឿង ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២២។ ចំនួននេះ កើនឡើងប្រមាណ ៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន ២៤១ ៣៩១ គ្រឿង។
ក្រៅពីកំណើននៃការលក់រថយន្ត ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក៏មានការកើនឡើងផងដែរនៅឆ្នាំ ២០២២ នេះ។ សម្រាប់ឆ្នាំ ២០២២ នេះ Tesla ផលិតរថយន្តបានចំនួន ៣៦៥ ៩២៣ គ្រឿង ខណៈការផលិតនៅឆ្នាំ២០២១ មានចំនួន ២៣៧ ៨២៣ គ្រឿង។
ក្នុងពេលដែលផលិតកម្មកើនឡើង ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីរបស់បុរសខ្លាំង Elon Musk បានទទួលស្គាល់ពីបញ្ហាប្រឈមរបស់ខ្លួនក្នុងការបញ្ជូនរថយន្តទៅកាន់អតិថិជននៅទូទាំងពិភពលោកដោយសារតែការ ឡើងថ្លៃនៃតម្លៃដឹកជញ្ជូន បណ្ដាលមកពីវិបត្តិថាមពលសកល។
នៅលើទីផ្សាររថយន្តអគ្គិសនី Tesla គឺជាក្រុមហ៊ុនមួយដែលលក់រថយន្តអគ្គិសនីបានច្រើនជាងក្រុមហ៊ុនផលិតរថយន្ត ផ្សេងទៀតទាំងអស់លើលោក លើកលែងតែក្រុមហ៊ុនរបស់ចិន។ នាពេលបច្ចុប្បន្ននេះ ការលក់រថយន្តដើរ ដោយថាម ពលអគ្គិសនីរបស់ចិនវ៉ាដាច់ក្រុមហ៊ុនមកពីបណ្ដាប្រទេសដទៃទៀត ដោយសារតែរថយន្តរបស់ចិនដាក់លក់ក្នុងតម្លៃ សមរម្យជាង។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារនៅក្នុងប្រទេសចិនមានទំហំធំធេងសម្បើមណាស់។ គ្រាន់តែបរិមាណ លក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន តែ ១ មានចំនួនច្រើនជាងការលក់រថយន្តអគ្គិសនីនៅលើពិភពលោករួមបញ្ចូលគ្នា ទៅទៀត។
គួរកត់សម្គាល់ថា ការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនេះ ធ្វើឡើងក្នុងពេលដែលប្រទេសទាំងអស់លើលោកកំពុងតែពួតដៃគ្នាដាក់ចេញវិធានការនានា ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ កាលពីចុងខែមិថុនា ឆ្នាំ ២០២២ គណៈកម្មការអឺរ៉ុបកំណត់វិធានការហាមឃាត់រថយន្តដែលបំពាក់ដោយម៉ាស៊ីនប្រើប្រេងសាំងប្រេងម៉ាស៊ូត និងរថយន្ត ហាយប្រ៊ីដ (Hybride) ចាប់ពីឆ្នាំ ២០៣៥ តទៅ ហើយគ្រប់រថយន្តផលិតថ្មីលក់នៅលើទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គិសនីទាំងស្រុង ១០០%៕