យ៉ាងហោចណាស់ មានគ្រាប់បែក២គ្រាប់ បានផ្ទុះនៅខាងក្រៅពន្ធនាគារក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ា ឬភូមាកាលពីថ្ងៃពុធទី ១៩ តុលា ដោយហេតុការណ៍នោះបានសម្លាប់មនុស្ស ៨ នាក់ និង ១៨ នាក់ផ្សេងទៀតរងរបួស។
របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការបំផ្ទុះគ្រាប់បែក បានវាយប្រហារហ្វូងមនុស្សតម្រង់ជួរនៅមុខពន្ធនាគារ Insein កាលពីព្រឹកថ្ងៃពុធ ដោយមិនបានបញ្ជាក់ពីចំនួននៃការផ្ទុះដែលបានកើតឡើងនោះទេ។របបយោធាបាននិយាយថា «ភេរ វករ» គឺជាអ្នកប្រព្រឹត្តអំពើនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានដកស្រង់សម្ដីមន្ត្រីពន្ធនាគារបាននិយាយថាបុគ្គលិកពន្ធនាគារយ៉ាងហោចណាស់ ៣ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់។ រូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានថតទីតាំងប្រឡាក់ឈាមនៅលើឥដ្ឋជុំវិញតុបញ្ជរ និងបង្អួចដែលបែកខ្ទេចខ្ទីពីខាងក្រោយ។
តាមសាក្សីម្នាក់ បានឱ្យដឹងថា កម្លាំងសន្តិសុខបានបិទបរិវេណតំបន់កើតហេតុទាំងមូលដើម្បីឆែកឆេររកជនសង្ស័យ។ ក្រុមសិទ្ធិមនុស្សនិយាយថា មានអ្នកទោសរាប់រយនាក់ត្រូវបានចាប់ឃុំខ្លួនដោយរបបយោធាក្នុងការបង្ក្រាបលើអ្នកជំទាស់។
ប្រទេសភូមា កើតមានភាពចលាចល ចាប់តាំងពីយោធា បានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន៕
វីដេអូ៖