
តំបន់ឃើរសុន ភាគខាងត្បូងអ៊ុយក្រែន។ រូបថត AFP
រុស្ស៊ីបានបញ្ជាឱ្យជនស៊ីវិលអ៊ុយក្រែន រាប់ម៉ឺននាក់ដែលរស់នៅក្បែរច្រាំងខាងកើតនៃទន្លេនីប៉ឺផ្លាស់ចេញ ក្រោមបញ្ជា ដែលអ៊ុយក្រែន ហៅថា ស្មើនឹង «ការផ្លាស់ទីដោយបង្ខំ»។
មន្ត្រីតំបន់ឃើរសុន ដែលរុស្ស៊ី លើកបន្តុប បានរាយការណ៍ថា ប្រជាជនចំនួន ៧០ ០០០ នាក់ ត្រូវបានបំផ្លាស់ទីលំនៅ ដោយសារការព្រួយបារម្ភ ដែលថា អ៊ុយក្រែននឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំ ហើយវាជាការពង្រីកការជម្លៀសប្រជាជនចេញពីតំបន់ឃើរសុន ដែលគ្រោងនឹងបញ្ចប់ ក្នុងសប្ដាហ៍នេះ។
កាលពីជាង ១ សប្តាហ៍មុន លោក Vladimir Saldo អភិបាលក្រុងឃើរសុន ដែលរុស្ស៊ី តែងតាំង បានបញ្ជាឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីរដ្ឋធានី ក្នុងតំបន់ ហើយថា អ្នកដែលមិនស្តាប់បង្គាប់ ប្រថុយនឹងការចាត់ទុកជាអរិភាព។
ប្រមុខរដ្ឋបាលយោធាតំបន់អ៊ុយក្រែន ប្រចាំក្រុង Mykolaiv ដែលកំពុងប្រយុទ្ធគ្នា លោក Vitaly Kim បានថ្លែងថា រុស្ស៊ី កំពុងបោសសម្អាតជនស៊ីវិល ដើម្បីផ្តល់កន្លែង សម្រាប់កងទ័ពកំណែនថ្មី ដោយសង្ឃឹមថា ពួកគេនឹងមានកន្លែង សម្រាប់រស់នៅ ដោយមានកម្ដៅ ទឹក និងថាមពល។
គួរបញ្ជាក់ថា សកម្មភាពបំផ្លាស់ទីរបស់រុស្ស៊ី ធ្វើឡើង ក្រោយពេលរុស្ស៊ី ដែលកំពុងចាញ់ប្រៀប នៅសមរភូមិប្រយុទ្ធ កាត់ទឹកដីតំបន់ភាគខាងកើត និងខាងត្បូងចំនួន ៤ ថា ជារបស់ខ្លួន ហើយរុស្ស៊ីប្រកាសច្បាប់អាជ្ញាសឹក នៅទីនោះ។ វាក៏ធ្វើឡើងផងដែរ ខណៈពេលរុស្ស៊ី បង្កើនការវាយប្រហារ ដោយមីស៊ីល លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ដែលធ្វើឱ្យមានការថ្កោលទោសផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិច ដែលផ្ដល់ជំនួយសព្វាវុធឱ្យអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី តែងតែបដិសេធថា ខ្លួនមិនកំណត់គោលដៅជនស៊ីវិលនោះទេ។ ហើយជុំវិញការវាយប្រហារ ដោយមីស៊ីល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ហៅវាថា ជាការសងសឹក ចំពោះអ៊ុយក្រែន ដែលវាយប្រហារកងនាវាចរសមុទ្រខ្មៅរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន។
អ៊ុយក្រែនមិនបានបញ្ជាក់ ឬបដិសេធការវាយប្រហារលើកងនាវារុស្ស៊ី នោះទេ ហើយអំពាវនាវឱ្យមានការដាក់រុស្ស៊ីឱ្យនៅឯកោក្នុងស្ថាប័នអន្តរជាតិ បន្ទាប់ពីកងកម្លាំងរបស់ប្រទេសនេះ បានវាយប្រហារគោលដៅជនស៊ីវិល ក្នុងទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន៕
វីដេអូ៖