ក្រុមអ្នកជ្រមុជទឹករុស្ស៊ីនៅថ្ងៃអាទិត្យ ទី ០៩ ខែតុលា ឆ្នាំ ២០២២ នេះបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន ជ្រមុជទឹកចុះទៅពិនិត្យមើលការខូចខាតដ៏ខ្លាំងក្លានៃស្ពានគ្រីមេ។ ស្ពានគ្រីមេ ដែលជានិមិត្តសញ្ញាដ៏រឹងមាំនៃការតភ្ជាប់គ្នារវាងគ្រីមេ និងរុស្ស៊ី និងជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់ដល់កងកម្លាំងរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅភាគខាងត្បូងអ៊ុយក្រែន ត្រូវរងការបំផ្ទុះបំផ្លាញកាលពីថ្ងៃសៅរ៍ ទី ០៨ ខែតុលា។
ទីភ្នាក់ងារសារព័ត៌មាននៅក្នុងស្រុករបស់រុស្ស៊ីបានស្រង់សម្ដីឧបនាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Marat Khusnullin ថា ក្រុមអ្នកជ្រមុជទឹកនឹងជ្រមុជចុះទៅពិនិត្យការខូចខាតរបស់ស្ពានគ្រីមេពេញមួយថ្ងៃអាទិត្យនេះតែម្ដង ហើយប្រតិបត្តិការក្រោមទឹកនេះ ធ្វើឡើងទន្ទឹមគ្នានឹងការត្រួតពិនិត្យស្ថានភាពស្ពាននៅលើខ្សែទឹកដែរ។
លោក Sergei Aksyonov ទេសាភិបាលរុស្ស៊ីប្រចាំនៅតំបន់គ្រីមេ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «សភាពការណ៍ស្ថិតនៅក្នុងស្ថានភាពអាចគ្រប់គ្រងបាន»។ ការបំផ្ទុះស្ពានគ្រីមេនេះ បើតាមលោក លោក Sergei Aksyonov វាបានជារឿងអាក្រក់ ប៉ុន្តែជាលេសល្អសម្រាប់ការសងសឹកត្រឡប់ទៅវិញ»។
ជាការកត់សម្គាល់ ចាប់តាំងពីមានហេតុការណ៍បំផ្ទុះស្ពាននៅព្រឹកថ្ងៃសៅរ៍ ទី ៨ ខែតុលា នៅមិនទាន់មាននរណា ភាគីណា ឬប្រទេសណាចេញមុខទទួលខុសត្រូវនៅឡើយទេ។ ប៉ុន្តែហេតុការណ៍នេះ ត្រូវបានអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀ ហ្សាឡេនស្គី ព្រោះវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខួបកំណើតចម្រើនវ័យ ៧០ ឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។
របាយការណ៍ពីអាជ្ញាធររុស្ស៊ីឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះស្ពានគ្រីមេនេះ។ កម្លាំងបំផ្ទុះនេះ បានរាលដាលទៅដល់ស៊ីទែនដឹកប្រេងនៅលើស្ពានរទេះភ្លើងក្បែរនោះ បណ្ដាលឱ្យផ្ទុះឆេះស៊ីទែនដឹកប្រេងចំនួន ៧៕
វីដេអូ៖