អនុ​ប្រធានា​ធិបតី​អាមេរិក​​ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) គ្រោង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ ប៉ាឡាវ៉ាន (Palawan) នៃ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។ ប្រជុំ​កោះ​នេះ ស្ថិតនៅ​កៀក​ជាប់​នឹង​សមុទ្រ​ចិន​ខាងត្បូង និង​ជិត​ប្រជុំ​កោះ Spratly ដែលជា​តំបន់​កំពុង​មាន​ជម្លោះ​យ៉ាង​ក្ដៅគគុក។

យោងតាម​ការចុះផ្សាយរបស់​គេហទំព័រ​កាសែត​ជប៉ុន Nikkei បាន​ឱ្យ​ដឹងថា លោកស្រី ហារីស នឹង​ក្លាយជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​អាមេរិក ក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​កោះ​ប៉ាឡាវ៉ាន។ ការ​ធ្វើដំណើរ​របស់លោក​ស្រីអាច​បង្កើន​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​កាន់តែខ្លាំង ដោយសារ​កោះ​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​ប្រជុំ​កោះ ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន។ ចិន​បាន​បូម​ខ្សាច់​បាតសមុទ្រ ដើម្បី​សាងសង់​ដី​កោះ និង​ទាមទារ​តំបន់​សម្បូរ​ប្រេង និង​ឧស្ម័ន ដាក់​ក្រោម​ដែន​អធិប​តេយ្យភាព​របស់ខ្លួន។ ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​ប្រជុំ​កោះ Spratly នេះ ក៏ត្រូវ​បានទាមទារ ដោយ​ប្រទេស​ប្រ៊ុយណេ​ម៉ាឡេស៊ី ហ្វ៊ីលីពីន កោះ​តៃវ៉ាន់ និង​វៀតណាម​ផងដែរ។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​លោក​ចូ បៃដិន បាន​និយាយ​តាម​ទូរស័ព្ទ ដោយ​បាន​រៀបរាប់​លម្អិត​អំពី​ដំណើរ​របស់​លោកស្រី ហារីស​ ថា​៖ «ប្រទេស​ចិន​អាច​ទទួល​យក​សារ ដែល​ខ្លួន​ចង់​បាន។ សារ​ទៅ​កាន់​តំបន់​នេះ គឺ​ថា សហរដ្ឋ​អាមេរិក ជា​សមាជិក​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូច្នេះ​យើង​នឹង​ចូលរួម​យ៉ាងសកម្ម និង​ប្តេជ្ញា​រក្សា​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត នៅក្នុង​តំបន់»។

ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី ហារីស នឹង​ធ្វើឡើង ក្នុង​រយៈពេល​ត្រឹម​តែ ១​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ជំនួប ដោយ​ផ្ទាល់ រវាង​លោក ស៊ី ជីនភីង និង​លោក ចូ បៃដិន នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ប្រធានាធិបតី​ចិន និង​សហរដ្ឋ​អាមេរិក បាន​ព្យាយាម​គូស​បន្ទាត់​ក្រហម ជុំវិញ​ជម្លោះ នៅ​កោះ​តៃវ៉ាន់។ គួរ​បញ្ជាក់​ដែរ​ថា ភាព​តានតឹង នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បាន​កើនឡើង​កាន់តែខ្លាំង ចាប់តាំង​ពី​ប្រធាន​សភា​អាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់ កាលពី​ខែសីហា​កន្លងមក។

ពេលធ្វើ​ដំណើរ​ទៅដល់​កោះ ប៉ាឡាវ៉ាន ​លោកស្រី ហារីស នឹង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន មេដឹកនាំ​សង្គម​ស៊ីវិល និង​សមាជិក​នៃ​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វីលីពីន​ជាច្រើន​នាក់​ទៀត។ លោកស្រី​គ្រោង​នឹង​ឡើង​ថ្លែង​សុន្ទរ​កថា​អំពី​ច្បាប់​សមុទ្រ​អន្តរជាតិ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម ដោយ​គ្មាន​ការហាមឃាត់ នៅក្នុង​តំបន់។

មន្ត្រី​រដ្ឋ​បាល​ខាងលើ បាន​បន្ត​ថា​៖ «ដំណើរ​ទស្សន​កិច្ច​នេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​បាល​លោក បៃដិន និង​លោកស្រី ហារីស ក្នុងការ​បន្ត​ឈរ​នៅ​ជាមួយ​សម្ព័ន្ធមិត្ត​ហ្វីលីពីន​របស់​យើង ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ដែនសមុទ្រ​អន្តរជាតិ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏​គាំទ្រ​ដល់​ការរកស៊ី​ចិញ្ចឹមជីវិត តាម​ដែនសមុទ្រ​របស់​ប្រជាពលរដ្ឋ​និង​ការ​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​មិនមាន​របាយការណ៍​ច្បាស់លាស់»។ គួរ​រំលេច​ឡើង​ផងដែរ​ថា អំឡុង​រដូវក្តៅ​នេះ ប្រទេស​ហ្វីលីពីន ធ្លាប់​បានធ្វើ​ការតវ៉ា​ផ្នែក​ការទូត លើ​សកម្មភាព​នេសាទ​ខុសច្បាប់​របស់​ចិន នៅក្នុង​តំបន់​ដែនសមុទ្រ​របស់ខ្លួន។

លោកស្រី ហារីស មាន​ភាព​មមាញឹក​ខ្លាំង ជុំវិញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទ្វីបអាស៊ី នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ ដោយ​មុននឹង​ទៅដល់​ប្រទេស​ហ្វីលីពីន លោកស្រី​បាន​ចេញ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ថ្ងៃ​ពុធ​នេះ​ជាមុន​សិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​សេដ្ឋកិច្ច​នៃ​វេទិកា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយ​លោកស្រី​នឹង​ថ្លែង​សុន្ទរកថា នៅឯ​កិច្ចប្រជុំ​កំពូល​របស់ APEC នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ។

បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​បញ្ចប់​លោកស្រី ហារីស នឹង​ចូលជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុធ ចាន-អូចា ដើម្បី​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព នៅក្នុង​តំបន់​ក៏ដូចជា​បញ្ហា នៅ​មីយ៉ាន់ម៉ា​ផងដែរ។ នៅ​ថ្ងៃ​អាទិត្យ លោកស្រី ហារីស នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ហើយក៏​នឹង​ចូលជួប​ជាមួយ​ប្រធានា​ធិបតី​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស។

គួរ​បញ្ជាក់​ថា លោក ម៉ាកូស បាន​ជាប់ឆ្នោត នៅ​ដើមឆ្នាំ​នេះ ហើយ​លោក​តែងតែ​បាន​ប្រកាស​ប្រកាន់​ជំហរ​យ៉ាងរឹងមាំ​ប្រឆាំង​នឹង​ប្រទេស​ចិន ជាង​អ្នក​ដែល​ធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​មុន គឺ​លោក រ៉ូទ្រីហ្គោ ឌូតឺតេ។ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​នេះ ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ពី​ការ​វិនិយោគ​ចំនួន ៦៦​លាន​ដុល្លារ ដោយ​សហ​រដ្ឋ​អាមេរិក​ទៅលើ​ការ​សាងសង់​កន្លែង​ហ្វឹកហាត់ និង​គ្រឿង​បរិក្ខារ ក្នុង​ឃ្លាំង​នៅ​មូលដ្ឋាន​ចំនួន ៣​កន្លែង នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិសុខ ចាប់តាំងពី​ឆ្នាំ២០១៤៕

វីដេអូ​៖