តុលាការ​មីយ៉ាន់ម៉ា ដែល​គ្រប់គ្រង​ដោយ​ក្រុម​យោធា បាន​កាត់ទោស​ដាក់ ពន្ធនាគារ​រយៈពេល ១៤៨ ឆ្នាំ​លើ​អតីត​សមាជិក សភា​ម្នាក់ មកពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា (NLD) ដែល​ធ្វើឱ្យ​អតីត​អ្នក នយោបាយ​រូបនោះ ត្រូវ​ជាប់ពន្ធនាគារ ១៧៣​ ឆ្នាំ បើ​សរុប​ទាំង​ការកាត់ទោស​លើក​មុន។

ក្នុង​សាលក្រម កាលពី​ថ្ងៃ​ចន្ទ លោក Win Myint Hlaing វ័យ ៥២​ ឆ្នាំ បាន​រង​ការកាត់ទោស​លើ​ការ​ចោទប្រកាន់​ពីបទ​ភេរវកម្ម និង​ក្លាយជា​សមាជិក​រដ្ឋា​ភិបាល​របស់លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​ជាប់គុក​រយៈពេល​វែង​បំផុត។

តុលាការ​នៅ​ស្រុក Magway ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤៨០​ គីឡូម៉ែត្រ​ភាគ​ខាងជើង​នៃ​ក្រុង​ពាណិជ្ជកម្ម​យ៉ាងហ្គូន បាន​រកឃើញ​ថា លោក Win Myint Hlaing មាន​ពិរុទ្ធ​ចំនួន ៨ ​ករណី ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម។ នេះ​បើ​យោងតាម​ការចុះផ្សាយ កាលពី​ថ្ងៃ​ពុធ​ ទី​ ២ ខែវិច្ឆិកា របស់​ទីភ្នាក់ងារ​ព័ត៌មាន Association Press ដែល​ស្រង់​សម្ដី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដឹង​ពី​ការកាត់ទោស​នេះ។

ប្រភព​ដដែល បាន​និយាយទៀត​ថា លោក Win Myint Hlain ត្រូវបាន​កាត់ទោស​ប៉ុន្មាន​ដង​រួចហើយ កាលពី​ខែមីនា មេសា និង​ខែ​មិថុនា ពីបទ​ញុះញង់ និង​អំពើ​ភេរវកម្ម ដោយ​លោក​ត្រូវ​ទទួល​ទោស​ចំនួន ២៥​ ឆ្នាំ​ជា​សរុប។ ប្រភព​បន្ថែម​ថា រឿងហេតុ​មួយចំនួន​ដែល​លោក Win Myint Hlain ត្រូវបាន​កាត់ទោស កាល​ពី​ពេលថ្មីៗនេះ បាន​កើតឡើង​នៅពេលដែល​លោក​ជាប់គុក​រួច​ស្រាប់​ទៅហើយ។

បើតាម​ធម្មតា ការកាត់ក្តី​នយោបាយ នៅ​មីយ៉ាន់ម៉ាធ្វើឡើង​ដោយ​បិទ​មិនឱ្យ​សាធារណ​ជន​ដឹង ដូច្នេះ វា​ពិបាក​ក្នុងការ​ដឹងថា មាន​ភ័ស្តុតាង​អ្វីខ្លះ ដែល​តុលារ​ការប្រើប្រាស់ ដើម្បី​កាត់ទោស​ជនសង្ស័យ។

សូម​បញ្ជាក់​ថា លោក Win Myint Hlain ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​តំណាងរាស្ត្រ ក្នុង​តំបន់ Magway នៅ​ឆ្នាំ​ ២០១៥។ លោក​មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២០ ទេ ប៉ុន្តែ​បាន​ចូលរួម ក្នង​ការតវ៉ា​ប្រឆាំងនឹង​យោធា មុនពេល​ត្រូវ​ក្រុម​យោធា​ចាប់ខ្លួន នៅ​ទីក្រុង Yaksawk ក្នុង​រដ្ឋ Shan ភាគ​ខាងកើត​ប្រទេស​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១។

បញ្ហា​នយោបាយ និង​សិទ្ធិមនុស្ស នៅ​ប្រទេស​មីយ៉ាន់ម៉ា កាន់តែ​ធ្លាក់ចុះទៅៗ បន្ទាប់​ពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រជា​ធិបតេយ្យ​របស់លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក ២៦​ឆ្នាំ។

កាលពី​ខែកក្កដា មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​គាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ ៤​ នាក់ ដោយ​កាត់ទោស​ក្រោម​បទចោទ​ប្រកាន់​អំពើ​ភេរវកម្ម និង​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​រដ្ឋប្រហារ​របស់​ខ្លួន។ ការ​ប្រហារ​ជីវត​នេះ រួមទាំង​ការចាប់ខ្លួន ក៏ដូចជា​ការវាយប្រហារ​យោធា​លើ​ក្រុមប្រឆាំង ដែល​បន្ត​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់​នាក់ បាន​រង​នូវ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ក៏ដូចជា​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស៕

វីដេអូ៖