បើ​គ្មាន​កា​រប្រែប្រួល​អ្វី​ទេ រដ្ឋ​សភា​​របស់​ប្រទេស​ស៊ុយអែត​​ដែល​ជា​ប្រទេស​មួយ​​ស្ថិត​នៅជាប់​ព្រំដែន​ប្រទេសរុស្ស៊ី​​ នឹង​បោះ​ឆ្នោ​តគាំទ្រ​សេចក្តី​ព្រាង​ច្បាប់​​​​​​ប្រឆាំងភេរវកម្ម​ ដែល​ជា​ការ​ចង់​បានរបស់​​ភាគី​ប្រទេសតួកគី​ជា​ថ្នូរ​នឹង​កា​រគាំទ្រ​​​ចូលជាសមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​ណា​តូ​របស់​ប្រទេសស៊ុយអែត ​និង​ប្រទេសហ្វាំង​ឡង់។

​​ប្រទេស​តួក​គី​​ដែល​ធ្លាប់​ជំទាស់​បំណង​​ចូល​ជាសមាជិក​របស់​អង្គការ​ណា​តូ​របស់​ប្រទេស​ស៊ុយអែត​​ និង​ហ្វាំងឡង់ កាល​ពី​​​ខែ​​ឧសភាឆ្នំាំ​នេះ ដោយ​ចោទ​ប្រកាន់​​​ប្រទេសទាំង ២ ​ថា ​​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ឃើដ​នៅ​ប្រទេសស៊ីរី ដែល​តួកគី​ចោទ​ថា ជា​ក្រុម «ភេរវករ» ​​​​ប៉ុន្តែ​​ក្នុង​ខែ​​មិថុនា ប្រទេសទាំង ៣ ​​បាន​បង្កើត​​​កិច្ច​ព្រមព្រៀង​​​ត្រីភាគី​សម្រាប់​ការគាំទ្រ​របស់ប្រទេសតួកគី​ សម្រាប់​បេក្ខភាព​​នៃ​អង្គការ​ណាតូ។

​រហូត​មក​ដល់​ពេល​នេះ​​មាន​តែ​ប្រទេស ២ គត់ គឺ​តួកគី​ ​និង​ហុង​គ្រី ដែល​មិន​ទាន់​បានផ្តល់​សច្ចាប័ន​គាំទ្រ​ប្រទេសហ្វាំងឡង់​ និងស៊ុយអែត​ចូល​ជាសមាជិក​របស់​អង្គការ​ណាតូ ដោយ​ប្រទេសហុង​គ្រី ​​​មិនទុក​ឱ្យ​តួកគី​នៅ​ឯកោ​តែ​ម្នាក់​​លើ​វិថី​ការទូត ខណៈប្រទេសតួកគី​​ បន្ត​ទាម​ទារ​ឱ្យ​ហ្វាំងឡង់​ និង​ស៊ុយអែត ​​​​ធ្វើបត្យាប័ន​មេ​ដឹកនាំ​ដែលខ្លួនចោទ​ថា​ជាភេរវករ​ និង​ធានាអះអាង​ពីការ​មិនជាប់ពាក់​ព័ន្ធ​នឹងក្រុម​ទាំងនោះ។

ការប្រកាសរបស់សភាស៊ុយអែត​អំពី​ការ​បោះឆ្នោត​នា​សប្តាហ៍​ក្រោយ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​​ លោក Ulf Kristersson នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​​ប្រទេសស៊ុយ​អែត កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​ទីក្រុង​អង់ការ៉ា ជា​កន្លែង​ដែល​លោក​ បានជួប​​ពិភាក្សា​ជាមួយ​​ប្រធានាធិបតីតួកគី​ Recep Tayyip Erdogan ។

យោ​ង​សេចក្តី​ប្រកាស​​នោះ រដ្ឋសភាព​ស៊ុយអែត​​នឹងបោះឆ្នោ​ត​គាំទ្រ​សេចក្តីស្នើច្បាប់​នោះ​​នៅថ្ងៃទី​ ១៦​ ខែ​វិច្ឆិកា​នេះ​។

​​សេចក្តីរាយការណ៍​របស់​​​បណ្តាញទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​អះអាង​ថា​ គណៈកម្មាធិកា​​​ររដ្ឋ​ធម្មនុញ្ញ​​ស៊ុយអែត បានស្នើ​​ច្បាប់​​ដែល​រឹតត្បិត​សេរីភាព​​នៃ​ការ​ប្រមូលផ្តុំ​នៃ​ក្រុម​​ដែល​មាន​​​និន្នាការ​​​​ជាប់​ពាក់ព័ន្ធ​​​ជាមួយ​ក្រុម​ភេរវ​​​​កម្ម​។

​​អាជ្ញាធរ​​​ នឹង​ត្រូវ​ផ្តល់​ឱ្យ​​នូវ​ឱកាស​​​​​កាន់តែ​មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​​អំពើ​ភេរវកម្ម​​ជាមួយ​ច្បាប់​ថ្មី​នោះ​។ ​

ច្បាប់​នោះ​រំពឹង​ចូល​ជា​ធរមាន​​​នៅថ្ងៃ​ទី ១ ​ខែ​មករា​​​ ប្រសិន​បើ​ត្រូវបានអនុម័ត​។​ ក្នុង​ករណី​​ដូ​ចគ្នា​នេះ ប្រទេសហ្វាំង​ឡង់​ ក៏​ត្រូវ​រៀប​​​ចំ​​ដំណើរ​ការ​ផ្លូវ​ច្បាប់​ដូច​គ្នា​នឹង​ប្រទេសស៊ុយអែត​ដែរ​ ជាថ្នូរ​នឹង​ការគាំទ្រ​របស់​ប្រទេសតួកគី​សម្រាប់សមាជិកភាព​របស់​អង្គការ​ណាតូ៕