កាលពី​ថ្ងៃ​សុក្រ លោក ស៊ី ជីនពីង បាន​លើកឡើង​ក្នុងអំឡុងពេល​ជួប​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ថា​៖ «​ដើម្បី​ចៀសវាង​វិបត្តិ​នុយក្លេអ៊ែរ​កើតឡើង​នៅ​តំបន់​អឺរ៉ាស៊ី សង្គ្រាម​នុយក្លេអ៊ែរ​នឹង​មិន​ត្រូវ​ផ្ទុះឡើង​នោះទេ​»​។ ការលើកឡើង​បែបនេះ គឺ​ចំពេល​ដែល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​នឹង​វិវត្ត​ទៅជា​សង្គ្រាម​នុយក្លេអ៊ែរ​។ ជាក់ស្ដែង ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាន​ប្តេជ្ញា​ថា​រុស្ស៊ី​នឹង​ប្រើប្រាស់ ប្រព័ន្ធ​សព្វាវុធ​ទាំងអស់​ដែល​ខ្លួន​មាន ប្រសិនបើ​បូរណភាព​ទឹកដី​រុស្ស៊ី​ត្រូវបាន​គំរាមកំហែង​។

លោក ស៊ី ជីនពីង បាន​បន្តថា​៖ «​សហគមន៍​អន្តរជាតិ​គួរតែ​រួមគ្នា​ប្រឆាំង​នឹង​ការគំរាមកំហែង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ (Xinhua)​។ ទោះជា​យ៉ាងណា អត្ថបទ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ស៊ិនហួ មិនបាន​រិះគន់​ចំៗ​ទៅលើ​ប្រទេស​រុស្ស៊ី ឬ​ប្រទេស​ណាមួយ​ជាក់លាក់​នោះទេ​។

យោងតាម​ប្រភព​ដដែល​បានឱ្យ​ដឹងថា លោក ស៊ី ជីនពីង ក៏បាន​និយាយ​ទៅកាន់​លោក Scholz ផងដែរ​ថា ប្រទេស​ចិន​បាន​គាំទ្រ​តួនាទី​ដ៏សំខាន់​របស់​អឺរ៉ុប​ក្នុងការ​ជំរុញ​ឱ្យ​មាន​កិច្ចចរចា​សន្តិភាព​ជុំវិញ​បញ្ហា​នៅ​អ៊ុយក្រែន និង​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​សន្តិសុខ​អឺរ៉ុប ប្រកប​ដោយ​តុល្យភាព ប្រសិទ្ធភាព និង​និរន្តរភាព​។ សេចក្តីថ្លែងការណ៍​របស់​លោក ស៊ី ជីនពីង ជាការ​រំឭក​ឡើងវិញ​នូវ​ការសន្យា​របស់​ចិន ក៏ដូចជា​បារាំង រុស្ស៊ី អង់គ្លេស និង​សហរដ្ឋអាមេរិក ដែល​បាន​លើកឡើង​កាលពី​ខែមករា ឆ្នាំ​ ២០២២ ថា អាវុធ​នុយក្លេអ៊ែរ​ត្រូវតែ​ប្រើប្រាស់​ក្នុង​គោលបំណង​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬ​ហៅ​កាត់​ថា P5 បានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួមមួយ​ថា​៖ «​បើសិនជា​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង នឹង​គ្មាន​ប្រទេស​ណាមួយ​ឈ្នះ​នោះទេ ដូច្នេះ​វា​មិនត្រូវ​កើតឡើង​ឡើយ​»​។

គួរ​ដឹង​ដែរ​ថា ចិន​តែងតែ​រក្សា​គោលនយោបាយ​របស់​ខ្លួន​ដែលថា ខ្លួន​នឹងមិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះទេ ហើយក៏​មិន​គំរាមកំហែង​រដ្ឋ​ដែល​មិនមាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ ប៉ុន្តែ បណ្ដា​ប្រទេស​លោក​ខាងលិច​នៅ​តែមាន​ការព្រួយបារម្ភ ដោយសារ​តែ​កង្វះ​តម្លាភាព​របស់​ចិន​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ដោយឡែក បើទោះបី​ជា​លោក ពូទីន ធ្លាប់​បាន​គំរាម​ប្រើប្រាស់​អាវុធ​ទាំងអស់​ដែល​ខ្លួន​មាន ប៉ុន្តែ​កាលពី​ខែ​មុន លោក​បាន​បដិសេធ​ថា​មិនមាន​ចេតនា​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​អ៊ុយក្រែន​ទេ​។

រុស្ស៊ី​ក៏បាន​ចោទប្រកាន់​អ៊ុយក្រែន​ផងដែរ ពី​បទ​រៀបចំ​ផែនការ​វាយប្រហារ​ដោយ​ប្រើ​គ្រាប់បែក​វិទ្យុសកម្ម ក្នុង​គោលបំណង​បំពុល​សត្រូវ ជាជាង​បណ្ដាល​ឱ្យ​សត្រូវ​ស្លាប់ ឬ​រងរបួស​ធ្ងន់ធ្ងរ​។ ប៉ុន្តែ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​ច្រានចោល​ការអះអាង​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការស៊ើបអង្កេត​មួយ​ត្រូវ​បាន​បញ្ចប់ទៅ​ថ្មីៗ​នេះ​។

គួរបញ្ជាក់​ផងដែរ​ថា លោក Scholz គឺជា​មេដឹកនាំ​អឺរ៉ុប​ដំបូង​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចាប់តាំងពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បានចាប់ផ្តើម ហើយ​លោក​បាន​និយាយថា​៖ «​ទីក្រុង​ប៊ែរឡាំង និង​ទីក្រុង​ប៉េកាំង​បាន​យល់ស្រប​ជាមួយ​គ្នា​ថា ការគំរាមកំហែង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​គឺជា​ទង្វើ​ដែល​គ្មាន​ការទទួលខុសត្រូវ និង​គ្រោះថ្នាក់​បំផុត​»​។

កាលពី​ថ្ងៃ​សុក្រ អធិការបតី​អាល្លឺម៉ង់​រូបនេះ​បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឹឈាង (Li Keqiang) ថា​៖ «​ខ្ញុំ​បាន​និយាយ​ទៅកាន់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ថា វា​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ចិន​ក្នុង​ការបញ្ចេញ​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​ប្រទេស​រុស្ស៊ី ហើយ​វា​គឺជា​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​យើង​ទាំងអស់​គ្នា​បាន​ព្រមព្រៀង​គ្នា ក្នុងនោះ​រួមមាន អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នីមួយៗ​។ ទាំងនេះ​គឺជា​បញ្ហា​ដ៏​សំខាន់​ចំពោះ​ប្រទេស​ចិន​ផងដែរ​»​។

គួរ​រំឭក​ផងដែរ​ថា នៅក្នុង​អត្ថបទ​មួយ​ដែល​បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ The Politico នៅមុន​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​របស់គាត់ លោក Scholz បាន​លើកឡើងថា «​ប្រទេស​ចិន​បាន​ទទួល​យក​ទំនួល​ខុសត្រូវ​ពិសេស​មួយ ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​»​។

កន្លងមក បើទោះបី​ជា​ប្រទេស​ចិន​មិនបាន​ផ្តល់​ជំនួយ​យោធា​ដោយផ្ទាល់​ដល់​រុស្ស៊ី និង​មិនបាន​ទទួល​ស្គាល់​តំបន់​មួយផ្នែក​របស់​អ៊ុយក្រែន​ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​ទឹកដី​របស់​រុស្ស៊ី​ក៏ដោយ ក៏​ចិន​តែងតែ​រិះគន់​លោក​ខាងលិច​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការមិន​អើពើ​ពី​សន្តិសុខ​របស់​ទីក្រុង​មូស្គូ និង​បានដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការឈ្លានពាន​អ៊ុយក្រែន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ក៏បាន​លើកឡើង​អំពី​ការរៀបរាប់​របស់​វិមាន​ក្រឹមឡាំង​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​មិនបាន​ប្រើពាក្យ​ថា​វា​ជាការ​ឈ្លានពាន​នោះទេ​។ លោក Noah Barkin អ្នកជំនាញ​ចិន​ម្នាក់​នៅក្នុង​ក្រុមហ៊ុន Rhodium Group ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​បាន​និយាយថា​៖ «​លោក Scholz នឹង​មើលឃើញ​ពី​ជំហរ​បដិសេធ​របស់​ចិន ចំពោះ​ការប្រើប្រាស់ និង​ការគំរាម​កំហែង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​យកឈ្នះ​សត្រូវ​»​។

លោក​បាន​បន្តថា​៖ «​ប៉ុន្តែ​យើង​មិនដឹងថា តើ​ចិន​នឹងមាន​ឥទ្ធិពល​លើ​លោក វ្ល៉ាឌីមៀ ពូទីន ឬ​យ៉ាងណា​នោះទេ ហើយ​ថា​តើ​ភាព​តានតឹង​នៅ​អ៊ុយក្រែន​នឹង​នាំឱ្យ​ទីក្រុង​ប៉េកាំង​ឃ្លាតឆ្ងាយ​ពី​ទីក្រុង​មូស្គូ​ដែរ ឬ​យ៉ាងណា​នោះទេ​។ ជា​មេរៀន​កាលពី​ឆ្នាំ​កន្លងទៅ​គឺថា លោក ស៊ី ជីនពីង នឹង​នៅ​ខាង​លោក ពូទីន ដោយ​ប្រើ​យុទ្ធសាស្ត្រ ក្រាស់ និង​ស្តើង​»​។

លោក ស៊ី ជីនពីង ក៏បាន​គូសបញ្ជាក់​ទៅកាន់​លោក Scholz ថា​៖ «​យើង​ត្រូវតែ​ធ្វើការ​រួមគ្នា​ ដើម្បី​ធានា​ឱ្យ​ឧស្សាហកម្ម និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក​មាន​ស្ថិរភាព និង​ទប់ស្កាត់​ការជ្រៀតជ្រែក​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ស្បៀងអាហារ និង​ហិរញ្ញវត្ថុ​សកល​ដែល​នឹង​ប៉ះពាល់​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ជាពិសេស​ស្ថិរភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។

សម្រាប់​ប្រទេស​ចិន ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ ត្រូវ​ដើរ​ទន្ទឹមគ្នា​។ ហើយ​គោល​លទ្ធិ​សន្តិសុខ​ជាតិ​របស់​លោក ស៊ី ជីនពីង បាន​សង្កត់ធ្ងន់ថា​ ការអភិវឌ្ឍ​ធានាបាន​នូវ​សន្តិសុខ ហើយ​សន្តិសុខ​ធានា​បាន​នូវ​ការអភិវឌ្ឍ​ជា​និរន្តរ៍​របស់​ប្រទេស​ជាតិ​។

ចិន​យល់ឃើញ​ជុំវិញ​បញ្ហា​សន្តិសុខ​ជាតិ​ថា មិន​ត្រឹមតែ​ទាក់ទង​នឹង​ការការពារ​បូរណភាព​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​ឱ្យបាន​នូវ​ខ្សែសង្វាក់​ផ្គត់ផ្គង់​មាន​សុវត្ថិភាព និង​រួច​ផុតពី​ការដាក់​ទណ្ឌកម្ម​ពី​បរទេស និង​អាច​អភិវឌ្ឍ​ដោយ​ខ្លួនឯងបាន​លើ​វិស័យ​ស្បៀងអាហារ ថាមពល និង​បច្ចេកវិទ្យា​ជាដើម​៕