នៅថ្ងៃអាទិត្យ ទី ១៣ ខែវិច្ឆិកានេះ ក្នុងកម្មវិធីដាក់ឱ្យដំណើរការមូលនិធិជំងឺរាតត្បាតរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខគេ G20 ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បាននិយាយថា មកទល់នឹងពេលនេះ ចំនួនទឹកប្រាក់រៃអង្គាស ដើម្បីធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួន ចំពោះជំងឺរាតត្បាតនាពេលអនាគត មិនទាន់គ្រប់គ្រាន់នៅឡើយទេ។
មូលនិធិដែលដាក់ឱ្យដំណើរការដោយប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានកិច្ចប្រជុំកំពូល G20 គឺការផ្តោតទៅលើប្រទេស ដែលមានចំណូលទាប ដល់មធ្យម ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចប្រឹងប្រែងជាច្រើ ដែលរួមមានដូចជាការតាមដានឃ្លាំមើល ការស្រាវជ្រាវ និងការទទួលបានវ៉ាក់សាំង កាន់តែប្រសើរឡើងជាដើម។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់ព្រឹត្តិការណ៍មួយ នៅកោះបាលី ជាទីកន្លែង ដែលក្រុមប្រទេស G20 បើកជំនួបកំពូលនៅសប្តាហ៍នេះ លោកប្រមុខដឹកនាំឥណ្ឌូនេស៊ី បានលើកឡើងថា៖ «ខ្ញុំរំពឹងថា នឹងមានការគាំទ្រកាន់តែច្រើនឡើង»។
គួរជ្រាបថា មកទល់នឹងបច្ចុប្បន្ននេះ មូលនិធិជំងឺរាតត្បាត G20 រៃអង្គាសថវិកាបានប្រមាណ ១,៤ ពាន់លានដុល្លារ ក្នុងនោះមានការរួមចំណែកពីប្រទេសឥណ្ឌូនេស៊ីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាពីម្ចាស់ជំនួយនានា និងអង្គការសប្បុរសធម៌ ដូចជាមូលនិធិ Bill & Melinda Gates ជាដើម។
មូលនិធិនេះ ត្រូវបានបង្កើតឡើង ចំពេលផ្ទុះមានការខឹងសម្បា ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជុំវិញបទពិសោធរបស់ពួកគេ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ នៅពេលដែលក្រុមប្រទេសអ្នកមានតែងតែទិញស្តុកទុកធនធានជាច្រើន ដូចជាវ៉ាក់សាំងជាដើម ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។
ធនាគារពិភពលោក ដែលនឹងបម្រើការជាអ្នកធានារបស់មូលនិធិ និងអង្គការសុខភាពពិភពលោក ដែលកំពុងផ្តល់ដំបូន្មានលើកិច្ចការទាក់ទងមូលនិធិនេះ បានប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយថា គម្លាតថវិកាប្រចាំឆ្នាំ សម្រាប់ការត្រៀមលក្ខណៈ ចំពោះជំងឺរាតត្បាតមានចំនួន ១០,៥ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី ស្រ៊ី ម៉ូលីយ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) បាននិយាយថា មូលនិធិនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងនូវទំហំទឹកប្រាក់ជាមួយនឹងការរួមចំណែកពីប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត។ តែលោកស្រីមិនបានបញ្ជាក់ប្រាប់នោះទេថា តើទឹកប្រាក់ដែលបរិច្ចាគពីប្រទេសទាំង ២ មានចំនួនប៉ុន្មាន៕