ភាពតានតឹងនយោបាយ រវាងក្រុងញូវដេលី និងក្រុងប៉េកាំង បានបង្កើនការលំបាកកាន់តែខ្លាំងឡើងៗដល់ក្រុមហ៊ុនផលិតស្មាតហ្វូន (ទូរស័ព្ទ) របស់ចិន ក្នុងទីផ្សារឥណ្ឌា ជាពិសេសបន្ទាប់ពីអាជ្ញាធរឥណ្ឌាចាត់វិធានការច្បាប់ ដាក់ក្រុមហ៊ុនអ្នកផលិតចិនមួយចំនួនក្រោមការឃ្លាំមើលរបស់ខ្លួន។
រាប់តាំងពីការប្រឈមមុខយោធា រវាងចិន និងឥណ្ឌា នៅឆ្នាំ ២០២០ គេឃើញមានបញ្ហាជាច្រើន បានកើតមានលើក្រុមហ៊ុនបច្ចេកវិទ្យាចិន នៅឥណ្ឌា រួមទាំងក្រុមហ៊ុនផលិតស្មាតហ្វូន។ យ៉ាងណាមិញ ការលក់ស្មាតហ្វូនចិន នៅតែបន្តគ្របដណ្ដប់លើចំណែកទីផ្សារឥណ្ឌា។
កាលពីខែមេសា នាយកដ្ឋានអនុវត្តច្បាប់ ដែលជាទីភ្នាក់ងារឧក្រិដ្ឋកម្មហិរញ្ញវត្ថុសហព័ន្ធឥណ្ឌា បានបង្កករឹបអូសប្រាក់ចំនួន ៦៧៦ លានដុល្លារ ពីក្នុងគណនីធនាគារឥណ្ឌារបស់ក្រុមហ៊ុនទូរស័ព្ទយក្សចិន Xiaomi ដោយអះអាងថា ក្រុមហ៊ុនបានធ្វើការផ្ទេរប្រាក់ខុសច្បាប់ទៅបរទេស ក្នុងរូបភាពបង់ថ្លៃប្រាក់កម្រៃ។
នៅដើមខែតុលានេះ តុលាការឥណ្ឌា បានទាត់ចោលការសុំឱ្យបញ្ឈប់ការបង្កកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បើទោះបីជាក្រុមហ៊ុន Xiaomi បានអះអាងថា ការរឹបអូសទ្រព្យសម្បត្តិរបស់អាជ្ញាធរគ្មានសមាមាត្រខ្លាំង និងធ្វើឱ្យខ្លួនបញ្ឈប់ប្រតិបត្តិការ នៅឥណ្ឌាក៏ដោយ។
អ្នកជំនាញមើលឃើញថា បញ្ហានេះបណ្ដាលមកពីភាពតានតឹងនយោបាយ រវាងចិន និងឥណ្ឌា។ ហើយបើតាមពិតទៅ ក្រុមហ៊ុន Xiaomi ដែលបដិសេធការធ្វើខុស មិនមែនជាក្រុមហ៊ុនផលិតស្មាតហ្វូនចិនតែ ១ប៉ុណ្ណោះទេ ដែលស្ថិតនៅក្រោមការឃ្លាំមើល និងត្រួតពិនិត្យមើលរបស់រដ្ឋាភិបាលឥណ្ឌា ព្រោះមានក្រុមហ៊ុនចិនជាច្រើនផ្សេងទៀត ក៏ស្ថិតនៅក្រោមសម្ពាធដូចគ្នា ដូចជាក្រុមហ៊ុនអូប៉ូ (Oppo) វីវ៉ូ (Vivo) និង Huawei ជាដើម។
កាលពីខែកក្កដា អាជ្ញាធរឥណ្ឌា បានចោទប្រកាន់លើក្រុមហ៊ុន Oppo ពីការគេចពន្ធគយជាង ៥៥១ លានដុល្លារ ខណៈក្រុមអ្នកស៊ើបអង្កេតឥណ្ឌា ក៏ឆ្មក់ចូលការិយាល័យជាច្រើនរបស់ក្រុមហ៊ុន Vivo ដោយសង្ស័យពីការលាងលុយកខ្វក់។
គួរបញ្ជាក់ថា បន្ទាប់ពីមានការប្រឈមមុខយោធាដាក់គ្នា តាមព្រំដែន នៅភ្នំហិមាល័យ ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលទីក្រុងញូវដែលី បានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខនៃប្រទេសរបស់ខ្លួន ហើយធ្វើការហាមឃាត់ កម្មវិធីទូរស័ព្ទរបស់ចិនច្រើនជាង ៣០០ រួមទាំងកម្មវិធី WeChat និង TikTok ហើយថែមទាំងបានរឹតបន្តឹងច្បាប់លើក្រុមហ៊ុនចិន ដែលវិនិយោគ នៅក្នុងប្រទេសឥណ្ឌាទៀតផង។
មេធាវីជំនាញលើផ្នែកវិនិយោគឆ្លងដែន និងបញ្ហានិយ័តកម្ម លោក Atul Pandey បានលើកឡើងប្រាប់សារព័ត៌មាន DW ថា៖ «ករណីរបស់ក្រុមហ៊ុន Xiaomi គឺជាផ្នែកមួយនៃការឃ្លាំមើល និងត្រួតពិនិត្យពីរដ្ឋាភិបាលឥណ្ឌា»។ លោក Pandey បានគូសបញ្ចាក់ថា៖ «រដ្ឋាភិបាលឥណ្ឌា បានហាមឃាត់ការចូលប្រើកម្មវិធីចិនមួយចំនួន ដែលរងការចោទប្រកាន់ថា បានផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយសម្ងាត់ ចេញទៅក្រៅប្រទេសឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌា បានពិនិត្យយ៉ាងដិតដល់លើការទូទាត់ថ្លៃកម្រៃ និងអាជ្ញាប័ណ្ណដល់ម្ចាស់ភាគហ៊ុននៅបរទេស (របស់ក្រុមហ៊ុនចិន)»។
ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមហ៊ុនចិន បានបន្តគ្របដណ្ដប់លើទីផ្សារស្មាតហ្វូនរបស់ឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេទី២ លើពិភពលោក បន្ទាប់ពីប្រទេសចិន។ យោងតាមក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាCounterpoint ទីផ្សារស្មាតហ្វូនឥណ្ឌា កើនឡើង ២៧ ភាគរយ ក្នុងឆ្នាំ ២០២១ បើប្រៀបធៀបនឹងឆ្នាំ ២០២០ ជាមួយនឹងការលក់ទូរស័ព្ទឆ្នាំរហូតដល់ ១៦៩ លានគ្រឿង។
ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺថា ទីផ្សារឥណ្ឌា ក្នុងឆ្នាំ ២០២១ បានស្រូបយកប្រហែល ១៧ ភាគរយនៃការនាំចេញស្មាតហ្វូនរបស់ចិនទូទាំងពិភពលោក។ ម៉ាកទូរស័ព្ទចិនចំនួន៤ ក្នុងចំណោមម៉ាកស្មាតហ្វូនកំពូលទាំង៥ បានកាន់កាប់ទីផ្សារចំនួន ៧៦ ភាគរយ ដោយមានក្រុមហ៊ុន Xiaomi នាំមុខគេ បន្ទាប់មកក្រុមហ៊ុន Vivo, Realme និង Oppo។ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ មានតែ Samsung តែ ១ គត់ ដែលមិនមែនជាក្រុមហ៊ុនរបស់ចិន។
ប្រធានសេដ្ឋវិទូ នៅធនាគារ Hang Seng Bank លោកស្រី Dan Wang បានលើកឡើងប្រាប់សារព័ត៌មាន DW ថា ការបង្ក្រាបក្រុមហ៊ុន Xiaomi ធ្វើឡើងដោយសារតែការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយ និងកំណើននៃការការពារនិយម នៅក្នុងប្រទេសឥណ្ឌា។ លោកស្រីបន្តថា៖ «ការផលិតរបស់ចិន ប្រកបដោយការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព ដែលធ្វើឱ្យចំណែកទីផ្សារនៃម៉ាកទូរស័ព្ទរបស់ខ្លួនគ្របដណ្ដប់ធំ ក្នុងប្រទេសឥណ្ឌា»។
ជុំវិញបញ្ហានេះ លោក Pandey បានមើលឃើញថា ឥណ្ឌាផ្តល់នូវទីផ្សារដ៏ធំ សម្រាប់ក្រុមហ៊ុនស្មាតហ្វូនចិន ហើយបើនិយាយពីបញ្ហានៃភាពតានតឹងផ្នែកនយោបាយ អ្នកប្រើប្រាស់ឥណ្ឌា នៅតែទិញស្មាតហ្វូនរបស់ចិន និងផលិតផលបច្ចេកវិទ្យាខ្ពស់ដទៃទៀត។
យ៉ាងណាមិញ លោកស្រី Wang បានគូសបញ្ចាក់ថា ទីផ្សារឥណ្ឌាមានសារៈសំខាន់ជាពិសេសនៅពេលនេះ ដោយសារការលក់ស្មាតហ្វូនចិន បានធ្លាក់ចុះ ដោយសារតែការថយចុះនៃការប្រើប្រាស់ និងកំណើនប្រាក់ចំណូលទាប ដែលបង្កឡើងដោយការរឹតត្បិតកូវីដ។ លោកស្រីបន្តថា៖ «ប្រទេសឥណ្ឌា ដែលមានប្រជាជនវ័យក្មេងច្រើន និងកំណើនលឿន គឺជាទីផ្សារជម្រើសដ៏ល្អមួយ»៕