ការសិក្សាថ្មីមួយបានឱ្យដឹងថា គ្រោះរាំងស្ងួតបានលាតសន្ធឹងពាសពេញទ្វីបទាំង ៣ នៅរដូវក្តៅឆ្នាំនេះ។ គ្រោះខ្សត់ភ្លៀងនេះ បណ្ដាលឱ្យស្ងួតដីមួយផ្នែកធំនៃទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសចិន។ ការសិក្សាអះអាងថា ឆ្នាំនេះគ្រោះរាំងស្ងួត អាចនឹងកើនឡើងលើសពីធម្មតាប្រមាណ ២០ ដង ដោយសារការប្រែប្រួលកាសធាតុ។
គ្រោះរាំងស្ងួតធ្វើឱ្យទន្លេធំៗគោករាក់ឃើញតែដីបែកក្រហែងបំផ្លាញដំណាំបង្កជាភ្លើងឆេះព្រៃ គំរាមកំហែងដល់ប្រភេទសត្វក្នុងទឹក និងនាំឱ្យរដ្ឋមួយចំនួនចេញវិធានការរឹតបន្តឹងការប្រើប្រាស់ទឹក។ គ្រោះរាំងស្ងួត បានវាយប្រហារនៅសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដែលជាប្រទេសមានធ្លាប់សីតុណ្ហភាពត្រជាក់។ ប្រទេសចិន ក៏ទើបតែមាន រដូវក្តៅក៏ក្រៀមស្វិតបំផុតក្នុងរយៈពេល ៦០ឆ្នាំ បណ្ដាលឱ្យទន្លេយង់សេ (Yangtze )ដ៏ល្បីល្បាញរួមទទឹងទឹក រហូតសល់ត្រឹមពាក់កណ្ដាលតូចជាងផ្ទៃទន្លេពេលធម្មតា។
អ្នកស្រាវជ្រាវមកពី World Weather Attribution ដែលជាក្រុមអ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោកសិក្សាពីទំនាក់ទំនងរវាងករណីគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ និងការប្រែប្រួលអាកាសធាតុបាននិយាយថា គ្រោះរាំងស្ងួតប្រភេទនេះ នឹងកើតឡើងម្តងរៀងរាល់ ៤០០ ឆ្នាំម្តងនៅទូទាំងអឌ្ឍគោលខាងជើង ប្រសិនបើមិនមែនដោយសារការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្សនោះទេ។ ឥឡូវនេះ ពួកគេរំពឹងថាលក្ខខណ្ឌទាំងនេះ ឬ គ្រោះរាំងស្ងួតនេះ នឹងកើតឡើងម្តងទៀតរៀរាល់ ២០ ឆ្នាំម្តង ដោយហេតុថាអាកាសធាតុបានឡើងកម្តៅក្ដៅខ្លាំង។
លោក Maarten van Aalst អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យ Columbia និងជាសហអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា ពិភពលោក នឹងជួបគ្រោះមហន្តរាយបរិស្ថានគ្រោះ រាំងស្ងួតដែលរីករាលដាល និងបន្ទាប់មកនឹងមានទឹកជំនន់ដ៏ធំដូចយ៉ាងទឹកជន់នៅប្រទេសប៉ាគីស្ថាន ជាដើមនោះ គឺជា «អត្តសញ្ញាណនៃការប្រែប្រួលអាកាសធាតុ»។
លោកមានប្រសាសន៍ថា៖ «វាមានផលប៉ះពាល់គឺប្រាកដណាស់ចំពោះប្រជាជន ហើយមិនត្រឹមតែសង្កត់ករាស្ត្រនៅក្នុងប្រទេសក្រីក្រ ដូចជាប្រទេសប៉ាគីស្ថានដែលកំពុងលិចទឹកនោះទេ… ប៉ុន្តែក៏នឹងកើតមាននៅក្នុងតំបន់ដែលពលរដ្ឋមានជីវភាពធូរធារបំផុតមួយចំនួននៃពិភពលោក ដូចជាភាគកណ្ដាលនៃអឺរ៉ុបខាងលិចផងដែរ»។
ដើម្បីស្វែងយល់ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើការស្ងួតនៅអឌ្ឍគោលខាងជើង អ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យអាកាសធាតុការវិភាគលើទិន្នន័យតាមកុំព្យូទ័រ និងសំណើមដីនៅទូទាំងតំបន់ ដោយមិនរាប់បញ្ចូលតំបន់ត្រូពិច។ ពួកគេ បានរកឃើញថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យផ្ទៃដីកាន់តែស្ងួតខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការវិភាគនេះ ក៏ផ្អែកលើការឡើងកម្តៅផែនដីផងដែរ។
លោក Dominik Schumacher អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យ ETH Zurich នៅប្រទេសស្វ៊ិស បាននិយាយថា ការកើនឡើងសីតុណ្ហភាព 0,៨ អង្សាសេ និងគ្រោះរាំងស្ងួតប្រភេទនេះនឹងកើតឡើងម្តងរៀងរាល់ ១០ ឆ្នាំម្តងនៅភាគកណ្ដាលនៃតំបន់អឺរ៉ុបខាងលិច និងជារៀងរាល់ឆ្នាំនៅទូទាំងអឌ្ឍគោលខាងជើង។
លោក van Aalst បាននិយាយថា៖ «វិធីមួយដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ (គឺ) ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន»៕