ទំនាក់ទំនង​រវាង​ឥណ្ឌា និង​សហរដ្ឋអាមេរិក​មិន​ដែល​មាន​ភាពស្អិតល្មួត​ជាមួយ​គ្នា​នោះទេ បើទោះបី​ជា​ប្រទេស​ទាំងពីរ​ជា​មហាអំណាច​ប្រជាធិបតេយ្យ​ដូចគ្នា​ក៏ដោយ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​នឹង​ត្រូវ​បានឃើញ​កាន់តែ​ច្បាស់​បន្ថែមទៀត នៅពេល​មានការ​ផ្លាស់ប្តូរ​អំណាច​ដឹកនាំ​ក្នុង​សភា​អាមេរិក​។

ឥណ្ឌា ក៏ដូចជា​ប្រទេស​ដៃគូ​សំខាន់ៗ​ជាច្រើន​របស់​អាមេរិក​កំពុង​តាមដាន​សង្កេត​មើល​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នាពេល​ខាងមុខ​យ៉ាង​យកចិត្ត​ទុកដាក់ ខណៈ​ដែល​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​ដ៏លំបាក​មួយ​។ យ៉ាងណា​ក៏ដោយ ប្រទេស​ទាំងពីរ​បាននិង​កំពុង​មាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម សន្តិសុខ​តំបន់ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ជា​ដៃគូ​ក្នុង​វេទិកា​នានា​ដូចជា ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក​ជាដើម​។ ហើយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ច្រើន​បែបនេះ​មានន័យ​ថា ទំនាក់​ទំនង​រវាង​មហាអំណាច​ទាំងពីរ​ទទួលបាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​គឺ គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​។

ក្នុង​រយៈពេល​ ៥​ ឆ្នាំ​កន្លងមកនេះ ឥណ្ឌា​បាន​ខិតជិត​ទៅរក​អាមេរិក​ជាង​មុន​។ កន្លងមក យើង​ឃើញ​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​លោក ចូ បៃដិន បាន​សន្យា​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​ប្រទេស​ឥណ្ឌា​ទៅរក​គោលដៅ​ថាមពល​កកើតឡើង​វិញ​នៅត្រឹម​ឆ្នាំ​ ២០៣០ ខាងមុខ​។ ហើយ​ថ្មីៗ​នេះ​ផងដែរ អាមេរិក​ក៏បាន​សន្យាថា​នឹង​ជួយ​ពន្លឿន​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​ឱ្យបាន​លឿន​រហ័ស​ សម្រាប់​ប្រជាជន​ឥណ្ឌា​ដែលមាន​បំណង​ចង់​ទៅ​ធ្វើការ​នៅ​សហរដ្ឋអាមេរិក​។

លោក​បណ្ឌិត Deep Pal ជា​បញ្ញវន្ត​នៃ​កម្មវិធី​អាស៊ី​នៅ​វិទ្យាស្ថាន​រួមចំណែក Carnegie សម្រាប់​សន្តិភាព​អន្តរជាតិ (Carnegie Endowment for International Peace) បាន​កត់សម្គាល់​ថា សេត​វិមាន​បាននិង​កំពុង​មើល​របាយការណ៍​របស់​គណៈកម្មាធិការ​ប្រធានាធិបតី ដែល​និយាយ​អំពី​ការពន្លឿន​ដំណើរការ​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឬ​ហៅ​កាត់​ថា​ប័ណ្ណ​បៃតង​។ លោក​បាន​បន្ថែមថា ឥណ្ឌា និង​សហរដ្ឋអាមេរិក​បាន​កំណត់​ពេលវេលា​យ៉ាង​តក់ក្រហល់​ក្នុង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​ពួកគេ​។

ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​បាន​អំពាវនាវ​ឱ្យមាន​ការគ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​បន្ថែមទៀត​លើ​បញ្ហា​អន្តោប្រវេសន៍ និង​បាន​រិះគន់​ផែនការ​សកម្មភាព​អាកាសធាតុ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ការណ៍​នេះ​បាន​បង្កើន​ក្តីបារម្ភ​ដល់​រដ្ឋាភិបាល​ក្រុង​ដែលី​។ លោក​វេជ្ជបណ្ឌិត Pal បាន​និយាយថា​៖ «​ផែនការ​ទាំងនេះ​អាច​នឹងមិន​ទទួលបាន​ការគាំទ្រ​ច្រើន​នោះទេ​»​។

ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា ឆ្នាំ ២០២២ គឺជា​ការបោះឆ្នោត​ប្រជាមតិ​ទូទាំង​សហរដ្ឋអាមេរិក​លើកដំបូង ដើម្បី​ធ្វើ​ការស្ទង់មតិ​ពលរដ្ឋ​អាមេរិក អំពី​ការបំពេញ​មុខងារ​របស់​ប្រធានាធិបតី​។ ជា​ប្រវត្តិសាស្ត្រ​កន្លងមក គណបក្ស​របស់​ប្រធានាធិបតី​តែងតែ​មាន​និន្នាការ​ធ្លាក់ចុះ និង​បាត់បង់​ការគាំទ្រ​ក្នុងអំឡុង​ពេល​ពាក់កណ្តាល​អាណត្តិ ដោយសារ​ការខកចិត្ត​របស់​អ្នកបោះឆ្នោត​ជាមួយ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​នាពេល​បច្ចុប្បន្ន​។

ការ​រួបរួមគ្នា​ប្រឆាំងនឹង​ប្រទេស​ចិន

ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នេះ​អាច​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្ដូរ ឬ​នៅ​ដដែល​នៃ​អំណាច​ដឹកនាំ​របស់​សភា​អាមេរិក ហើយក៏​អាច​នឹង​ធ្វើឱ្យមាន​ការប្រែប្រួល​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​ជុំវិញ​បញ្ហា​អាកាសធាតុ និង​អន្តោប្រវេសន៍​។ ប៉ុន្តែ សម្រាប់​ប្រទេស​ចិន​វិញ ឥណ្ឌា និង​សហរដ្ឋអាមេរិក​ទំនងជា​នឹង​បន្ត​សហការ​គ្នា​ប្រឈម​មុខ​ជាមួយ​ចិន បើទោះបី​ជា​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ​ឡើងកាន់​អំណាច​ក៏ដោយ​។

យោងតាម​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ឆ្នាំ​ ២០២២ របស់​សហរដ្ឋអាមេរិក ឥណ្ឌា​គឺជា​ចំណុចកណ្តាល​នៃ​ចក្ខុវិស័យ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការប្រឆាំង​នឹង​ប្រទេស​ចិន​។ យុទ្ធសាស្ត្រ​ដដែល​នេះ​បាន​សង្កត់ធ្ងន់​ថា ចិន​គឺជា​គូប្រជែង​យុទ្ធសាស្ត្រ​ដ៏​មាន​ផលវិបាក​បំផុត​របស់​អាមេរិក​។ ក្នុង​ន័យនេះ ឥណ្ឌា​ទទួលបាន​ផលប្រយោជន៍​ពី​សហរដ្ឋអាមេរិក​យ៉ាងច្រើន​ជុំវិញ​បញ្ហា​នេះ ព្រោះ​អាមេរិក​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការរក្សា​ឥទ្ធិពល និង​សន្តិសុខ​របស់​ឥណ្ឌា​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក​។ ប្រទេស​ទាំងពីរ រួម​ជាមួយ​នឹង​ប្រទេស​ជប៉ុន និង​អូស្ត្រាលី​ជា​ដៃគូ​សន្ទនា​សន្តិសុខ​សម្ព័ន្ធ​ចតុភាគី​ហៅ​កាត់​ថា​ ខ្វដ (Quad) ដែលជា​សម្ព័ន្ធ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​រាំងខ្ទប់​ឥទ្ធិពល​របស់​ចិន​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វ៊ិក​។

ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត​ជនជាតិ​អាមេរិក​ដើមកំណើត​ឥណ្ឌា

នៅ​សហរដ្ឋអាមេរិក គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំណុច​មួយ​ដែល​ដូចគ្នា ហើយ​ដែល​ពាក់ព័ន្ធ​នឹង​ឥណ្ឌា ដែល​នោះ​គឺថា គណបក្ស​ទាំងពីរ​តែងតែ​គិតគូរ​ទៅដល់​តំបន់​ដែល​មាន​អ្នកបោះឆ្នោត​ជា​ជនជាតិ​ឥណ្ឌា​សញ្ជាតិ​អាមេរិក ជាពិសេស​ចាប់តាំងពី​លោក ដូណាល់ ត្រាំ នៅ​ជា​ប្រធានាធិបតី​។ ជនជាតិ​អាមេរិក​ដើមកំណើត​ឥណ្ឌា​មាន​ប្រមាណ​ត្រឹមតែ ១ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​គណបក្ស​ទាំងពីរ​តែងតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅលើ​ក្រុម​អ្នកបោះឆ្នោត​ទាំងនោះ​ជានិច្ច​។

ភាគច្រើន ជនជាតិ​អាមេរិក​ដើមកំណើត​ឥណ្ឌា​មាន​ទំនោរ​ទៅរក​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​មិនមែន​មាន​ន័យថា​ពួកគេ​រារាំង​មិន​ឱ្យ​គណបក្ស​សាធារណរដ្ឋ​អាច​ទៅ​ឃោសនា​បោះឆ្នោត​នៅ​តំបន់​ពួកគេ​នោះទេ​។ គួរ​ដឹង​ដែរ​ថា ថ្មីៗ​នេះ រដ្ឋបាល​លោក បៃដិន និង អ្នកស្រី ហារីស បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ Diwali របស់​សាសនា​ហិណ្ឌូ​ទៀតផង​។ ទន្ទឹមគ្នា​នេះដែរ យុទ្ធនាការ​របស់​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​ប្រារព្ធ​ពិធីបុណ្យ Diwali ដូចគ្នា​ផងដែរ​។

ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​ឥណ្ឌា គឺជា​កត្តា​ដ៏សំខាន់​មួយ​ដែល​ជះឥទ្ធិពល​ដល់​ការសម្រេចចិត្ត​របស់​អ្នកបោះឆ្នោត​ដែលជា​ជនជាតិ​អាមេរិក​ដើមកំណើត​ឥណ្ឌា​។ ប្រសិនបើ​គណបក្ស​ណាមួយ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​ឥណ្ឌា នោះ​ពួកគេ​ទំនងជា​មិន​បោះឆ្នោត​គាំទ្រ​នោះទេ​។

សាស្ត្រាចារ្យ Harsh Pant អនុប្រធាន​ផ្នែក​សិក្សា និង​គោលនយោបាយ​ការបរទេស​នៅ​មូលនិធិ​ស្រាវជ្រាវ​អ្នក​សង្កេតការណ៍​បាន​លើកឡើង​ថា​៖ «​ជនភៀសខ្លួន​ឥណ្ឌា​ក៏មាន​យុទ្ធសាស្ត្រ​ខ្លាំង​ផងដែរ ដោយ​យោងតាម​ការបោះឆ្នោត​លើ​បញ្ហា​មួយចំនួន​កន្លងមក​។ ដូច្នេះ ខ្ញុំ​គិតថា​បញ្ហា​ជនភៀសខ្លួន​គឺជា​រឿង​សំខាន់​ទីមួយ ហើយ​ខ្ញុំ​គិតថា​មាន​រដ្ឋ​មួយចំនួន​ទៀត ដែល​ជនភៀសខ្លួន​មាន​សមត្ថភាព​ជះឥទ្ធិពល​ទៅលើ​គោលនយោបាយ​របស់​គណបក្ស​ទាំងពីរ​»​។

អ្នកវិភាគ​មួយចំនួន​យល់ឃើញ​ថា ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​កាន់អំណាច​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា​នោះ​ស្ថានភាព​នឹងត្រូវ​រក្សា​នៅ​ដដែល​។ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​យកឈ្នះ​អាសនៈ​នៅ​រដ្ឋសភា ឬ​ព្រឹទ្ធសភា ឬ​ស្ថាប័ន​ទាំងពីរ​វិញ​នោះ ឥណ្ឌា​ប្រហែល​ជា​ត្រូវ​កែប្រែ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ចំពោះ​អាមេរិក​ជាមិនខាន​។

ការប្រែប្រួល​គោលនយោបាយ​ការបរទេស​ទាំងនោះ​អាច​រួមមាន​សម្បទាន​លើ​ពន្ធ​ពាណិជ្ជកម្ម និង​ស្វែងរក​ដៃគូ​ផ្សេងទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ដូច្នេះ​ហើយ ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​មិន​ត្រឹម​តែមាន​សារៈសំខាន់​ សម្រាប់​អនាគត​របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំខាន់​សម្រាប់​គោលនយោបាយ​ការបរទេស​របស់​ឥណ្ឌា​ផងដែរ​៕