ប្រទេស​តួ​កគី នៅតែ​ជា​ឆ្អឹងទទឹងក​សម្រាប់​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ដែល​ស្ថិតនៅ​តំបន់​ខាងជើង​ទ្វីបអឺរ៉ុប និង​អា​ត្លង់​ទិ​កខាងជើង ដែលគេ​ហៅថា «Nordic» ទាំង ២ សម្រាប់​ការ​ដាក់ពាក្យសុំ​ចូល​ជាស​មា​ជិ​កក្នុង​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិ​កខាងជើង (NATO) ដែល​ប្រទេស​ទាំង ២ យល់ថា ខ្លួន​កំពុង​រង​ការ​គំរាមកំហែង​ពី​មហាអំណាច​រុស្ស៊ី ដែល​បាន​លុកលុយ​អ៊ុយក្រែន។

តួ​កគី​ដែល​ជាស​មា​ជិ​ករបស់​អង្គការយោធា​ណា​តូ ៧០ ឆ្នាំ​កន្លងមក​នេះ​ធ្លាប់​បាន​បដិសេធ​បេក្ខភាព​ហ្វាំងឡង់ និង​ស៊ុយអែត ក្នុង​ពេល​ដ៏​ស្រួចស្រាល់​ដោយសារ​សង្គ្រាម​ពីសំណាក់​ប្រទេស​រុស្ស៊ី​ប៉ង​លេប​យក​អ៊ុយក្រែន ដែល​ជា​ប្រទេស​ក្បែរ​ខាង ខ្លួន​នោះ នៅតែ​មិនទាន់​ផ្តល់​សច្ចាប័ន​សម្រាប់​ការ​ចូល​ជា សមាជិក​នៃ​ប្រទេស​ទាំង ២ ទៅ​ក្នុង​អង្គការ​ណា​តូ​នៅឡើយ​ទេ ខណៈ​ប្រទេស ២៨ ផ្សេងទៀត​ក្នុងចំណោម ៣០ បាន​ផ្តល់ សច្ចាប័ន​រួចហើយ។

រហូតដល់​ថ្ងៃទី ៦ ខែតុលា នេះ​មានតែ​ប្រទេស ២ ទៀត​ប៉ុណ្ណោះ គឺ តួ​កគី និង ហុងគ្រី ដែល​តែង​ជំទាស់ និង​អនុវត្ត​តាម​ការសម្រេច​ចិត្ត​នានា​របស់​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី មិនទាន់​ផ្តល់​សច្ចាប័ន​សម្រាប់​ការ​សុំ​ចូល​ជាស​មា​ជិ​កនៃ​អង្គការ​ណា​តូ​របស់​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់​នោះ​ទេ។

ប្រទេស​សមាជិក​ណា​តូ​ពេញ​សិទ្ធិ​ដែល​បាន​ផ្តល់​សច្ចាប័ន​រួចហើយ រួមមាន អេស្ប៉ាញ ព័រទុយហ្គាល់ ស្លូវ៉ាគី ក្រិក សាធារណរដ្ឋ​ឆែក សហរដ្ឋ​អា​មេ​រិក​អុី​តា​លី បារាំង ម៉ុង​តេ​ណេហ្គ្រោ​ម៉ាសេដូនី​ខាងជើង រ៉ូម៉ានី បែលហ្ស៊ិក លីទុយអានី ប៉ូឡូញ​ក្រូ​អាស៊ី ស្លូ​វេ​នី ឡេ​តូ​នី ប៊ុលហ្គារី​លុច​សំ​បួ ហូ​ឡង់ អាល្លឺម៉ង់​អាល់បានី អង់គ្លេស អេស្តូនី ន័រវែស អុី​ស្លង់ ដាណឺម៉ាក និង​កាណាដា។ នេះ​បើ​យោង​តាម Atlantic Council ដែល​បាន​ធ្វើ បច្ចុប្បន្នភាព​នៅ​ថ្ងៃទី ២ កញ្ញា ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​តួ​កគី Anodolu កាលពី​ថ្ងៃពុធ គណៈប្រតិភូ​តួ​កគី និង​ស៊ុយអែត កំពុង​ពិភាក្សា​លើ​ការ​ធ្វើ​បត្យាប័ន​អ្នក​ដែល​តួ​កគី​ចោទ​ថា​ជា «ភេរវ​ករ» ប្រឆាំង​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០១៦ និង​សកម្ម​ប្រយុទ្ធ​ផ្សេងទៀត​ដែល​ទាមទារ​ដោយ​ភាគី​តួ​កគី ក្រោម​កិច្ច​ព្រមព្រៀង​ណា​តូ។

កិច្ចពិភាក្សា​រយៈពេល២ថ្ងៃ​បាន​ធ្វើឡើង​នៅក្នុង​រដ្ឋធានី​អង់ការ៉ា​របស់​តួ​កគី ដោយ​ភាគី​តួ​កគី ដឹកនាំ​ដោយ​លោក Kasim Cicek អគ្គនាយក​ទំនាក់ទំនង​ការបរទេស និង​សហភាព​អឺរ៉ុប នៅ​ក្រសួង​យុត្តិធម៌។

១ សប្តាហ៍​ការ​ជួបពិភាក្សា​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​តួ​កគី លោក Bekir Bozdag បាន​និយាយ​ថា៖ «យើង​រំពឹង​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់​នឹង​ធ្វើ​បត្យាប័ន​សមាជិក FETO និង PKK (ក្រុម​ភេរវកម្ម) ទៅកាន់​ប្រទេស​តួ​កគី​ក្នុង​វិសាលភាព​នៃ​កិច្ច​ព្រមព្រៀង​ណា​តូ» ។

អនុស្សរណៈ​ត្រីភាគី​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ​ដែល​បាន​ចុះហត្ថលេខា​ក្នុងចំណោម​ប្រទេស​ក្នុង​ខែមិថុនា កំណត់​ថា ហ្វាំងឡង់ និង​ស៊ុយអែត នឹង​មិន​ផ្តល់​ការ​គាំទ្រ​ដល់ អង្គការ​ប្រជាជន​អម្បូរ​ឃើ​ដស៊ីរី​ដែល​មាន​ទំនាក់ទំនង​បក្ស​សហភាព​ប្រជាធិបតេយ្យ (YPG​/PYD) ដែល​ពួក​គេ​កំពុង​វាយប្រហារ​នៅ​ស៊ីរី ឬផ្តល់​ការ​គាំទ្រ​ដល់​អង្គការ Fetullah (FETO) ដែល​រដ្ឋាភិបាល​តួ​កគី​ចោទ​ថា ក្រុម​ភេរវ​ករ​នៅ​ពីក្រោយ​រដ្ឋប្រហារ​បរាជ័យ​នៅ​ឆ្នាំ ២០១៦ នៅ​ប្រទេស​តួ​កគី។

ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ បាន​ដាក់ពាក្យ​ជា​ផ្លូវការ​ដើម្បី​ចូលរួម​ជាមួយ​អង្គការ​ណា​តូ​ក្នុង​ខែមិថុនា ដែល​ជា​ការសម្រេច​ចិត្ត​ជំរុញ​ដោយ​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ យ៉ាងណាក៏ដោយ ប្រទេស​តួ​កគី ដែល​ជាស​មា​ជិ​ករបស់​អង្គការ​ណា​តូ​អស់​រយៈពេល​ជាង ៧០ ឆ្នាំ​មក ហើយ បាន​ជំទាស់​ចំពោះ​ការ​ប្រឹងប្រែង​ចូល​ជាស​មា​ជិ​កភាព ដោយ​បាន​រិះគន់​ប្រទេស​ទាំង ២ ចំពោះ​ការ​អត់ឱន និង​ថែមទាំង​គាំទ្រ​ក្រុម​ភេរវ​ករ​ទៀតផង។

ធម្មនុញ្ញ​របស់​អង្គការ​ណា​តូ​បាន​និយាយ​ថា ការ​បញ្ចូល​សមាជិក​ថ្មី​ទៅ​ក្នុង​អង្គការយោធា​មួយ​នេះ តម្រូវ​ឱ្យ​មានការ​ឯកភាព​ជាឯកច្ឆន្ទ មិនមែន​សម្រេច​ដោយ​សំឡេង​ភាគច្រើន​នោះ​ទេ។ ព្រោះហេតុនោះ ទើប​តួ​កគី តែងតែ​ចេញមុខ​ជំទាស់​បំណង​ដ៏​សំខាន់​របស់​ហ្វាំងឡង់ និង​ស៊ុយអែត ដោយ​ដាក់​លក្ខខណ្ឌ​សម្រាប់​ទាមទារ​របស់​ខ្លួន។

សភា​របស់​ប្រទេស​តួ​កគី ត្រូវតែ​ផ្តល់​សច្ចាប័ន​លើ​ការ​ដាក់ពាក្យ​ចូល​ជាស​មា​ជិ​កភាព​ដោយ​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ដើម្បី​ឱ្យ​ពួក​គេ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ។

ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ដែល​ស្ថិតនៅ​តំបន់​ខាងជើង​ទ្វីបអឺរ៉ុប និង​សមុទ្រ​អា​ត្លង់​ទិ​កខាងជើង ដែលគេ​ហៅ ថា «Nordic» មាន​ព្រំដែន​ជាប់​ប្រទេស​រុស្ស៊ី បាន​ដាក់ពាក្យ​ស្នើ​ចូល​អង្គការ​សម្ព័ន្ធ​មិត្ត​យោធា NATO យ៉ាង​តក់ក្រហល់​បំផុត បន្ទាប់ពី​ឃើញ​ប្រទេស​រុស្ស៊ី លើកទ័ព​ចូលលុក​លុយ​ប្រទេស​អ៊ុយក្រែន ដែល​ជារ​ដ្ឋ​អធិបតេយ្យ នៅ​ជាប់​ប្រទេស​រុស្ស៊ី​ដែរ។

គោលបំណង​នៃ​ការ​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​ណា​តូនេះ ក៏​ព្រោះតែ​ក្តី​រំពឹង​ថា ក្នុង​ពេលខ្លួន​បាន​ក្លាយជា​សមាជិក​នៃ​អង្គការយោធា​នេះ​ពេញ​សិទ្ធិ​ជា​អង្គការយោធា​មួយ​ដែល​ដឹកមុខ​ដោយ​សហរដ្ឋអាមេរិក​នេះ នឹង​ជួយការ​ពារ​ខ្លួន ឬជួយ​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ក្នុងករណី​ដែល​ប្រទេស​រុស្ស៊ី ធ្វើការ​លុកលុយ ដូច​ករណី​អ៊ុយក្រែន​៕

វីដេអូ៖