ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ត្រៀម​ជួបពិភាក្សា​ជាថ្មី​ទៀត​ជាមួយ​ប្រមុខរដ្ឋ​តួ​កគី ដែល​ជា​ប្រទេស​ដាក់​លក្ខខណ្ឌ​ដល់​ប្រទេស​ទាំង ២ ជា​ថ្នូរ​នឹង​ការ​ផ្តល់​សច្ចាប័ន សម្រាប់​ការ​ដាក់ពាក្យ​ចូល​ជាស​មា​ជិ​កពេញ​សិទ្ធិ​ទី ៣១ និង​ទី ៣២ នៃ​អង្គការ​ណា​តូ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​របស់​ក្រុមប្រឹក្សារដ្ឋ នៅ​ទ្វីបអឺរ៉ុប​ខាងជើង និង​អា​ត្លង់​ទិ​ក ដែលគេ​ហៅថា ណ័រ​ឌិ​ក (Nordic) នៅ​ទីក្រុង​ហែល​ស៊ិន​គី ប្រទេស​ហ្វាំងឡង់ កាលពី​ថ្ងៃអង្គារ​ដើម​សប្ដាហ៍ ប្រមុខ​ដឹកនាំ​ហ្វាំងឡង់ និង​ស៊ុយអែត សុទ្ធតែ​អន្ទះសា​ចង់បាន​សមាជិកភាព​ពេញ​សិទ្ធិ ក្នុង​អង្គការ​ណា​តូ​ជាមុន​សិន ដោយ​រហូតមកដល់​ពេលនេះ នៅសល់​តែ​ប្រទេស ២ ទៀត​ប៉ុណ្ណោះ​ក្នុង​អង្គការ​នេះ ដែល​មិនទាន់​សម្រេច​ផ្តល់​សច្ចាប័ន​គាំទ្រ។

តាមរយៈ​ការ​ចេញផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន EUobserver ប្រទេស​ហុងគ្រី ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​សច្ចាប័ន​លើស​មា​ជិ​កភាព​ណា​តូ សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខនេះ។ ការ​ពន្យារពេល​ដ៏​យូរ​របស់​ហុងគ្រី សម្រាប់​ការ​គាំទ្រ​ហ្វាំងឡង់ និង​ស៊ុយអែត​នោះ មាន​សេចក្តី​រាយការណ៍​ថា ដោយសារ​ទំនាក់ទំនង​ដ៏​ល្អូក​ល្អឹ​នរ​បស់​នាយក​រដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌីមៀរ ពូ​ទីន និង ប្រធានាធិបតី​តួ​កគី លោក រ៉េ​សិប តៃ​យីប អេ​រដូ​ហ្គែន ដែល​មាន​លក្ខខណ្ឌ​ដ៏​តឹង​រុឹង សម្រាប់​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់។

នាយក​រដ្ឋមន្ត្រី​ស៊ុយអែត​លោក Ulf Kristersson បាន​បញ្ជាក់​ថា ជំនួប​ជាមួយ​ប្រធានាធិបតី​តួ​កគី លោក អេ​រដូ​ហ្គែន ត្រូវ​បាន​គ្រោងទុក ឆាប់ៗនេះ ប៉ុន្តែ​លោក​មិន​ផ្តល់​កាលបរិច្ឆេទ​នោះ​ទេ។

ហេតុផល ដែល​ប្រឆាំង​នឹង​ការ​ចូល​ជាស​មា​ជិ​កភាព​នៃ​អង្គការ​ណា​តូ​របស់​ប្រជាជាតិ​ទាំង២ នោះ គឺ​តួ​កគី​បាន​ចោទប្រកាន់​ថា ប្រទេស​ទាំង២ នេះ បាន​គាំទ្រ​ក្រុមសកម្ម​ប្រយុទ្ធ​ប្រដាប់​អា​វុធ​ឃឺដ (PKK) ដែល​តួ​កគី​ចោទ​ថា ជា​ពួក​ភេរវ​ករ​បំបែក​ខ្លួន ព្រមទាំង​ធ្លាប់​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​តួ​កគី និង​អង្គការ​ភេរវ​ករ Fetullah (FETO) ដែល​រដ្ឋាភិបាល​របស់​លោក អេ​រដូ​ហ្គែន ចោទប្រកាន់​ថា នៅ​ពីក្រោយ​រដ្ឋប្រហារ​ដែល​បរាជ័យ កាល​ឆ្នាំ ២០១៦ នៅ​ប្រទេស​តួ​កគី។

នៅក្នុង​ជំនួប​ជាបន្តបន្ទាប់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង២ ជាមួយ​ប្រធាន​រដ្ឋសភា​តួ​កគី​ផង និង​រដ្ឋមន្ត្រី​យុត្តិធម៌​តួ​កគី​ផង ប្រទេស​តួ​កគី បាន​ទាមទារ​ការ​ធ្វើ​បត្យាប័ន​ជន​ទាំងឡាយ​ណា ដែល​តួ​កគី​ចោទ​ថា ជា «ភេរវ​ករ» ដែល​កំពុង​រស់នៅ​ប្រទេស​ទាំង២ ត្រឡប់ទៅ​តួ​កគី​វិញ។

ក្នុង​សន្និសីទ​ក្រុម​ប្រឹ​ក្សា​ណ័រ​ឌិ​ក ដែល​ជា​ស្ថាប័ន​ផ្លូវការ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​អន្តរ​សភា​ជា​ផ្លូវការ នៅក្នុង​តំបន់ ដោយក្រុម​ប្រឹក្សា​នេះ​មាន​សមាជិកសភា​ចំនួន ៨៧ នាក់ ជាស​មា​ជិ​កម​កពី​ប្រទេស​ដាណឺម៉ាក ហ្វាំងឡង់ អុី​ស្លង់ ន័រវែស ស៊ុយអែត កោះ​ហ្វា​រ៉ូ​ហ្គ្រីនឡែន និង​អា​ឡែន (Aland) ក៏​មានការ​លើក​ជា​សំណួរ​ថា តើ​ស៊ុយអែត និង​ហ្វាំងឡង់ ងាក​ទៅ​រក​អាវុធ​នុយក្លេអ៊ែរ​ដែរ ឬទេ?

ជា​ការ​ឆ្លើយតប នាយក​រដ្ឋមន្ត្រី​ហ្វាំងឡង់ លោកស្រី Sanna Marin បាន​ប្រាប់​ថា ហ្វាំងឡង់ «មិន​គួរ​ដាក់​លក្ខខណ្ឌ​ជាមុន ឬបិទទ្វារ​ណា១ ឡើយ» មុន​ពេល​ក្លាយជា​សមាជិក​របស់​ណា​តូ។ លោកស្រី​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា៖ «នេះ​មិនមែន​ជា​អ្វី ដែល​យើង​កំពុង​ពិភាក្សា​យ៉ាងសកម្ម ពេលនេះ​ទេ។ យើង​កំពុង​រង់ចាំ​ក្លាយជា​សមាជិក ហើយ​បន្ទាប់មក​បញ្ហា​នេះ អាច​ត្រូវ​បាន​ពិភាក្សា» ទាក់ទង​អាវុធ​នុយក្លេអ៊ែរ នៅ​លើទឹក​ដី​ហ្វាំងឡង់។

ប៉ុន្តែ​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto បាន​និយាយ ពេល​ថ្លែង​ទៅ​សភា​តំណាង​រា​ស្ត្រណ័រ​ឌិ​កថា៖ «បរិយាកាស​អន្តរជាតិ ពេលនេះ កាន់តែ​រងា​ជាង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់​ទៅទៀត»។ លោក​បន្ថែម​ថា៖ «សម្រាប់​ប្រទេស​ណ័រ​ឌិ​ក វា​មានន័យថា ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​របស់​យើង កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត។ ប្រយោជន៍​របស់​យើង​តែងតែ​ដូចគ្នា»។

ពាក់ព័ន្ធ​នឹង​ការ​ការពារ​ជាតិ ដោយ​នុយក្លេអ៊ែរ លោក Niinisto ប្រាប់​ថា៖ «ស្ថានភាព ពេលនេះ គឺថា យើង​កំពុង​រង់ចាំ​សមាជិកភាព ហើយ​យើង​នឹង​ចាំ​មើល​ថា តើមាន​អ្វី​កើតឡើង»៕

វីដេអូ៖