ហ្វាំងឡង់ ដែលជាប្រទេសសមាជិកអង្គការណាតូ បានប្រកាសនៅថ្ងៃសុក្រ ទី ១៨ ខែវិច្ឆិកា អំពីគម្រោងសាងសង់ជញ្ជាំងតាមព្រំដែនភាគខាងកើតប្រទេស ដែលជាប់ជាមួយប្រទេសរុស្ស៊ី។ គម្រោងសាងសង់ជញ្ជាំងព្រំដែននេះ មានតម្លៃប្រមាណ ១៤៣ លានដុល្លារនិងគ្រោងចាប់ផ្ដើមដំណើរការសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។
ឆ្មាំព្រំដែនហ្វាំងឡង់ គូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការផ្លាស់ប្ដូរនៃបរិយាកាសសន្តិសុខ គឺជាមូលហេតុចម្បងដែលជំរុញឱ្យហ្វាំងឡង់មានភាពចាំបាច់សាងសង់ជញ្ជាំងរបងការពារនៅតាមព្រំដែនប៉ែកខាងកើតរបស់ខ្លួន។ បើតាមឆ្មាំព្រំដែនហ្វាំងឡង់ប្រសិនបើរុស្ស៊ីកាត់បន្ថយការរឹតបន្តឹងតាមព្រំដែន នោះវានឹងបង្កជាសម្ពាធដល់ហ្វាំងឡង់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។
សូមជម្រាបថាហ្វាំងឡង់មានព្រំដែនជាប់ជាមួយរុស្ស៊ីប្រវែងជាង ១ ៣៣៥ គីឡូម៉ែត្រ ប៉ុន្តែជញ្ជាំងរបងដែលហ្វាំងឡង់គ្រោងសាងសង់ មានប្រវែងតែ ១៣០ គីឡូម៉ែត្រ ទៅ ២៦០ គីឡូម៉ែត្រប៉ុណ្ណោះ។ ដំណើរការសាងសង់ជញ្ជាំងរបងនេះ នឹងត្រូវចំណាយពេលពី ៣ ទៅ ៤ ឆ្នាំ ដោយមានភ្ជាប់ជាមួយនូវឧបករណ៍ឃ្លាំមើល និងផ្លូវយាមល្បាតផងដែរ។ នេះបើតាមការឱ្យដឹងពីឆ្មាំព្រំដែនហ្វាំងឡង់។
បន្ទាប់ពីប្រទេសលោកខាងលិចជាច្រើនបានបិទលំហអាកាស និងព្រំដែនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ព្រំដែនហ្វាំងឡង់បានក្លាយទៅជាច្រកចូលមួយក្នុងចំណោមច្រកចូលមួយចំនួនសម្រាប់ជនជាតិរុស្ស៊ីទៅកាន់ដែនដីអឺរ៉ុប។ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ពលរដ្ឋរុស្ស៊ីចំនួន ៨ ៥៨៣ នាក់បានឆ្លងព្រំដែនភាគខាងកើតនៃប្រទេសហ្វាំងឡង់ពីប្រទេសរុស្ស៊ី។ តួលេខនេះបានធ្លាក់ចុះមកត្រឹម ១ ៧០០ នាក់នៅពេលដែលការរឹតបន្តឹងព្រំដែនបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែកញ្ញា។
កាលពីថ្ងៃសុក្រទី ១៨ ខែវិច្ឆិកា ប្រធានផ្នែកកិច្ចការអន្តរជាតិរបស់កងការពារព្រំដែនហ្វាំងឡង់លោក Matti Pitkani itty បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ជញ្ជាំងរបងដែលបានស្នើឡើងដើរតួសំខាន់លើសពីរបងទៅទៀត។ វាជាហេដ្ឋារចនាសម្ព័ន្ធព្រំដែនថ្មីទាំងស្រុង និងវិធីសាស្រ្តថ្មីក្នុងការឃ្លាំមើល នៅតាមព្រំដែនរបស់ហ្វាំងឡង់៕
វីដេអូ៖