សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃ​អង្គារ ទី ​៨ ខែ​វិច្ឆិកា បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់ និង​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់ នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ដែល​ក្រុម​យោធា​ឡើង​គ្រប់គ្រង តាម​រយៈ​រដ្ឋ-​ប្រហារ កាល​ពី​ឆ្នាំមុន ហើយ​បង្ក​អំពើ​ហិង្សា​ទូទាំង​ប្រទេស។

ក្នុង​វិធានការ​ចុងក្រោយ​នេះ EU បាន​បង្កក​ទ្រព្យ​សម្បត្តិ និង​ការ​ធ្វើដំណើរ​ចូល​អឺរ៉ុប​របស់​បុគ្គល​ចំនួន ១៩ ​នាក់ រួមទាំង​រដ្ឋមន្ត្រី​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេស លោក Kan Zaw និង​ប្រធាន​យុត្តិធម៌ នៅ​តុលាការ​កំពូល​របស់​មីយ៉ាន់ម៉ា មេទ័ព​កំពូល និង​ពាណិជ្ជករ ដែលមាន​ទំនាក់ទំនង​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ។

ប្លុក​នៃ​រដ្ឋ​ទាំង ២៧ ក៏បាន​បង្កក​​​ទ្រព្យសម្បត្តិ​របស់​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) របស់​មីយ៉ាន់ម៉ា នៅ EU ផងដែរ។ ទីស្នាក់ការ​កណ្តាល​របស់ EU បានលើកឡើង​នៅក្នុង​សេចក្តី-ថ្លែង​ការណ៍​ថា​៖ «ក្រុមប្រឹក្សា SAC ដែល​បង្កើតឡើង ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១ ពោលគឺ​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា ត្រូវ​ទទួលខុស​​ត្រូវ ចំពោះ​គោលនយោបាយ និង​សកម្មភាព ដែល​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​នីតិរដ្ឋ»។

ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្លាក់​ចូលទៅ​ក្រោម​ការគ្រប់គ្រង​យោធា​ដ៏​តឹងរ៉ឹង​អស់​រយៈពេល ៥​ ទសវត្សរ៍ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​មាន​ភាព​ឯកោ​ជា​អន្តរជាតិ និង​រង​ដោយ​ទណ្ឌកម្ម។ នៅ​ពេល​ក្រុម​យោធា​បន្ធូរ​បន្ថយ​អំណាច លោកស្រី អ៊ុងសាន ស៊ូជី ក៏បាន​ក្លាយជា​មេដឹកនាំ ក្នុង​ការបោះឆ្នោត នា​ឆ្នាំ​ ២០១៥ ហើយ​សហគមន៍​អន្តរជាតិ​ភាគច្រើន ក៏​ដក​​ទណ្ឌកម្ម​វិញ ហើយ​​បង្កើន​ការវិនិយោគ។

ប៉ុន្តែ​សភាពធូរស្បើយ​របស់​មីយ៉ាន់ម៉ា បានបញ្ចប់​ទៅវិញ​ត្រឹម​ថ្ងៃទី ​១ ខែ​កុម្ភៈ ឆ្នាំ​ ២០២១ ពេល​ដែល​កង​កម្លាំង​ប្រដាប់អាវុធធ្វើ​រដ្ឋប្រហារ ព្រមទាំង​ច្រានចោល​លទ្ធផល​បោះឆ្នោត​ ឆ្នាំ ២០២០ ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី។

ទោះយ៉ាងណា រដ្ឋ​ប្រហារ​បាន​នាំ​ឱ្យ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​ផ្ទុះឡើង ហើយក៏​បង្កើត​ឱ្យ​កង​កម្លាំង​តស៊ូ​ប្រដាប់អាវុធ ប្រឆាំង​របប​យោធា​ផង​ដែរ។ ប៉ុន្តែ​ការប្រឆាំង​ទាំងនេះ ត្រូវ​រង​ហិង្សា​យ៉ាង​ចាស់ដៃ​ពីក្រុមយោធា ដែល​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់​នាក់ ខណៈ​មនុស្ស​​​រាប់ម៉ឺន​នាក់ ត្រូវបាន​ចាប់ខ្លួន។

សេចក្ដី​ថ្លែង​ការណ៍​របស់ EU បាន​លើកឡើង​ថា៖ «អឺរ៉ុប​មាន​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំងពី​ការបន្ត​កើនឡើង​នៃ​អំពើ​ហិង្សា និង​ការវិវឌ្ឍ​ឆ្ពោះទៅ​រក​ជម្លោះ​អូសបន្លាយ ដែល​​រាល​ដាល​​​​ពាសពេញ​ប្រទេស និង​មាន​​​​ផលប៉ះពាល់​ទូទាំង​តំបន់​»​។

ប្លុក​ក៏បាន​ប្ដេជ្ញាចិត្ត​ផងដែរ​ថា នឹង​ខិតខំ​រក​យុត្តិធម៌ ដោយ​ឱ្យដល់​អ្នក ដែល​ទទួលខុស​ត្រូវ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស ឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ចាប់តាំងពី​រដ្ឋប្រហារ ត្រូវ​ទទួលទោស។

បូក​រួមទាំង​ទណ្ឌកម្ម​ថ្មី​នេះ បុគ្គល​​ចំនួន ៨២​ ​នាក់ និង​អង្គ-ភាព​​ចំនួន ១១ ដូចជា​ទី​ភ្នាក់ងារ ក្រុមហ៊ុន ឬ​អង្គការ​នានា ឥឡូវ​នេះ​ ត្រូវ​ជាប់​ទណ្ឌកម្ម។ ប្លុក​អឺរ៉ុប​ ក៏​រឹតត្បឹត​លើ​ការ​នាំចេញ​អាវុធ ក៏ដូចជា​ឧបករណ៍ ដែល​អាច​ប្រើ​សម្រាប់​ការគាបសង្កត់​ ក្នុង​ប្រទេស ឬ​សម្រាប់​ការត្រួតពិនិត្យ​ទំនាក់ទំនង ដែល​ផ្គត់ផ្គង់​ឱ្យ​ក្រុម​យោធា​ផងដែរ៕

វីដេអូ៖