ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស បានធ្វើឱ្យមានរដូវក្ដៅនៅអឺរ៉ុប អាមេរិកខាងជើង និងចិន ជួបប្រទះភាពរាំងស្ងួតនិងក្ដៅហួតហែងជាងមុនយ៉ាងហោចណាស់ ២០ ដង បើធៀបនឹងជាងមួយសតវត្សរ៍មុន។ នេះបើតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី ៥ ខែតុលា។ ការសិក្សាថ្មីនេះ បានលើកឡើងពីភ័ស្តុតាងចុងក្រោយមួយចំនួនបង្ហាញថា ចំហេះប្រេងឥន្ធនៈហ្វូស៊ីល កំពុងតែផ្ដល់ផលរំខានដល់ផលិតកម្មអាហារ និងការផ្គត់ផ្គង់ទឹកព្រមទាំងអគ្គិសនីនៅទូទាំងពិភពលោក។
កត្តាដែលបណ្ដាលឱ្យអឌ្ឍគោលភាគខាងជើងជួបភាពរាំងស្ងួតខ្លាំង បើតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ គឺកើតឡើងដោយសារតែការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន។ ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញ ទៅក្នុងបរិយាកាស ជុំវិញផែនដីបានទប់កម្ដៅព្រះអាទិត្យមួយផ្នែកមិនឱ្យភាយចេញទៅក្នុងបរិយាកាសវិញឡើយ ដែលជាហេតុមួយចំណែកបណ្ដាលឱ្យផែនដីឡើងកម្ដៅ។
លោក Maarten van Aalst នាយកមជ្ឈមណ្ឌលអាកាសធាតុកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមដែលបានរួមចំណែកក្នុងការសិក្សាថ្មីនេះ គូសបញ្ជាក់ថា៖ «តាមរយៈការលទ្ធផលនៃការសិក្សាបែបវិទ្យាសាស្ត្រយើងកំពុងតែឃើញកាន់តែប្រចក្សអំពីសក្ខីកម្មនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុដែលកំពុងតែជះឥទ្ធិពលអវិជ្ជមានដល់មនុស្ស ក្នុងនោះមានដូចជា ធាតុអាកាសក្ដៅនិងស្ងួតកាន់តែខ្លាំងឡើងនៃរដូវក្ដៅ ដែលបានបំផ្លិចបំផ្លាញកសិផល ធ្វើឱ្យផ្លូវទឹកសម្រាប់ដឹកទំនិញត្រូវរាំងស្ងួត និងបង្អាក់ដំណើរការនៃទំនប់វារីអគ្គិសនី។ ការណ៍នេះ កំពុងតែគំរាមកំហែងដល់សន្តិសុខនិងតម្លៃស្បៀងអាហារព្រមទាំងថាមពល ដែលបានឡើងថ្លៃរួចទៅហើយដោយសារតែសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន»។
កំណត់ត្រានៃធាតុអាកាសក្ដៅខ្លាំង ចាប់ផ្ដើមនៅអឺរ៉ុបក្នុងខែឧសភា។ ដងទន្លេនានាត្រូវរាំងស្ងួត ភ្លើងឆេះព្រៃកើតឡើងញឹកញាប់និងអូសបន្លាយរយៈពេលកាន់តែយូរឡើងៗ។ ការឡើងកម្ដៅខ្លាំងនេះ ទំនងជាដើមហេតុបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១១ ០០០ នាក់ស្លាប់ នៅក្នុងប្រទេសបារាំង និង ៨ ០០០ នាក់ នៅប្រទេសអាល្លឺម៉ង់។ នៅសហភាពអឺរ៉ុបទាំងមូល គ្រោះភ្លើងឆេះព្រៃនៅក្នុងរដូវក្ដៅកន្លងទៅ បានដុតបំផ្លាញផ្ទៃដីក្នុងទំហំធំជាងមុនដល់ទៅ២ដង បើធៀបទៅនឹងរយៈពេល ១៥ ឆ្នាំមុន។
នៅទ្វីបអាស៊ីឯណេះវិញ ប្រទេសចិន ត្រូវរងគ្រោះដោយសារធាតុអាកាសក្ដៅបំផុតមិនធ្លាប់មាន រាប់ចាប់ពីឆ្នាំ ១៩៦១ មក។ នេះបើតាមអាជ្ញាធរឧតុនិយមរបស់ចិន ដែលបានបញ្ជាក់បន្ថែមទៀតថា ធាតុអាកាសក្ដៅនិងស្ងួតនៅក្នុងឆ្នាំ២០២២នេះ បានកាត់បន្ថយផលិតភាពនៃវារីអគ្គិសនី នៅក្នុងតំបន់ភាគខាងត្បូងប្រទេស ដែលជាតំបន់ឧស្សាហ កម្មដ៏សំខាន់មួយរបស់ចិន។ ដើម្បីបំពេញថាមពលដែលខ្វះខាតសម្រាប់រោងចក្រផលិតរថយន្ត និងគ្រឿងអេឡិច ត្រូនិកនៅតំបន់នោះ ចិនបានបង្កើនការជីកនិងដុតធ្យូងថ្មដែលជះផលអាក្រក់បន្ថែមទៀតទៅដល់ការប្រែប្រួលអាកាសធាតុ។
បើតាមទិន្នន័យផ្ដល់ឱ្យដោយអ្នកវិទ្យាសាស្ត្រកាលពីខែកញ្ញា ឆ្នាំ ២០២២ ការប្រែប្រួលអាកាសធាតុក៏ជាដើមហេតុមួយដែលធ្វើឱ្យប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ទឹកជំនន់នៅប៉ាគីស្ថាន កាលពីពេលថ្មីៗនេះ បានសម្លាប់មនុស្សអស់ជាង ១ ៦០០ នាក់ និងបានពន្លិចផ្ទះសំបែងចំនួនជាង ២ លានខ្នង ព្រមទាំងបានបំផ្លិចបំផ្លាញដីធ្វើកសិកម្មក្នុងទំហំយ៉ាងច្រើនផងដែរ៕