ទីផ្សាររថយន្តអគ្គិសនីរបស់វៀតណាមនឹងកាន់តែគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញជាងមុនបន្ទាប់ពីអ្នកប្រើប្រាស់ក្នុងប្រទេសនេះងាកត្រឡប់មករកទីផ្សាររថយន្តបែបនេះ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាមនៅថ្ងៃទី ៨ ខែតុលា។ ចំពោះទីផ្សាររថយន្តវៀតណាមជាច្រើនឆ្នាំមកហើយ បានបដិសេធចំពោះប្រភេទរថយន្តកូនកាត់ និងរថយន្តអគ្គិសនី។
អ្នកជំនាញជឿជាក់ថាប្រជាជនវៀតណាមបានបើកបេះដូងម្តងបន្តិចៗ លើប្រភេទរថយន្តអគ្គិសនី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងស្ថានីយសាករថយន្តអេឡិចត្រូនិកមានទូលំទូលាយ នោះយានយន្តអគ្គិសនីនឹងត្រូវបានជ្រើសរើសដោយអ្នកប្រើប្រាស់ក្នុងស្រុក។
ប្រជាជនវៀតណាមដែលមានចំណូលមធ្យមកំពុងតែមានចំនួនកើនឡើង ហើយពួកគេភាគច្រើនរស់នៅក្នុងទីក្រុង ចំណែកឯរថយន្តអេឡិចត្រូនិកបានបំពេញតាមលក្ខណៈគ្រប់គ្រាន់សម្រាប់ទីក្រុងឆ្លាតវៃ (Smart Cities)។ ការណ៍នេះបានធ្វើឱ្យ ប្រជាជនផ្លាស់ប្តូរទៅរកប្រភេទរថយន្តអគ្គិសនី។ រថយន្តអគ្គិសនី ដែលជួយកាត់បន្ថយផលប៉ះពាល់មកលើបរិស្ថាន។
យោងតាមអ្នកជំនាញ ភាពចម្រុះនៃទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ បានផ្តើមវិវឌ្ឍន៍គួរឱ្យ កត់ស្គាល់ជាមួយនឹងប្រភេទរថយន្ត ដែលពេញនិយមខ្លាំង ដល់ប្រភេទរថយន្តប្រណីត។ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានហក់ចូលក្នុងទីផ្សាររថយន្តអគ្គិនសី ចំពេលវេលាមាស ពោលគឺជាពេលដែលបរិមាណលក់រថយន្តអគ្គិសនីចាប់ផ្តើមកើនឡើង។
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VinFast បានដាក់លក់នៅតាមប្រទេស ដែលកំពុងមានការចាប់អារម្មណ៍លើប្រភេទរថយន្តអគ្គិសនី ដូចជានៅសហរដ្ឋអាមេរិកបារាំងអាល្លឺម៉ង់ហូឡង់និងកាណាដាជាដើម។
សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានឱ្យ ដឹងថា VF e34 ដែលជាម៉ូដែលដំបូងផលិតដោយក្រុមហ៊ុនរថយន្តវៀតណាម VinFast មានការកើនឡើងលើបរិមាណលក់ ពោលគឺវាបានជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីរថយន្តដែលលក់ដាច់បំផុតនៅក្នុងទីផ្សារវៀតណាមកាលពីខែកក្កដា ឆ្នាំ ២០២២។
សម្រាប់តែខែមិថុនា VinFast បានលក់រថយន្តសរុបចំនួន ២,១៤១ គ្រឿងដែលឆ្លុះបញ្ចាំងពីបរិបទផ្លាស់ប្តូរពីប្រភេទរថយន្តប្រភេទឥន្ធនៈទៅជារថយន្តអគ្គិសនីរបស់ប្រជាជនវៀតណាម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានមើលឃើញថា ការលក់បានធ្លាក់ចុះនៅក្នុងខែសីហាកន្លងទៅ ដោយសារតែខ្វះគ្រឿងបង្គំ។
របាយការណ៍ចុងក្រោយស្តីពីទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម ដែលចេញផ្សាយដោយវិទ្យាស្ថានប្រេង វៀតណាមបានឱ្យ ដឹងថា ប្រទេសនេះមានសក្តានុពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍផ្នែករថយន្តអគ្គិសនី។
ប្រសិនបើរដ្ឋាភិបាលអនុវត្តគោលនយោបាយគាំទ្រទាន់ពេល វៀតណាមអាចឈានមុខគេក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍។
ចំពោះនិន្ននាការពិភពលោកវិញ ត្រូវបានឆ្លុះបញ្ចាំឱ្យ ឃើញតាមរយៈការលក់រថយន្តរបស់ក្រុមហ៊ុន Tesla។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានលក់រថយន្តបានចំនួន ៣៤៣ ៨៣០ គ្រឿង ក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២។ ចំនួននេះ កើនឡើងប្រមាណ ៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅ ដែលក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន ២៤១ ៣៩១ គ្រឿង។ ក្រៅពីកំណើននៃការលក់រថយន្ត ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក៏មានការកើនឡើងផងដែរនៅឆ្នាំ ២០២២ នេះ៕