សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានអះអាងកាលពីថ្ងៃពុធ ទី ១២ ខែតុលាថា ខ្លួនបានចាប់ខ្លួនជនជាតិរុស្ស៊ី ៥ នាក់ អ៊ុយក្រែន ២ នាក់ និងអាមេនី ១ នាក់ ដែលជាប់ទាក់ទងនឹងការបំផ្ទុះស្ពាន Kerch ដែលតភ្ជាប់ពីរុស្ស៊ីទៅឧបទ្វីបគ្រីមា កាលពីចុងសប្ដាហ៍មុន។
FSB បានចោទប្រកាន់ជនសង្ស័យទាំង ៨ នាក់ថា បានធ្វើសកម្មភាពតាមបញ្ជារបស់ចារកម្មយោធាអ៊ុយក្រែន ដើម្បីផ្លាស់ទីគ្រឿងផ្ទុះដោយសម្ងាត់តាមផ្លូវចូលទៅក្នុងប្រទេសរុស្ស៊ី និងបានក្លែងបន្លំឯកសារដែលភ្ជាប់មកជាមួយ។
បន្ថែមពីលើការចង្អុលដាក់ប្រធានចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែន លោក Kyrylo Budanov FSB បានអះអាងថា៖ «ឧបករណ៍បំផ្ទុះត្រូវបានលាក់ទុកក្នុងថង់ប្លាស្ទិកចំនួន ២២ ដុំ ដែលមានទម្ងន់សរុប ២២ ៧០០ គីឡូក្រាម»។
ទីភ្នាក់ងារសន្តិសុខរុស្ស៊ីដដែល គូសបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានដឹកជញ្ជូនតាមកប៉ាល់ពីកំពង់ផែក្រុងអូដេសា របស់អ៊ុយក្រែន ទៅកាន់កំពង់ផែរូសរបស់ប៊ុលហ្គារី កាលពីដើមខែសីហា។ បន្ទាប់មក គ្រឿងផ្ទុះដដែលក៏ត្រូវបានដឹកជញ្ជូនឆ្លងកាត់កំពង់ផែ Poti របស់ហ្ស៊កហ្ស៊ី បន្តទៅកាន់អាមេនី មុនពេលចូលទៅដល់រុស្ស៊ីនៅថ្ងៃទី ៤ ខែតុលា។
យ៉ាងណាមិញ ក្រសួងការពារជាតិអ៊ុយក្រែនកាលពីថ្ងៃពុធ បានច្រានចោលការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែន។ អ្នកនាំពាក្យរបស់ក្រសួង លោក Andriy Yusov បានប្រាប់អ្នកយកព័ត៌មានថា៖«សកម្មភាពទាំងអស់របស់ FSB និងគណៈកម្មាធិការស៊ើបអង្កេត មិនសមហេតុសមផលនោះទេ»។
លោក Yusov បានបន្តទៀតថា ទាំង FSB និងគណៈកម្មាធិការស៊ើបអង្កេត សុទ្ធសឹងតែជារចនាសម្ព័ន្ធក្លែងក្លាយដែលបម្រើរបបរបស់លោក ពូទីន។
គួរបញ្ជាក់ថា ស្ពាន Kerch ជាផ្លូវតភ្ជាប់ផ្ទាល់តែមួយគត់ដែលរុស្ស៊ីមានទៅតំបន់គ្រីមេ ហើយវាជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់យោធារុស្ស៊ី ចាប់តាំងពីចូលលុកលុយអ៊ុយក្រែននៅចុងខែកុម្ភៈ។ វីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មានរថយន្តកំពុងបើកនៅលើផ្លូវ មុនពេលដែលការផ្ទុះដ៏ខ្លាំងកើតឡើងនៅចំរថយន្តដ៏ធំមួយ ដែលបង្កឱ្យមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ប៉ុន្តែអ្នកជំនាញខ្លះ បានសន្និដ្ឋានថា ការផ្ទុះនេះ កើតចេញពីក្រោមស្ពាន ហើយមិនបណ្តាលមកពីការបំផ្ទុះគ្រាប់បែកនៅលើស្ពាននោះទេ។
ក្រោយការផ្ទុះ រុស្ស៊ីបានចោទប្រកាន់ទៅលើអ៊ុយក្រែន និងបានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែនទូទាំងប្រទេស ដែលធ្វើឱ្យមានការខូចខាតហេដ្ឋរចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិលអស់ជាច្រើននាក់។
ក្រុងកៀវ មិនបានទទួលស្គាល់ថា ខ្លួននៅពីក្រោយខ្នងនៃការបំផ្ទុះនោះទេ ប៉ុន្តែភ្លាមៗក្រោយហេតុការណ៍នេះ កើតឡើង មន្រ្តីអ៊ុយក្រែនបានបង្ហាញពីការអបអរសារទរ លាយឡំនឹងសារចំអកឡកឡឺយទៅរុស្ស៊ី ដែលធ្លាប់ឃោសនាកាលពីមុនថា ស្ពាន Kerch មិនងាយនឹងរងការវាយប្រហារពីសត្រូវនោះទេ៕
វីដេអូ៖