អ្នក​រងគ្រោះ​ក្នុង​ឧប្បទ្ទវហេតុ​នៃ​ការ​រត់ជាន់​គ្នា​ថប់​ដង្ហើម​ស្លាប់ ​(stampede)​ ក្នុង​ព្រឹត្តិការណ៍​​ Halloween ដែល​ជា​ពិធី​ជប់លៀង​ ​ដែល​មនុស្ស​ស្លៀកពាក់​តុប​តែងខ្លួន​ដូច​ជា​ខ្មោច​បិសាច​បន្ត​កើន​ដល់​ ១៥១ ​នាក់​ ខណៈ​វត្តមាន​នៃ​ការស្លាប់​ជនបរទេស​មាន​យ៉ាង​ហោច ​១៩ នាក់​ គិត​ត្រឹម​ម៉ោង​នេះ។

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP បាន​ដកស្រង់​ព័ត៌មាន​ពី​នាយកដ្ឋាន​ពន្លត់​អគ្គិសភ័យ​របស់​ប្រទេស​កូរ៉េខាងត្បូង​ នៅ​មុន​នេះ​បន្តិច ​បាន​ឱ្យ​ដឹងថា​ចំនួន​អ្នកស្លាប់​ដោយសារ​ឧបទ្ទវ​ហេតុ​នេះ ​​បានកើន​ឡើង​ដល់​ ១៥១នាក់​ក្នុង​នោះ​មាន​ជន​បរទេស​​ចំនួន ១៩ នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការកើន​ឡើង​នៃ​ហ្វូង​មនុស្ស​និង​ការរត់​ជាន់​គ្នា​ដែល​បាន​កើត​ឡើង​នៅម៉ោង​ប្រហែល ១០ យប់ថ្ងៃសៅរ៍ (​ម៉ោង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង)។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​«យ៉ុនហាប់» ​បាន​រាយការណ៍​ថា ​ជនបរទេស​ទាំង​នោះ​ មាន​មក​ពី​ប្រទេស​អ៊ីរ៉ង់ ​អ៊ូស​បេ​គីស្ថាន​ចិន​ និង​ន័រវែស​។

ប្រធានា​ធិបតីកូរ៉េ​ខាង​ត្បូង​ លោក Yoon Suk-yeol​ បាន​ប្រកាស​រយៈពេល​នៃ​ការកាន់​ទុក្ខ​ថ្នាក់​ជាតិ​កាល​ពីថ្ងៃ​អាទិត្យ​ ដោយ​និយាយថា​ រដ្ឋាភិបាល​ នឹង​ចំណាយ​លើ​ការ​ថែ​ទាំព្យាបាល​អ្នក​របួស ​និង​ពិធីបុណ្យ​សព​របស់​អ្នក​ដែល​បាន​ស្លាប់។

ប្រធានាធិបតី​ Yoon បាននិ​យាយនៅ​ក្នុង​សុន្ទរ​កថា​ទៅ​កាន់​ជាតិ​កូរ៉េ​ថា​៖​«នៅកណ្តាល​ទីក្រុង​សេ​អ៊ូល សោកនាដ​កម្ម និង​គ្រោះ​មហន្តរាយ​បាន​កើតឡើង​ដែល​មិន​គួរ​កើតឡើង»។

គ្រោះ​មហន្តរាយ​នេះ​បានកើតឡើ​ង​នៅក្នុង​សង្កាត់ Itaewon នៃ​រដ្ឋ​ធានី​សេអ៊ូល​ ជា​កន្លែង​ដែល​​​មាន​សេចក្តីរាយការណ៍​​​​ក្នុង​ស្រុក​​បាន​និយាយ​ថា​ មាន​មនុស្ស​រហូតដ​ល់ ១០ ម៉ឺន​នាក់ ដែល​ភាគច្រើន​ក្នុង​វ័យ​ជំទង់ និងអាយុស្របាលៗ​ ២០ ឆ្នាំ​បាន​ទៅ​ប្រារព្ធពិធីបុណ្យ Halloween ដោយ​បាន​​​បង្ក​ឱ្យ​​ស្ទះ​ផ្លូវ​តូច​ចង្អៀតក្នុងតំបន់ និងផ្លូវ​ដែល​មាន​ខ្យល់បក់​ខ្លាំង។

លោក​ Choi Seong-beom ​ប្រធាន​ផ្នែក​ពន្លត់​អគ្គីភ័យ​នៅតំបន់ Yongsan ដែលរួ​ម​មានសង្កាត់​ ​Itaewon នោះ​ដែរ បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​មាន ៩៧នាក់​ជា​ស្ត្រី និង ៥៤ នាក់​ជា​បុរស។

លោក Choi​ បាន​​និយាយ​​ថា មនុស្ស ៨២ ​នាក់​បា​ន​​រ​ង​របួ​ស​ក្នុង​នោះ​មាន​ ១៩ នាក់​ធ្ងន់ធ្ងរ​ បើ​ទោះ​បី​​ជា​​ក្រសួង​​មហាផ្ទៃ​​បាន​និយាយ​ថា ​មនុស្ស ១៥០ នាក់​​បាន​រង​របួស​ក៏​ដោយ។

យ៉ុនហាប់ រា​យការណ៍ថា ​ការ​រត់​ជាន់​គ្នា​ដែល​សម្លាប់​មនុស្ស​ដ៏​សា​ហាវ​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នាពេលថ្មី​ៗ​នេះ​របស់​កូរ៉េខាងត្បូង​ បាន​កើត​ឡើង​នៅ​ក្នុង​ផ្លូវតូច​ចង្អៀត​មួយ​ក្បែរ​សណ្ឋាគារ Hamilton ដោយ​សាក្សី​​​ឃើញ​ផ្ទាល់ភ្នែក ​​​បាន​ពិពណ៌នា​​អំពី​​ទិដ្ឋភាព​នៃ​ការ​ភ័យ​ស្លន់​ស្លោ​នៅ​ពេល​​ដែល​​មនុស្ស «​ដូល​ជាបន្តបន្ទាប់ (fall like dominoes)»។

យ៉ុនហាប់​បាន​ដកស្រង់​សាក្សី​​ស្ត្រី​​ម្នាក់​​ ដោយ​​អះអាង​ថា៖«មនុស្ស​​ទាប​ដូច​​ខ្ញុំ​​មិន​​អាច​ដក​​ដង្ហើម​​បាន​ទេ»។

នាង​​បាន​និ​យា​យ​​ថា​៖«​វា​ហាក់​ដូច​ជា​មនុស្ស​នៅ​កណ្តាល​ទទួល​រង​គ្រោះ​ខ្លាំង​បំផុត​»៕