ទូរទស្សន៍ CNN ​នៅថ្ងៃទី៩ ខែ​តុលា ឆ្នាំ​ ២០២២​ បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការចុះយក ​និង​ផ្សព្វ​ផ្សាយព័ត៌មាន​ពីក្នុងតំបន់​ហាមឃាត់​ ឬ​ទីតាំង​ឧក្រិដ្ឋកម្ម​នៅបរិវេណ​ទារកដ្ឋានថៃ ​Nong Bua Lamphu​ ជា​កន្លែង​ដែល​ឃាតករ​វ័យ ៣៤ ឆ្នាំម្នាក់​បាន​បើកការវាយប្រហារ​ដោយកាំភ្លើង ​និងកាំបិត​សម្លាប់មនុស្ស​ ៣៦ នាក់​ក្នុងនោះ​មានកុមារតូចៗចំនួន ២៤ នាក់ផងថ្មីៗនេះ​។

ការចេញមុខ​ទទួលកំហុស​អ្នកកាសែត​ ២ រូប​ និង​អ្នកគ្រប់គ្រង​ទូរទស្សន៍​ CNN ​គឺ​បន្ទាប់​ពី​មាន​ការរិះគន់យ៉ាង​ខ្លាំងពី​ក្រុមប្រជាពលរដ្ឋ​ និង​អ្នកធ្វើការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេសថៃ ​ថា​ជា​ការ​រំលោភ​លើ​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ។

ក្នុងសេចក្តី​ថ្លែងការណ​ អនុប្រធាន​ប្រតិបត្តិ​របស់​ទូរទស្សន៍ CNN ​លោក ​Mike McCarthy ថា​គេ​មាន​ការសោកស្តាយ​ចំពោះ​ការដើរ​ហួសបន្ទាត់​បង្ក​ឡើង​ដោយការចុះយក​ព័ត៌មាន​របស់ខ្លួន​ និង​បន្តថា ទូរទស្សន៍​ CNN សម្រេច​បញ្ឈប់ការ​ផ្សាយរូបភាព​ និងវីដេអូនោះ​ហើយក៏បាន​លុបចេញ​អស់ពី​វេបសាយ​ផងដែរ។​

តាមការ​ស៊ើបអង្កេត​របស់​អាជ្ញាធរថៃ ​ក្រុម​អ្នកសារព័ត៌មាន ​CNN​ ពុំបានដឹង​ទេថា ​មន្ត្រីសុខាភិបាល​ដែល​ផ្តល់​ការអនុញ្ញាត​ឱ្យគេ​ចូលយក​ព័ត៌មាន​កន្លែង​ហាមឃាត់​ ឬទី​តាំងឧក្រិដ្ឋកម្មនោះ ​គ្មានសិទ្ធិ​អំណាច​សម្រេច​ថា​អាចចូល​ឬ​មិនអាច​ចូលបានឡើយ​។

ក្នុង​សេចក្តីថ្លែង​ការណ៍​របស់ទូរទស្សន៍ ​CNN ​លើកឡើងថា ​ក្រុម​អ្នក​សារព័ត៌មាន​ទាំង ២ នាក់​របស់ខ្លួន គ្មានចេទនា​បំពាន​ច្បាប់ណា​មួយរបស់​ប្រទេស​ថៃឡើយ​​​ ព្រោះពួក​គេពុំបាន​ដឹងថា​អ្នកអនុញ្ញាតឱ្យ​ គេចូលទៅ​កន្លែង​កើតហេតុ​នោះ​គ្មា​ន​សិទ្ធិ​អំណាច​អនុញ្ញាត។ ​

គួរដឹងថា​ CNN ធ្លាប់​បានការ​ពារ​សកម្មភាព​របស់​សហការី​ខ្លួនថា​បាន​ទទួលការ​អនុញ្ញាត​ពី​មន្ត្រី​សុខាភិបាល​សាធារណៈ​ថៃ ឱ្យ​ចូល​ទៅ​ក្នុង​កន្លែង​ឧក្រិដ្ឋ​កម្ម។ ទូរទស្សន៍ ​CNN ​បាន​អះអាង​ថា ​ក្រុម​ការងារ​របស់​ខ្លួន​បាន​ថត​នៅ​ទីនោះ រួម​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ក្នុង​អំឡុងពេល​ដែល​រនាំង​ការពារ​ទីតាំង​ឧក្រិដ្ឋកម្ម​របស់​ត្រូវ​បាន​ដកចេញ។

មិនត្រឹមតែ​ការ​អនុវត្តខុស​ក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មាន​ប៉ុណ្ណោះទេ ​តាមលោក​អគ្គស្នងការ​នគរបាលជាតិ​ថៃ ​លោក​ SurachatHakparn ក្រុមអ្នក​សារព័ត៌មាន​ CNN ​ទាំង ២ នាក់នោះ​ត្រូវ​រងទោស​ទណ្ឌ​​ដោយសារ​ការ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍​ចូលប្រទេសថៃ ​តែបែរ​ជា​មកបំពេញ​បេសកកម្ម​ការងារ​ចូលយក​ព័ត៌មាន​នៅ​ទារកដ្ឋាន​ Nong Bua Lamphu នោះ​ទៅវិញ។​អ្នកសារព័ត៌មាន​ទាំង ២ ​ត្រូវបង់ប្រាក់​ផាកពិន័យ​ម្នាក់​ចំនួន ​៥​០០០​ បាត​ ឬ ១៣៣ ដុល្លារ​និង​ត្រូវ​ចាកចេញ​ពី​ប្រទេសថៃ​។

គួរជម្រាបថា​ នៅ​ក្រោយចេញ​វីដេអូ​និង​រូបភាព​នៅ​ខាងក្នុង​មជ្ឈមណ្ឌល​រយៈពេល​ប្រហែល​ ១៥​ នាទីនោះ​ ប្រជាពលរដ្ឋ​ និង​អ្នកធ្វើការងារ​ប្រព័ន្ធផ្សព្វផ្សាយ​បានចេញមុខ​ប្រតិកម្ម​យ៉ាងខ្លាំង។ ​ក្លិប​អ្នកកាសែត​បរទេស​នៃ​ប្រទេស​ថៃ (FCCT) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ការ​ចុះផ្សាយ​របស់ CNN នោះ​ថា​ជា «គ្មាន​វិជ្ជាជីវៈ និង​ជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ក្រមសីលធម៌​អ្នកសារ​ព័ត៌មាន​»។

ការសម្លាប់រង្គាល​ដ៏​ឃោរឃៅ​បំផុត​មួយ​របស់​ប្រទេសថៃ​ក្នុងឆ្នាំ​ ២០២២​ នេះ​ បានទាក់ទាញ​ការចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​យ៉ាងខ្លាំង​​ទៅកាន់​ទីក្រុង​តូច ១ ​នៃខេត្ត​ UthaiSawan​ នៅភាគឦសាន​។ ​គិតត្រឹមថ្ងៃ​អាទិត្យ​ទី​ ៩ ​ខែតុលា ​ឆ្នាំ​២០២២ គឺនៅតែមាន​ប្រព័ន្ធផ្សព្វ​ផ្សាយ​ជា​ច្រើន​បន្ត​រាយការណ៍​ពីកន្លែង​កើតហេតុនៅឡើយ៕​