
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងការបាញ់សាកល្បងមីស៊ីលនាពេលកន្លងទៅ។ រូបថត AFP
កាលពីថ្ងៃ ចន្ទ ទី ១០ ខែតុលា កូរ៉េខាងជើង បញ្ជាក់អំពីការធ្វើសមយុទ្ធយោធាបាញ់មីស៊ីលនុយក្លេអ៊ែរផ្ទួនៗគ្នា ចុងក្រោយនេះថា គឺជាការឆ្លើយតបនឹងសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA យោធាទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងការបង្ហាញអាទិភាពរបស់ខ្លួន និងប្រាប់ច្បាស់ៗថា កូរ៉េខាងជើងមានសមត្ថភាពរារាំងសង្គ្រាម ដែលពន្យុះដោយគូសត្រូវ។
ក្នុងរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលបាលីស្ទិកដល់ទៅ ៧ លើក ឆ្លើយតបទៅនឹងសកម្មភាពសមយុទ្ធយោធារបស់គូសត្រូវក្បែរខាង និងការជ្រៀតជ្រែកចូលរបស់សហរដ្ឋអាមេរិក តាមរយៈការបំពេញទស្សនកិច្ចបង្ហាញជំហរប្រឆាំងទីក្រុងព្យុងយ៉ាងនៅក្នុងតំបន់សនៃឧបទ្វីបកូរ៉េថ្មីៗនេះ។
រាល់សេចក្តីសម្រេចកន្លងមក ក្នុងការធ្វើសមយុទ្ធយោធាកន្លងមកនេះគឺជាសេចក្តីសម្រេចរួមរបស់គណបក្សពលករ ដើម្បីជាការឆ្លើយតបមិនអាចចៀសបាន ចំពោះការធ្វើសមយុទ្ធយោធាឈ្លានពានរបស់អាមេរិកកូរ៉េខាងត្បូងក្នុងសប្តាហ៍កន្លងទៅ ចំពោះការចល័តទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង និងវត្តមាននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាដើម។ នេះបើតាម KCNA។
បើតាម KCNA នៅថ្ងៃទី ១០ ខែតុលា កូរ៉េខាងជើងបានបង្ហាញជំហរតតាំងនិងគំរាមប្រាប់គូសត្រូវ ដែលមានកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រឧបទ្វីបកូរ៉េតទៅទៀត។ កូរ៉េខាងជើងមានកងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរមានសមត្ថភាពប្រយុទ្ធតតាំងដោយប្រសិទ្ធភាពខ្ពស់ ត្រៀមជើងព្រួលរួចរាល់ហើយក្នុងការវាយលុកបំផ្លាញគោលដៅ ឬទីតាំងណាមួយគ្រប់ពេលវេលាទាំងអស់។
ក្រៅពីនេះទីភ្នាក់ងារព័ត៌មាន KCNA បានលើកសម្រង់សម្តីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា ទីក្រុងព្យុងយ៉ាងគ្មានអ្វីត្រូវនិយាយ ឬគ្មានអ្វីត្រូវការទៀតទេទោះជាគូសត្រូវមកចង់បន្តកិច្ចសន្ទនា និងចរចាជាមួយទីក្រុងព្យុងយ៉ាងក៏ដោយ។
ទោះបីនៅក្រោមសម្ពាធថ្កោលទោសពីសហគមន៍អន្តរជាតិក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងព្យុងយ៉ាងបានចាប់យកឱកាសនៃការជាប់គាំងនៅអង្គការសហប្រជាជាតិដើម្បីធ្វើតេស្តអាវុធបន្ថែមទៀតដោយទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានព្រមានជាច្រើនខែមកហើយថា ទីក្រុងព្យុងយ៉ាងក៏នឹងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរផ្សេងទៀតផងដែរក្នុងពេលឆាប់ៗនេះ៕
វីដេអូ៖