នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង (Lee Hsien Loong) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ពាក់ព័ន្ធ​កិច្ចការ​អភិវឌ្ឍន៍​ក្នុង​តំបន់​រួមទាំង​មាន​ទាំង​ជំហរ​បន្ទាប់​របស់​អាស៊ាន​ចំពោះ​វិបត្តិ​ភូមា តាមរយៈ​ជំនួប​ទ្វេភាគី​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ​១០ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។​

​ជំនួប​ទ្វេភាគី​នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី លី បាន​មកដល់​រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​តាមរយៈ​ការ​ឱ្យដឹងពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី (PMO) លោក លី សៀន​ឡុង និង​លោក ចូ​កូ វី​ដូ​ដូ តែង​បានធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​សិង្ហ​បុរី​-​ឥណ្ឌូនេស៊ី និង​ទាំង​ក្នុង​ក្របខ័ណ្ឌ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ផង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ មេដឹកនាំ​ទាំង ២ បាន​កសាង​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏​ល្អ​នឹង​គ្នា​។

​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​លើកឡើងថា​៖ «​មេដឹកនាំ​ទាំងពីរ​មានការ​ពិភាក្សា​ដ៏​ល្អ​មួយ​ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​។ ពួកគាត់​បាន​អះអាង​សាជាថ្មី អំពី​ជំហរ​រួមគ្នា​របស់​សិង្ហ​បុរី​និង​ឥណ្ឌូនេស៊ី ក្នុង​កិច្ចការ​លើកកម្ពស់​និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​វឌ្ឍនភាព​ដែល​បាន​ធ្វើឡើង​ក្នុង​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​និរន្តរភាព​ទ្វេភាគី​។

​មេដឹកនាំ​ទាំង ២ ​បាន​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ក្នុង​តំបន់ រួមទាំង​ជំហាន​បន្ទាប់មកទៀតរ​បស់​អាស៊ាន ក្នុងការ​ឆ្លើយតប​នៅ​នឹង​ការវិវត្ត​ថ្មី​ក្នុង​វិបត្តិ​នៅ​ភូមា​។​

​តាមរយៈ​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដដែល លោក​ លី ក៏​នឹងចូលរួម​ដោយផ្ទាល់​ក្នុង​កិច្ចប្រជុំ​កំពូល G-20 ដែលមាន​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ ធ្វើជា​ម្ចាស់ផ្ទះ​នៅ​សប្តាហ៍​ក្រោយនេះ​នៅឯ​កោះ​បាលី​។ លោក​លី តែង​ទន្ទឹងរង់ចាំ​ដើម្បី​ចូលរួមចំណែក​សម្រាប់​កិច្ចពិភាក្សា​នៅឯ​កោះ​បាលី​នេះ​។​

​ទន្ទឹមនេះ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​សិង្ហ​បុរី​ផងដែរ សម្រាប់​តួនាទី​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​ ២០២៣ ខាងមុខ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​ដោយ​ជិតស្និទ្ធ​រវាង​សិង្ហ​បុរី​ និង​ឥណ្ឌូនេស៊ី ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលបំណង​នៃ​ដំណើរ​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​ឥណ្ឌូនេស៊ី​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balak​រ​ishnan និង​សម​ភាគី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​លោក Retno Marsudi ក៏មាន​វត្តមាន​ក្នុងជំនួប​ទ្វេភាគី​របស់​មេដឹកនាំ​ទាំង ២ ​ដែរ​។​

​លោក Balakrishnan បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ជួបពិភាក្សា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​សម​ភាគី​របស់លោក​លើ​បញ្ហា​មួយចំនួន​រួមមាន​ទាំង​ស្ថានការណ៍​វិវត្តន៍​នៅ​ប្រទេស​ភូមា​។​

​ក្នុងនោះដែរ លោក​ក៏បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក​ ឌី​មី​ត្រូ គូ​ឡេ​បា (Dmytro Kuleba) នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​រូបនេះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក អំពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នថា​៖ «​មានរឿង​ជាច្រើន​បាន​កើតឡើង​ចាប់តាំងពី​ជំនួប​ចុងក្រោយ​របស់​យើង​នៅ​ខែកញ្ញា នៅឯ​ទីក្រុង​ញូវយ៉ក​។ ពួកយើង​សង្ឃឹមថា នឹងមាន​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី ស្របតាម​ធម្មនុញ្ញ​រប​ស់​អង្គការសហប្រជាជាតិ​។ បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ឯករាជ្យភាព​នយោបាយ នៃ​គ្រប់​បណ្តា​រដ្ឋ​ទាំងអស់​ត្រូវតែ​ទទួលបាន​ការគោរព​។​

​នៅ​ខណៈ​នេះដែរ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិ​ខិ​តូ​បក​រណ៍​នៃ​ការឈាន​ជើង​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ី​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ភាគី​អ៊ុយ​ក្រែ​ន​។​

​អ៊ុយ​ក្រែ​ន​បាន​ក្លាយជា​សមាជិក​ទី​៥០ នៃ​សន្ធិសញ្ញា TAC នេះ ដែល​ក្រោម​ពាក្យស្លោក «​គោលការណ៍​សកល​នៃ​ការរួមរស់​ដោយ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​មិត្តភាព​» ក្នុងចំណោម​បណ្តា​ភាគី​សន្ធិសញ្ញា​។

​លោក Balakrishnan បាន​គូសបញ្ជាក់ថា​៖ «​នេះ​គឺជា​ការបង្ហាញ​ពី​ការគាំទ្រ​មួយ​ផ្សេងទៀត​ចំពោះ​គោលការណ៍​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​»​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ឆ្នាំ​ ២០២២ ដែល​ធ្វើឡើង​ពីថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ នឹងត្រូវ​ប្រារព្ធ​ខួប​លើក​ទី​៥៥ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​អាស៊ាន​។ ក្រៅពី​កិច្ចពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ភូមា ក៏​នឹងមាន​ផងដែរ​ជំនួប​កំពូល​ជាមួយ​ដៃគូ​ខាងក្រៅ​រួមមាន សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​កាណាដា​៕​